ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា ស្នើយុវជនប្រែក្លាយកំហឹងទៅជាការខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីឈ្នះសត្រូវក្នុងរយៈពេលវែង
ភ្នំពេញ៖ ខណៈប្រទេសកម្ពុជាបានកំពុងជួបបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បាន ស្នើឱ្យយុវជនខ្មែរ ប្រែក្លាយកំហឹង ទៅជាការខិតខំប្រឹងប្រែងរៀនសូត្រ ពង្រឹងសមត្ថភាព ដើម្បីឈ្នះសត្រូវក្នុងរយៈពេលវែង។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិសិ្សតជ័យលាភីសាកលវិទ្យាល័យខេមតិច កាលពីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានសម្តែងការអបអរសាទរដល់ក្មួយៗនិស្សិតជ័យលាភីទាំងអស់ ដែលបានខិតខំសិក្សារហូតបញ្ចប់ដោយជោគជ័យ និងបានមានប្រសាសន៍ថា ថ្ងៃនេះ ក្មួយៗមិនគ្រាន់តែទទួលបានសញ្ញាបត្រប៉ុណ្ណោះទេ ថែមទាំងកំពុងបោះជំហានទៅមុខជាអ្នកដឹកនាំជំនាន់ក្រោយ វិស្វករ អ្នកស្រាវជ្រាវ អ្នកបង្កើតគោលនយោបាយ សហគ្រិន និងអ្នកច្នៃប្រឌិតក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិយើងឱ្យសម្រេចបានស្របតាមចក្ខុវិស័យកម្ពុជា២០៥០។ ឯកឧត្តម បានសង្កត់ធ្ងន់ដោយបំផុសស្មារតីដល់ប្រជាជនគ្រប់រូប ឲ្យបង្កើនឧត្តមគតិស្រឡាញ់ការសិក្សា ដើម្បីជាទុនក្នុងការកែប្រែជោគវាសនារបស់ខ្លួនឯងផ្ទាល់ និងប្រទេសជាតិឱ្យកាន់តែល្អប្រសើរពីមួយជំនាន់ទៅមួយជំនាន់ទៀត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាងប្រទេសកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត។

លោកស្រីវេជ្ជបណ្ឌិត លឹម លីណា តំណាងប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យខេមតិច បានមានប្រសាសន៍ ចំណេះដឹង គឺជាការស្ពានចម្លងដ៏ល្អសម្រាប់អនាគត ថ្ងៃនេះជាសមិទ្ធផលមួយដែលទទួលបានពីការបណ្តុះបណ្តាលចេញពីសាកលវិទ្យាល័យខេមតិច និងស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដោយដាក់ការអប់រំ និងការអភិវឌ្ឍធនធានមនុស្សជាចំណុចកណ្តាលនៃការអភិវឌ្ឍប្រកបដោយចីរភាព។
លោកស្រីវេជ្ជបណ្ឌិត បានបន្តថា ដោយមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយ ក្រសួងអប់រំ យុវជន និងកីឡា ខេមតិច បានបង្កើតដោយជោគជ័យនូវមន្ទីរពិសោធន៍បញ្ញាសិប្បនិមិត្តសម្រាប់ការអប់រំ (AILab4Education) សម្រាប់ការពង្រឹងសមត្ថភាពក្នុងវិស័យអប់រំ ស្រាវជ្រាវ និងអនុវត្តជាក់ស្តែងលើផ្នែកបច្ចេកវិទ្យា AI។ លោកស្រី បានលើកទឹកចិត្តនិសិ្សតជ័យលាភីទាំងអស់ យកបាវចនានៃសាកលវិទ្យាល័យ ដែលមានដូចជា“ចំណេះដឹង ការត្រិះរិះពិចារណា ចរិតលក្ខណៈ” ជាគុណតម្លៃស្នូល គឺប្រកបការងារដោយសុចរិតភាព ឧត្តមភាព នវានុវត្តន៍ ជាមួយនិងការប្រើប្រាស់ជំនាញឲ្យបានល្អ ដើម្បីបម្រើសង្គម និងរួមចំណែកដល់អភិវឌ្ឍកម្ពុជានាពេលអនាគត។

លោក សុខ សំណាង ជានិស្សិតទើបបញ្ចប់ការសិក្សាជំនាញផ្នែកវិទ្យាសាស្រ្តទិន្នន័យ និងវិស្វកម្មបញ្ញាសិប្បនិម្មិត បានឱ្យដឹងថា គ្រួសាររបស់លោកតែងតែឲ្យតម្លៃខ្ពស់ទៅលើការអប់រំ ជាពិសេសជាមួយនឹងស្ថានភាពតានតឹងនៅតាមព្រំដែនដែលឃើញសព្វថ្ងៃនេះ គឺបានរំឭកឱ្យដឹងថា ការអប់រំ គឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន – ជាអ្វីដែលមិនអាចដកហូតបាន។ លោកបញ្ជាក់ថា ខេមតិច មិនមែនគ្រាន់តែជាសាកលវិទ្យាល័យសម្រាប់តែការសិក្សាប៉ុណ្ណោះទេ គឺមានអារម្មណ៍ថាដូចជានៅផ្ទះ ហើយខេមតិចបានបង្ហាញនូវឱកាសជាច្រើនលើសពីអ្វីដែលលោកធ្លាប់បានស្រម៉ៃ ដូចជាការផ្លាស់ប្តូរនិស្សិតក្រៅប្រទេស ជាពិសេសការចុះកម្មសិក្សានៅប្រទេសហូឡង់ក្នុងឆ្នាំទី៤៕ អត្ថបទ៖ ឈិត បូរ៉ាវី




-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន6 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន5 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន7 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា7 days agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន7 days agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ