ព័ត៌មាន
គ្រឹះស្ថានអប់រំបន្តអនុវត្តវិធានការតឹងរ៉ឹង ហាមប្រាមសិស្សមិនឱ្យជក់បារីអេឡិចត្រូនិកក្នុង និងជុំវិញបរិវេណសាលារៀន
តាមបណ្ដាសាលារៀន បានបន្តអនុវត្តវិធានការតឹងរឹង លើការគ្រប់គ្រងសិស្ស ហាមប្រាមមិនឱ្យជក់បារីអេឡិចត្រូនិច នៅក្នុងនិងជុំវិញបរិវេណសាលា។ វិធានការមានទាំងការណែនាំ ការឆែកឆេរត្រួតពិនិត្យជាក់ស្ដែង និងការធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តិខុសក្នុងករណីរកឃើញថាបានប្រើប្រាស់។

ក្រសួងអប់រំ កាលពិម្សិលម៉ិញនេះបានបញ្ជាក់ជាថ្មី ឱ្យគ្រប់គ្រឹះស្ថានសិក្សាចាត់វិធានការតឹងរឹង លើការហាមប្រាមសិស្សមិនឱ្យជក់បារីអេឡិចត្រូនិក ផលិតផល HTPs ទាំងក្នុង និងជុំវិញបរិវេណសាលារៀន។ ភ្ជាប់ជាមួយការក្រើនរម្លឹកជាថ្មីនេះ តាមបណ្ដាសាលារៀន ក៏បានបន្តអនុវត្តវិធានការតឹងរ៉ឹងលើការហាមប្រាមសិស្សមិនឱ្យប្រព្រឹត្តិខុស លួចលាក់ជក់បារីអេឡោចត្រូនិក ឬផលិតផល HTPs នោះទេ។ ការអនុវត្តនេះ សាលារៀននីមួយៗអាចមានវិធីសាស្ត្រផ្សេងៗគ្នា លើការគ្រប់គ្រង។

សម្រាប់វិទ្យាល័យ ជាស៊ីមសាមគ្គី ក្រោមការគ្រប់គ្រងរបស់ លោកគ្រូ ផាន់ ណិល ជានាយកសាលាបានដាក់ចេញជាវិធានការ ដោយមានទាំងការអប់រំណែនាំពីផលប៉ះពាល់ ការត្រួតពិនិត្យសិស្សជាក់ស្ដែង នៅពេលពួកគេចូលមកដល់បរិវេណសាលា និងការធ្វើកិច្ចសន្យាជាចាំបាច់ដោយមានការចូលរួមពីអាណាព្យាបាលករណីរកឃើញថា សិស្សបានប្រព្រឹត្តិខុសលួចជក់បារីអេឡិចត្រូនិក។
ទន្ទឹមនឹងការចាត់វិធានការទាំងនេះ លោកជាគណៈគ្រប់គ្រងសាលា ក៏ស្នើសុំឱ្យអាណាព្យាបាលគ្រប់រូបចូលរួមជាចាំបាច់ក្នុងការតាមដាន ត្រួតពិនិត្យកូនផងដែរ។ លោក លើកឡើងថា កិច្ចការនេះ ត្រូវធ្វើរួមគ្នា ដោយសាលាអាចគ្រប់គ្រងនៅពេលសិស្សមកដល់សាលារៀន ហើយអាណាព្យាបាលត្រូវចូលរួមគ្រប់គ្រងនៅពេលកូនៗនៅផ្ទះ។
ក្រសួងអប់រំ ណែនាំដល់ ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ប្រធានការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ នាយកគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន គ្រប់កម្រិត នាយកគ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន អ្នកគ្រប់គ្រងអន្តេវាសិកដ្ឋាន មជ្ឈមណ្ឌលសិក្សាសហគមន៍ ទីកន្លែងហាត់ប្រាណ ទីកន្លែងលេងកីឡា ទីកន្លែងហ្វឹកហាត់កីឡា និងទីកន្លែងប្រកួតកីឡា ត្រូវរៀបចំ និងអនុវត្តកម្មវិធីអប់រំផ្សព្វផ្សាយឱ្យបានទូលំទូលាយ តាមគ្រប់រូបភាព អំពីផលប៉ះពាល់នៃ ការប្រើប្រាស់ បារីអេឡិចត្រូនិក និងផលិតផល អេចន៍ ធី ភី ដល់បុគ្គលិកអប់រំ អ្នកសិក្សា អ្នកលេងកីឡា និងសាធារណជន។ លើសពីនេះ ត្រូវហាមឃាត់ការប្រើប្រាស់ ការចែកចាយ ការជួញដូរ និងការផ្សាយពាណិជ្ជកម្មគ្រប់រូបភាព នៃបារី អេឡិចត្រូនិក និងផលិតផល អេចន៍ ធី ភី ទាំងនៅក្នុង និងជុំវិញបរិវេណគ្រឹះស្ថានសិក្សា អន្តេវាសិកដ្ឋាន មជ្ឈមណ្ឌលសិក្សាសហគមន៍ ទីកន្លែងបំពេញការងារ ទីកន្លែងហាត់ប្រាណ ទីកន្លែងលេងកីឡា ទីកន្លែង ហ្វឹកហាត់កីឡា និងទីកន្លែងប្រកួតកីឡា។ មួយវិញទៀត ត្រូវសហការជាមួយមាតាបិតា ឬអ្នកអាណាព្យាបាល បុគ្គលិកអប់រំ អ្នកសិក្សា និងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីកំណត់មុខសញ្ញា និងទីតាំងចែកចាយ ឬជួញដូរ បារីអេឡិចត្រូនិក និងផលិតផល អេចន៍ ធី ភី ហើយរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច ដើម្បីទប់ស្កាត់បានទាន់ពេលវេលា និងអនុវត្តវិធានការ តាមច្បាប់ជាធរមាន។
ពាក់ព័ន្ធនឹង រឿងបារីអេឡិចត្រូនិកនេះ រាជរដ្ឋាភិបាលកម្ពុជា កាលពីឆ្នាំ ២០២៥ បានដាក់ចេញបទបញ្ជាស្តីពី ការដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិច និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា ក្នុងគោលបំណងទប់ស្កាត់ បង្ការ និងដោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលា ព្រមទាំងរក្សាសណ្តាប់ធ្នាប់សង្គម និងការពារសុខភាពសាធារណៈ ជាពិសេសសុខភាពរបស់អ្នកសិក្សា និងបុគ្គលិកអប់រំ៕ អត្ថបទ៖ គឹមហុក





-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់