ព័ត៌មាន
គ.ស.ម.ក. បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពយោធាថៃកម្ទេចផ្ទះសំបែងពលរដ្ឋកម្ពុជា និងកាន់កាប់ដោយខុសច្បាប់ ទៅកាន់មន្រ្តី UN ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR)
ភ្នំពេញ៖ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពយោធាថៃកម្ទេចផ្ទះសំបែងពលរដ្ឋកម្ពុជា និងកាន់កាប់ដោយខុសច្បាប់ ទៅកាន់មន្រ្តី មន្រ្តីទទួលបន្ទុកការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) និងសហការី។

ឯកឧត្តម កែវ រ៉េមី បានបង្ហាញទង្វើឈ្លានពានរបស់ថៃបែបនេះ ក្នុងឱកាស ទទួលជួប និងពិភាក្សាការងារជាមួយ លោក Benjamin Moreau មន្រ្តីទទួលបន្ទុកការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) និងសហការី នៅសាលប្រជុំ គ.ស.ម.ក នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦។
កិច្ចជំនួបនេះ មានគោលបំណងបង្ហាញពីសមិទ្ធផលការងារលើវិស័យសិទ្ធិមនុស្ស ដែលសម្រេចបានពីកិច្ចសហប្រតិបត្តិការរវាង គ.ស.ម.ក. និង OHCHR នៅក្នុងឆ្នាំ២០២៥ ព្រមទាំងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរសម្រាប់ឆ្នាំ២០២៦។
ឆ្លៀតក្នុងឱកាសនេះ មុនពេលចាប់ផ្តើមការពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ គ.ស.ម.ក. បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពរបស់យោធាថៃ ដែលបានកម្ទេចផ្ទះសម្បែងរបស់ប្រជាជនកម្ពុជានៅតំបន់ដែលខ្លួនឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់ ដោយបានយកទូកុងតឺន័រ និងបន្លាលួសមកដាក់រារាំងប្រជាជនកម្ពុជាមិនអាចត្រឡប់ទៅកាន់លំនៅឋាន និងសហគមន៍ដើមរបស់ពួកគេវិញ។

គ.ស.ម.ក. បានស្នើ OHCHR ជួយពិនិត្យ និងតាមដានស្ថានភាពនេះ ដោយប្រើយន្តការសិទ្ធិមនុស្សអន្តរជាតិ ធ្វើការចូលរួមជាមួយភាគីពាក់ព័ន្ធ និងអំពាវនាវឱ្យមានការគោរពតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ ដើម្បីធានាថាប្រជាពលរដ្ឋខ្មែរអាចអនុវត្តសិទ្ធិត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ សកម្មភាពទាំងនេះត្រូវបានចាត់ទុកថាជាការរំលោភសិទ្ធិមនុស្សមូលដ្ឋាន រួមមានសិទ្ធិធ្វើដំណើរដោយសេរី សិទ្ធិមានលំនៅដ្ឋានសមរម្យ សិទ្ធិកាន់កាប់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងសិទ្ធិទទួលបានសុវត្ថិភាពនិងការការពារ ជាដើម។

ជាកិច្ចបន្ត ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងនូវការសាទរចំពោះសមិទ្ធផល ដែលសម្រេចបានពីកិច្ចសហប្រតិបត្តិការក្នុងឆ្នាំកន្លងមក ជាពិសេស ពាក់ព័ន្ធនឹងការផ្សព្វផ្សាយបញ្រ្ជាបការយល់ដឹងអំពីបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ អនុសាសន៍និងរបាយការណ៍សិទ្ធិមនុស្ស ព្រមទាំងកម្មវិធីបណ្ដុះបណ្ដាលកសាងមត្ថភាពមន្រ្តីរាជការ និងមេធាវីស្ម័គ្រចិត្តរបស់ គ.ស.ម.ក. ជាដើម។ ទន្ទឹមនេះ លោក Benjamin Moreau ក៏បានសម្តែងនូវការពេញចិត្តចំពោះការផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អរបស់ គ.ស.ម.ក. ជាមួយនឹង OHCHR។

បន្ថែមលើនេះ សម្រាប់ឆ្នាំ២០២៦ ភាគីទាំងពីរនឹងសហការលើវិស័យអទិភាពចំនួន៥ រួមមាន៖ (១) ការអនុវត្តអនុសាសន៍នៃរបាយការណ៍ពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) (២) ការបង្កើនការយល់ដឹងអំពីស្ថាប័នជាតិសិទ្ធិមនុស្ស (NHRI) (៣) ការបន្តផ្តល់សម្ភារៈនិងឯកសារពាក់ព័ន្ធនឹងសិទ្ធិមនុស្ស (៤) ការកសាងសមត្ថភាពមន្រ្តីរាជការ និង (៥) ការបន្តកិច្ចពិភាក្សាលើករណីផ្សេងៗពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។
ជាចុងក្រោយ ភាគីទាំងពីបានសម្តែងនូវក្តីរំពឹងយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការនាពេលខាងមុខនឹងកាន់តែរឹងមាំ ដែលនឹងនាំមកនូវការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាកាន់តែល្អប្រសើរឡើង៕

-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន4 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង