ព័ត៌មាន
ក្រសួងអប់រំ ពង្រឹងកិច្ចសហប្រតិបត្តិការ វិទ្យាស្ថានជាតិអប់រំពិសេស ជាមួយសាកលវិទ្យាល័យហ៊ីរ៉ូស៊ីម៉ា
ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំគណៈប្រតិភូជាថ្នាក់ដឹកនាំវិទ្យាស្ថានជាតិអប់រំពិសេស ទៅបំពេញទស្សនកិច្ចនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ក្នុងគោលបំណងចុះហត្ថលេខាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបរិយាបន្នរវាង វិទ្យាស្ថានជាតិអប់រំពិសេសជាមួយ សាកលវិទ្យាល័យហ៊ីរ៉ូស៊ីម៉ា ការចូលរួមសិក្ខាសាលាអន្តរជាតិលើកទី៩ ស្តីពី ការអប់រំជនមានតម្រូវការពិសេស និងកម្មវិធីទស្សនកិច្ចការងារមួយចំនួនទៀត។
នៅថ្ងៃទី១៩ ខែធ្នូ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងអប់រំ យុវជន និងកីឡា ជាមួយសាកលវិទ្យាល័យហ៊ីរ៉ូស៊ីម៉ា បានរៀបចំធ្វើឡើងជាផ្លូវការណ៍ ដែលមាន ឯកឧត្តម សេរី ជំនះ តំណាងឱ្យក្រសួងអប់រំ យុវជន និងកីឡា និងភាគីជប៉ុនតំណាងដោយ លោកបណ្ឌិត Mitsuo Ochi ប្រធានសាកលវិទ្យាល័យហ៊ីរ៉ូស៊ីម៉ា។ អនុស្សរណៈនេះ ផ្តោតលើការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ការជួយពង្រឹងសមត្ថភាពគ្រូឧទ្ទេសនៃវិទ្យាស្ថានជាតិអប់រំពិសេស ការបង្កើនសមត្ថភាពមន្រ្តីលើជំនាញសិក្សាស្រាវជ្រាវ ការកសាងបណ្តាញបណ្ណាល័យ ការប្រឹក្សាយោបល់ និងសេវាកម្មការងារសម្រាប់ជនមានពិការភាព ជាដើម។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ និងគណៈប្រតិភូ បានបន្តបំពេញបេសកកម្មតាមការអញ្ជើញភាគីជប៉ុន ដោយបានចូលរួមសិក្ខាសាលាអន្តរជាតិលើកទី៩ ស្តីពីការអប់រំជនមានតម្រូវការពិសេស ក្រោមប្រធានបទ “កសាងអនាគតនៃបរិយាបន្ន៖ ការអប់រំ ភាពចម្រុះ និងការគាំទ្រពីសហគមន៍ និងវប្បធម៌ចម្រុះ” ដែលបានរៀបចំឡើងដោយសាកលវិទ្យាល័យហ៊ីរ៉ូស៊ីម៉ា និងវិទ្យាស្ថានជាតិសម្រាប់អប់រំជនមានតម្រូវការពិសេស នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ ទីក្រុងហ៊ីរ៉ូស៊ីម៉ា។ សិក្ខាសាលានេះបានប្រមូលផ្តុំអ្នកជំនាញមកពីប្រទេសជប៉ុន ឥណ្ឌូនេស៊ី កម្ពុជា សាធារណៈរដ្ឋកូរ៉េ អូស្ត្រាលី និងសហរដ្ឋអាមេរិក ជាដើម។ ដើម្បីស្វែងយល់ពីការអប់រំបែបរួមបញ្ចូល សុខុមាលភាព ភាពចម្រុះវប្បធម៌ និងប្រព័ន្ធគាំទ្រផ្អែកលើសហគមន៍ពីទស្សនៈអន្តរកម្មនៃការសិក្សា អង្គសិក្ខាសាលាបានលើកឡើងអំពីនិន្នាការ និងបញ្ហាប្រឈមជាសកលនៃបរិយាបន្ន ព្រមទាំងបានណែនាំវិធីសាស្រ្តជាទ្រឹស្តី និងការអនុវត្តជាក់ស្តែងមួយចំនួនចំពោះសុខុមាលភាព និងយុត្តិធម៌សង្គម។
សូមគូសបញ្ជាក់ថា ក្រៅពីពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា និងការចូលរួមសិក្ខាសាលាអន្តរជាតិលើកទី៩ គណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡា បានបន្តបំពេញទស្សនកិច្ចការងារមួយចំនួនទៀតតាមការអញ្ជើញរបស់ភាគីជប៉ុន មានជាអាទិ៍៖
– ទស្សនកិច្ចសិក្សា និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្ម Wakakusa En មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្ម Saijo និងមជ្ឈមណ្ឌល Momiji Welfare ទីក្រុងហ៊ីរ៉ូស៊ីម៉ា ដែលផ្តល់ឱកាសការងារសម្រាប់ជនមានតម្រូវការពិសេស។
– ទស្សនកិច្ចសិក្សា និងពិភាក្សាការងារ ជាមួយលោកស្រីបណ្ឌិត Kawashima Yuko នាយិការងសាកលវិទ្យាល័យហ៊ីរ៉ូស៊ីម៉ា និងលោកស្រីនាយិការបណ្ណាល័យសាកលវិទ្យាល័យហ៊ីរ៉ូស៊ីម៉ា។
– ទស្សនកិច្ចសិក្សាសាលាសម្រាប់សិស្សមានតម្រូវការពិសេស ចាប់ពីកម្រិតបឋមសិក្សាដល់វិទ្យាល័យ និងជួបពិភាក្សាការងារជាមួយតំណាងវិទ្យាស្ថានជាតិសម្រាប់អប់រំជនមានតម្រូវការពិសេស នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ដើម្បីផ្លាស់ប្តូរបទពិសោធន៍ការងារ ចែករំលែកពីឧត្តមានុវត្តន៍ និងពង្រឹងកិច្ចសហប្រតិបត្តិការការងារជាមួយវិទ្យាស្ថានជាតិអប់រំពិសេស។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានជួបសំណេះសំណាលជាមួយសមាគមនិស្សិតខ្មែរនៅតំបន់ហ៊ីរ៉ូស៊ីម៉ា (Cambodian Students Association in Hiroshima – CSAH) និងពិសារអាហារសាមគ្គី តាមការអញ្ជើញរបស់សមាគមនិស្សិតខ្មែរ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ប្រធានគណៈប្រតិភូ បានចែករំលែកអំពីសភាពការណ៍វិត្តន៍ថ្មីៗនៅក្នុងប្រទេសពាក់ព័ន្ធវិស័យអប់រំ ការពង្រឹងស្មារតីសាមគ្គីភាពនៃប្រជាជាតិខ្មែរគ្រប់ពេលវេលានិងគ្រប់កាលៈទេសៈ ជាពិសេសស្មារតីជនរួមជាតិខ្មែរ នៅជាមួយថ្នាក់ដឹកនាំ និងវីរយុទ្ធជនដ៏អង់អាចក្លាហាន ដែលកំពុងច្បាំងប្រឆាំងនឹងកងទ័ពសៀមឈ្លានពាន ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដី៕








-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
PR NEWS5 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ