ព័ត៌មាន
គ្រាប់បែកចង្កោម បន្តនៅមានរាយប៉ាយដោយសារការបាញ់ផ្លោងរបស់ភាគីថៃ
ក្រោយបទឈប់បាញ់ចូលជាធរមាន ក្រុមការងារជំនាញនៃអង្គភាពស៊ីម៉ាក់ បានចុះបំពេញការងារយ៉ាងសកម្មដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ ខណៈគ្រាប់បែកចង្កោម បន្តនៅមានរាយប៉ាយពេញផ្ទៃដី និងភូមិឋានស៊ីវិលរបស់ពលរដ្ឋដោយសារការបាញ់ផ្លោងរបស់ភាគីថៃ។ ការងាររបស់អង្គភាពស៊ីម៉ាក់ពេលនេះ មានទាំងការចុះអប់រំប្រជាពលរដ្ឋ ក៏ដូចជាការចុះរុករក និងការកម្ទេចគ្រាប់មិនទាន់ផ្ទុះទាំងនោះ។
មន្ត្រីជំនាញក្រុមការងារស៊ីម៉ាក់ កំពុងចុះបំពេញការងារយ៉ាងសកម្មក្នុងការអប់រំ រុករក និងកម្ទេចគ្រាប់មីន គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងឡាយដែលបន្សល់ទុកដោយការបាញ់ផ្លោងរបស់ភាគីថៃ។ ក្រុមការងារ បានបែងចែកការទទួលខុសត្រូវ ចុះអនុវត្តការងារ ទៅតាមទីតាំងខេត្ត តំបន់រៀងៗខ្លួនភ្លាមៗ ក្នុងគោលដៅរួមមួយគឺធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ។ លោកឧត្តមសេនីយ៍ត្រី នេត រដ្ឋា ប្រធានកងឯកភាពកម្ចាត់មីនទី១ ប្រចាំខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ លើកឡើងថា ខេត្តទាំងពីរសុទ្ធតែរងផលប៉ះពាល់ជាច្រើនភូមិ។ ជាក់ស្ដែងក្រុមការងារបានបែងចែក ទៅខេត្តឧត្តរមានជ័យចំនួន ១២ក្រុម រីខេ្តតបន្ទាយមានជ័យ១១ក្រុម។ គិតត្រឹមថ្ងៃទី ១៩ ខែមករាកន្លងទៅនេះ ក្រុមការងារបានចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋជាច្រើនលើក បានរុករកឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើន និងបានយកគ្រាប់ទាំងនោះបានមួយចំនួនដែរទៅតាមជំនាញដើម្បីសុវត្ថិភាព។
ក្នុងចំណោមគ្រប់ផ្លោងជាច្រើនប្រភេទ ក៏មានប្រភេទគ្រាប់បែកចង្កោម ត្រូវបានរកឃើញនៅតាមផ្ទះប្រជាពលរដ្ឋផងដែរ។ លោក ឡុង ផាវុទ្ធីយ៉ា ប្រធានផ្នែកកម្ទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ កងឯកភាពទី១ ក៏បានពន្យល់លម្អិតពីគ្រាប់បែកចង្កោម នៅទីតាំងផ្ទាល់ផងដែរ។ លោកថា គ្រាប់បែកចង្កោមនេះមកជាមួយគ្រាប់មេ។ គ្រាប់មេមួយគ្រាប់ មានគ្រាប់បែកចង្កោមតូចៗចំនួនជាង ៦០គ្រាប់ ដែលនឹងរាយប៉ាយក្នុងបរិវេណ ២០០ម៉ែត្របួនជ្រុង។
សម្រាប់ពលរដ្ឋ រស់នៅស្រុកអូរជ្រៅ ដែលផ្ទះរបស់ពួកគាត់រងការបំផ្លិចបំផ្លាញដោយសារគ្រាប់បែកចង្កោម និងនៅបន្សល់ទុកគ្រាប់បែកចង្កោមដែលមិនទាន់ផ្ទុះ បង្ហាញការសោកស្ដាយជាខ្លាំងដែលផ្ទះរងការខូចខាតបែបនេះ។ ពួកគាត់ត្រឡប់មកពីភៀសសឹកវិញ បានឃើញផ្ទះមានការខូចខាត និងរណ្ដៅគ្រាប់បែកចង្កោមជាច្រើន និងនៅសល់មានគ្រាប់មិនទាន់ផ្ទុះ ក្រោយមកក្រុមការងារស៊ីម៉ាក់ក៏បានចុះមកពិនិត្យភ្លាមៗដែរ។
ក្រុមការងារស៊ីម៉ាក់ បានបំពេញការងារគ្រប់ទីតាំងរងផលប៉ះពាល់ ចាប់ពីបទឈប់បាញ់ចូលធរមាន។ ការបំពេញការងារ ដើម្បីធានាជូនសុវត្ថិភាពសម្រាប់ការវិលទៅរស់នៅភូមិឋានវិញ សុវត្ថិភាពសម្រាប់ការបំពេញការងារ សុវត្ថិភាពសម្រាប់ការចូលរៀនរបស់សិស្សវិញ៕ អត្ថបទ៖ គឹម ហុក




-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន4 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង