ព័ត៌មាន
កីឡា ២ប្រភេទមកដល់មាតុភូមិវិញ អមមមេដាយប្រាក់ ១ ក្រោយចប់ភារកិច្ចក្នុងកីឡាលើឆ្នេរខ្សាច់អាស៊ី នៅចិន
ប្រតិភូ និងអត្តពលិកកីឡាទ្រីយ៉ាត្លុង និងកីឡាជឺជីតស៊ូ បានត្រឡប់មកដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ភារកិច្ចរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាលើឆ្នេរខ្សាច់អាស៊ី លើកទី៦ នៅទីក្រុង Sanya ប្រទេសចិន កាលពីថ្មីៗ ដោយនាំមកនូវមេដាយប្រាក់ ១គ្រឿងជូនជាតិមាតុភូមិ ដោយកីឡាការិនីទ្រីយ៉ាត្លុង ម៉ាហ្គត មរកត ហ្គារ៉ាប៊ីឌៀន។

ដំណើរវិលត្រឡប់របស់ប្រតិភូកីឡាកម្ពុជាទាំង ២ប្រភេទ ដឹកនាំដោយឯកឧត្តម ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា ដែលជាអនុប្រធានប្រតិភូ និងមានការទទួលស្វាគមន៍ពីមន្ដ្រីនៃក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងថ្នាក់ដឹកនាំសហព័ន្ធជាតិពាក់ព័ន្ធផងដែរ កាលពីល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្ដរជាតិតេជោ។
ឆ្លៀតឱកាសនោះ លោក ងិន សុបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានបង្ហាញមោទនភាព ក្នុងនាមសហព័ន្ធ សម្រាប់ការដណ្ដើមបានមេដាយប្រាក់ ១គ្រឿងជូនជាតិ ដោយកីឡាការិនីខ្មែរ-បារាំង ម៉ាហ្គត មរកត ហ្គារ៉ាប៊ីឌៀន ។ នេះជាលើកដំបូង ដែលកីឡាទ្រីយ៉ាត្លុងបានចូលរួមព្រឹត្តិការណ៍កម្រិតទ្វីបនេះ ហើយក៏ជាផលល្អសម្រាប់ការត្រៀមលក្ខណៈចូលរួមប្រកួតកីឡាអាស៊ី នៅប្រទេសជប៉ុន នាខែតុលាខាងមុខផងដែរ។

ដោយឡែកឯកឧត្តម ថោង បញ្ញាធន ប្រធានសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានសម្ដែងការសោកស្ដាយ សម្រាប់បេសកកម្មលើកដំបូង នៃការចូលរួមប្រកួតកីឡាលើឆ្នេរខ្សាច់អាស៊ីនេះ ពុំទទួលបានមេដាយជូនជាតិ តែយ៉ាងណាកម្រិតបច្ចេកទេសកីឡាករ-កីឡាការិនីកម្ពុជា មានការកើនឡើងគួរឲ្យកត់សម្គាល់ ដ្បិតមានឈ្នះ មានចាញ់ ហើយក៏បានជួបម្ចាស់មេដាយកម្រិតពិភពលោក។ ឯកឧត្តមរំពឹងអត្តពលិករបស់ខ្លួន នឹងយកបទពិសោធន៍ទាំងអស់នេះ មកដុសខាត និងពង្រឹងសមត្ថភាពបន្ថែមទៀត សម្រាប់ត្រៀមការប្រកួតអន្ដរជាតិជាបន្ដបន្ទាប់ ពិសេសការចូលរួមប្រកួតលើកក្រោយៗ ដើម្បីប្រជែងមេដាយជូនជាតិ។
សូមរំឮកថា កម្ពុជាបានបញ្ជូនអត្តពលិក ៤ប្រភេទកីឡាប៉ុណ្ណោះ ចូលរួមព្រឹត្តិការណ៍កីឡាលើឆ្នេរខ្សាច់អាស៊ី លើកទី៦ នៅទីក្រុង Sanya ប្រទេសចិន ដែលប្រព្រឹត្តទៅពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ក្នុងនោះកីឡា ៣ប្រភេទបានបញ្ចប់ការប្រកួតរបស់ខ្លួន ហើយមាន ២ប្រភេទបានត្រឡប់មកដល់មាតុភូមិវិញហើយ រួមមានកីឡាជឺជីតស៊ូ និងកីឡាទ្រីយ៉ាងត្លុង ។ រីឯកីឡាបាល់ទាត់លើតុ បានបញ្ចប់ការប្រកួត តែនៅរង់ចាំទទួលមេដាយសំរឹទ្ធ ដែលខ្លួនទទួលបានលើវិញ្ញាសានារី ២នាក់ ទល់ ២នាក់។ ចំណែកកីឡាចំបាប់ គ្រោងនឹងធ្វើការប្រកួតនៅថ្ងៃទី២៨-២៩ ខែមេសានេះ៕ អត្ថបទ លី ឈុនឡា

-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប