ព័ត៌មាន
កម្ពុជា-អាល្លឺម៉ង់ ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការបញ្ជូនកម្មសិក្សាការី
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសមជាមួយលោក Christoph Weigelmeier ភារធារីស្តីទីនៃស្ថានទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា និងលោកបណ្ឌិត Christoph Hoffmann អតីតសមាជិកសភាអាល្លឺម៉ង់ នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នេះ នៅទីស្តីការក្រសួង ដើម្បីពិភាក្សាស្វែងរកឱកាសបង្កើតគំនិតផ្តួចផ្តើមដែលគាំទ្រដល់ការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ដែលរួមមានទាំងសិក្ខាកាម ដែលអាចមានឱកាសទៅធ្វើកម្មសិក្សា និងកម្មសិក្សាឆ្លាស់នៅអាល្លឺម៉ង់។

ជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្តៅ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក Weigelmeier និងលោកបណ្ឌិត Hoffmann ដែលបានបង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការអភិវឌ្ឍជំនាញកម្លាំងពលកម្ម។ ឯកឧត្តមបានរំឮកផងដែរពីប្រវត្តិដ៏យូរអង្វែង និងសមិទ្ធផលនានារបស់អាល្លឺម៉ង់ ដែលបានជួយជ្រោមជ្រែងដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជានាពេលកន្លងមក។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) គឺជាសសរស្តម្ភដ៏សំខាន់នៃយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រែក្លាយកម្លាំងពលកម្មឱ្យមានជំនាញខ្ពស់ តាមរយៈការធ្វើទំនើបកម្មជំនាញ និងការបណ្តុះបណ្តាលជំនាញថ្មីឱ្យស្របតាមការវិវត្តនៃឧស្សាហកម្ម។ ឯកឧត្តមបានរំឮកពីដំណើរទស្សនកិច្ចរបស់ឯកឧត្តមនៅសាលាវិជ្ជាជីវៈអាល្លឺម៉ង់ ក្នុងទីក្រុង Frankfurt នាពេលកន្លងមក ដោយគូសបញ្ជាក់ថា អ្វីដែលពិតជាគួរឱ្យចាប់អារម្មណ៍ជាខ្លាំងនោះ គឺប្រព័ន្ធសិក្សាមុខងារពីររបស់អាល្លឺម៉ង់ ដែលសមស្របសម្រាប់កម្ពុជា។

ចំណែកភាគីអាល្លឺម៉ង់បានលើកឡើងពីគំនិតផ្តួចផ្តើម បង្កើតកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ និងការបញ្ជូនកម្មសិក្សាការី ដោយបានសង្កត់ធ្ងន់ថា យន្តការនេះត្រូវផ្អែកលើគោលការណ៍ «ឈ្នះ-ឈ្នះ» ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ទាំងសម្រាប់ប្រទេសបញ្ជូន និងប្រទេសទទួល។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីបានចាត់ទុកគំនិតផ្តួចផ្តើមនេះថាជា «ដំណឹងដ៏ល្អ និងចំពេលជាក់ស្តែងបំផុត»។ ឯកឧត្តមបានបញ្ជាក់ពីជំហរត្រៀមខ្លួនរួចជាស្រេចរបស់ក្រសួង ក្នុងការសហការជាមួយសាលាវិជ្ជាជីវៈអាល្លឺម៉ង់ ដើម្បីជ្រើសរើសគ្រឹះស្ថានសិក្សាសមស្របនៅកម្ពុជា ក្នុងគោលដៅបង្កើតភាពជាដៃគូ និងគាំទ្រដល់ដំណើរការជ្រើសរើសសិក្ខាកាមឱ្យមានតម្លាភាព។
ជាកិច្ចបញ្ចប់ ភាគីអាល្លឺម៉ង់បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្ត្រី និងបានបង្ហាញនូវឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងឱ្យកាន់តែស៊ីជម្រៅ ដើម្បីនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជាតិទាំងពីរ៕




-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន4 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង