ព័ត៌មាន
ដំរីញីចំនួន១ក្បាល និងកូនទើបកើតចំនួន ១ក្បាល ស្លាប់ដោយសារអំបែងគ្រាប់ផ្ទុះរបស់ចោរឈ្លានពានសៀម នៅចំណុចអូរស្កាច ក្នុងដែនជម្រកសត្វព្រៃ«ព្រះរការ-ឆែប» ខេត្តព្រះវិហារ
នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ មន្ត្រីឧទ្យានុរក្សនិងសហគមន៍មូលដ្ឋាន បានរាយការណ៍ថាបានប្រទេះឃើញសត្វដំរីញី និងកូនដំរីស្លាប់ នៅចំណុចទីតាំងខាងលើ។ តាមការពិនិត្យបឋម សត្វដំរីញី១ក្បាល មានទំងន់ប្រមាណ៥០០គីឡូក្រាម និងកូនទើបកើត មានទំងន់ប្រមាន៨០គីឡូក្រាម បានស្លាប់ក្នុងទឹកអូរ ដោយដំរីញីមានស្នាមមុត បណ្តាលមកពីគ្រាប់ ឬអំបែងគ្រាប់ផ្ទុះរបស់ថៃ និងបានរលូតកូន ស្លាប់ទាំងម្តាយទាំងកូនដំរីផងដែរ។ មន្រ្តីជំនាញបរិស្ថាន បន្តធ្វើការសិក្សាស្រាវជ្រាវ និងចាត់វិធានការបន្តទៀត ចំពោះសពដំរី។

កន្លងមកប្រជាពលរដ្ឋអ្នកដងជ័របានរាយការណ៍ថា ឃើញស្នាមដានជើងដំរី មានរបួស ស្នាមឈាមស្រក់ ជាប់នៅលើដី និងស្មៅនៅចំណុចខាងលើ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ លោកប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បានចាត់មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃព្រះរការ-ឆែប សហការជាមួយមន្ត្រីផ្នែកស្រាវជ្រាវសត្វព្រៃ របស់អង្គការ WCS បានចុះធ្វើការស្រាវជ្រាវជាបន្តបន្ទាប់ តែដោយស្ថានភាពព្រៃធំ និងកៀកនិងសមរភូមិប្រយុទ្ធនៃការឈ្លានពានពីកងទ័ពថៃផងនោះ ក្រុមការងារពុំអាចរកឃើញ និងជួយសង្រ្គោះដំរីទាន់ពេលវេលា។ រហូតដល់ថ្ងៃ២២ ខែធ្នូ ឆ្នាំ២០២៥ បានប្រទះឃើញដំរីទាំងពីរ បានស្លាប់បាត់ទៅហើយ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅក្នុងឱកាសការអញ្ជើញធ្វើបឋកថានៅរាជបណ្ឌិតសភាកម្ពុជា នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ បានមានប្រសាសន៍ថា សង្រ្គាមឈ្លានពានមកលើអធិបតេយ្យកម្ពុជា បានបំផ្លិចបំផ្លាញមិនត្រឹមតែជីវិតមនុស្ស ទ្រព្យសម្បត្តិ វាបានបំផ្លិចបំផ្លាញធនធានធម្មជាតិ និងជីវៈចម្រុះផងដែរ។ ការឈ្លានពាននិងរំលោភដែនអធិបតេយ្យរបស់កម្ពុជា បានផ្ទុយនឹងច្បាប់អន្តរជាតិ ដែលមានចែងហាមឃាត់ មិនឱ្យវាយប្រហារ ប៉ះពាល់បរិស្ថាន ឬក៏តំបន់ការពារធម្មជាតិនោះទេ។
សូមបញ្ជាក់ថា នៅខេត្តព្រះវិហារកន្លងមកបានរកឃើញមានវត្តមានដំរីប្រមាណ ២០ក្បាល កំពុងរស់នៅ និងចល័តពីជួរភ្នំដងរ៉ែក ជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តនៃដែនជម្រកសត្វព្រៃឆែប-ព្រះរការ ខេត្តព្រះវិហារ ចុះទៅរហូតដល់ព្រំដែនកម្ពុជា-ឡាវ។ ខេត្តព្រះវិហារមានតំបន់ការពារធម្មជាតិ ចំនួន៨ ក្នុងតំបន់ការពារចំនួន៣ ដែលមានភូមិសាស្រ្តជាប់ព្រំដែនកម្ពុជា-ថៃ រួមមានតំបន់ការពារទេសភាពប្រសាទព្រះវិហារ ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព និងដែនជម្រកសត្វព្រៃព្រះរការ-ឆែប កំពុងរងការបំផ្លិចបំផ្លាញធនធានធម្មជាតិ ជីវៈចម្រុះ ដែលក្នុងនោះសត្វព្រៃជាច្រើន ដែលងាយនឹងបាត់បង់ពីធម្មជាតិ ដោយសារការឈ្លានពានពីប្រទេសថៃ។


តាមការស្រាវជ្រាវ ដំរីអាស៊ីនៅក្នុងប្រទេសកម្ពុជា រស់នៅនៅតំបន់មួយចំនួនដូចជាភូមិភាគឥសាន និរតី និងភូមិភាគខាងជើង។ ក្នុងរយៈ១០ឆ្នាំចុងក្រោយនេះមិនមានការកត់ត្រាពីដំរីងាប់នៅក្នុងតំបន់ភូមិភាគខាងជើងនោះទេ។ តាមការសិក្សាថ្មីៗបង្ហាញថា ដំរីនៅប្រទេសកម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់ ច្រើនជាង៦០០ក្បាលកំពុងរស់នៅតាមតំបន់ការពារធម្មជាតិនៅកម្ពុជា។ ដំរីអាស៊ីត្រូវបានចុះក្នុងបញ្ជីក្រហមនៃអង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN Red Listed) ជាប្រភេទជិតផុតពូជ និងត្រូវបានចាត់ថ្នាក់នៅក្នុងឧបស្ព័ន្ធ I នៃអនុសញ្ញាសាយតេស (CITES Appendix I)៕
-
ព័ត៌មាន3 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន5 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន5 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន2 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន5 days ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន2 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន5 days agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន4 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត