ព័ត៌មាន
ក្រសួងអប់រំ ផ្តល់ជំនួយដល់មន្ទីរអប់រំខេត្តចំនួន៦ រងការប៉ះពាល់ដោយសង្គ្រាមព្រំដែនជាមួយថៃ
នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំប្រតិភូក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី ជាសប្បុរជន ជួបសំណេះសំណាលជាមួយប្រធានមន្ទីរ តំណាងបុគ្គលិកអប់រំ ខេត្តទាំង ៦ ដែលរងការប៉ះពាល់ដោយសង្គ្រាមព្រំដែនជាមួយប្រទេសថៃ ក្នុងនោះរួមមាន ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ សៀមរាប បាត់ដំបង និងខេត្តពោធិ៍សាត់ និងបាននាំយកនូវសម្ភារៈប្រើប្រាស់ សម្ភារៈសិក្សា គ្រឿងឧបភោគបរិភោគ និងការឧបត្ថម្ភនានាដែលទទួលបានពីសប្បុរសជន ប្រគល់ជូនមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដើម្បីបែងចែកបន្តដល់បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ និងសិស្សភៀសសឹកនៅតាមខេត្តរបស់ខ្លួន។ ដោយឡែកសម្រាប់ខេត្តកោះកុង ក្រសួងអប់រំ យុវជន និងកីឡា បានចាត់ចែងក្រុមការងារដើម្បីដឹកជញ្ជូនសម្ភារៈឧបត្ថម្ភទាំងនេះ ទៅប្រគល់ជូនមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុងផងដែរ។
ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបង្ហាញការយកចិត្តទុកដាក់យ៉ាងកក់ក្តៅចំពោះសុខទុក្ខរបស់បងប្អូនភៀសសឹក ព្រមទាំងបានលើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីគ្នាឱ្យរឹងមាំ អង់អាចក្លាហាន ដោយលើកឡើងថារាជរដ្ឋាភិបាលមិនទុកប្រជាពលរដ្ឋម្នាក់ណាចោលឡើយ ហើយនឹងនៅតែប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការសម្រេចឱ្យបាននូវសុខសន្តិភាពបរិបូរណ៌ជូនកម្ពុជា។
ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ជំនួបថ្ងៃនេះគឺសារបង្ហាញពីទឹកចិត្តស្មោះស្ម័គ្រ ស្នេហាជាតិ ឯកភាពជាតិ និងសាមគ្គីភាព រវាងរដ្ឋាភិបាល វិស័យឯកជន និងប្រជាជនមកពីគ្រប់មជ្ឈដ្ឋានទាំងអស់ តាមរយៈការបន្តជួយគាំទ្រឧបត្ថម្ភជាស្បៀងអាហារ សម្ភារៈឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងសម្ភាសិក្សាដល់បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ និងសិស្សភៀសសឹក និងសូមបន្តរក្សាស្មារតីរួបរួមគ្នាជាធ្លុងមួយឱ្យរឹងមាំ ប្រឹងប្រែងតស៊ូជម្នះហែលឆ្លងគ្រាដ៏លំបាកនេះជាមួយគ្នា។ ការចូលរួមឧបត្ថម្ភរបស់សប្បុរសជនទាំងអស់ មិនត្រឹមសបញ្ជាក់ពីទឹកចិត្តប៉ុណ្ណោះទេ ថែមទាំងគឺជាកម្លាំងចិត្តដ៏សំខាន់ ជំរុញឱ្យបងប្អូនប្រជាពលរដ្ឋភៀសសឹកទាំងអស់បន្តខិតខំប្រឹងប្រែងបំពេញភារកិច្ចអប់រំ ចំណែកសិស្សានុសិស្សភៀសសឹកក៏នៅតែបន្តខិតខំយកចិត្តទុកដាក់រៀនសូត្រ ពង្រឹងសមត្ថភាព ដើម្បីក្លាយជាកម្លាំងចលករចូលរួមចំណែកក្នុងការអភិវឌ្ឍជាតិនាពេលអនាគត។
សង្គ្រាមពិតជាធ្វើឱ្យប៉ះពាល់ដល់ការអប់រំ ហើយបើយើងមិនគិតគូរដល់ការអប់រំនោះ សង្គ្រាមនេះនឹងបន្តប៉ះពាល់ដល់អនាគតរបស់ប្រទេសជាតិយើងថែមទៀត ព្រោះធនធានមនុស្សគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍជាតិ។ ដូច្នេះ ទោះក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ ក្រសួងអប់រំ យុវជន និងកីឡា ប្ដេជ្ញាចិត្តធានាបន្តផ្ដល់នូវការអប់រំប្រកបដោយគុណភាព តាមរយៈការធ្វើកំណែទម្រង់វិស័យអប់រំឱ្យកាន់តែរឹងមាំ បន្តកំណែទម្រង់សាលារៀន និងបន្តយកចិត្តទុកដាក់សម្របខ្លួនទៅនឹងកាលៈទេសៈថ្មីនេះ ខណៈកម្ពុជាកំពុងតែមានវិបត្តិសង្គ្រាមនៅព្រំដែនជាមួយប្រទេសថៃ។ ជាការឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ទី១) សម្រាប់សិស្សភៀសសឹកមកស្នាក់នៅក្នុងខេត្តសៀមរាប ត្រូវបានរៀបចំឱ្យចូលរៀនវេនថ្ងៃ ២) សម្រាប់សិស្សដែលនៅតាមជំរំភៀសសឹកផ្សេងទៀត ត្រូវបានរៀបចំឱ្យចូលរៀននៅតង់ថ្នាក់រៀនបណ្ដោះអាសន្ន, រៀបចំការរៀននិងបង្រៀននៅតាមបណ្ដុំតូចៗ ដូចជា នៅតាមផ្ទះឬ ទីតាំងសុវត្ថិភាព និង ធ្វើស្វ័យសិក្សា ដោយក្រសួងបាននិងកំពុងបន្តផ្តល់ជូននូវសៀវភៅគោល និងសៀវភៅជំនួយការសិក្សានានា ដល់សិស្សភៀសសឹក និងលោកគ្រូអ្នកគ្រូនៅតាមជំរំភៀសសឹក។
ជាថ្មីម្តងទៀត តាងក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមបង្ហាញនូវការដឹងគុណយ៉ាងជ្រាលជ្រៅ និងស្មោះស្ម័គ្រជាទីបំផុតចំពោះវីរកងទ័ពកម្ពុជាដែលកំពុងតស៊ូការពារបូរណភាពទឹកដីនៅឯនាយព្រំដែន និងបង្ហាញនូវការគាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននិងកំពុងខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តទប់ទល់នឹងការឈ្លានពានរបស់ប្រទេសថៃផង និងចរចាស្វែងរកសន្តិភាពផង៕












-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
PR NEWS5 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ