ព័ត៌មាន
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានជាង ៧០% បំពេញភារកិច្ចដោយគ្មានការគំរាមកំហែង
ភ្នំពេញ៖ ក្នុងសន្និសីទជាតិក្រោមប្រធានបទ «ការរៀបចំអនាគតប្រកបដោយសន្តិភាព៖ ការលើកកម្ពស់សេរីភាពសារព័ត៌មាន ដើម្បីសិទ្ធិមនុស្ស ការអភិវឌ្ឍ និងសន្តិសុខ» អ្នកនាំពាក្យក្រសួងព័ត៌មានបានបង្ហាញពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃលំហសេរីភាពសារព័ត៌មាន និងកិច្ចខិតខំប្រឹងប្រែងក្នុងការគាំពារអ្នកសារព័ត៌មានតាមរយៈយន្តការច្បាប់ និងការផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ។
ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានមានប្រសាសន៍ថា ៧០,៤% នៃអ្នកចូលរួមស្ទង់មតិសរុបបានអះអាងថា មិនដែលប្រឈមនឹងការគំរាមកំហែង ការយាយី ឬអំពើហិង្សាក្នុងការបំពេញការងារក្នុងឆ្នាំកន្លងទៅទេ ខណៈដែល៨៤,៦% បានអះអាងថា ពុំធ្លាប់ត្រូវបានប្រជាពលរដ្ឋ ឬអាជ្ញាធរប្តឹងផ្តល់ពាក់ព័ន្ធនឹងការចុះផ្សាយរបស់ខ្លួនឡើយ។
ឯកឧត្តមបន្តថា ចាប់តាំងពីឆ្នាំ២០២៥ ដល់ ត្រីមាសទី១ ឆ្នាំ២០២៦ក្រសួងព័ត៌មានបានជួយសម្របសម្រួល និងការពារអ្នកសារព័ត៌មានដោយបានជួយអន្តរាគមន៍ឱ្យមានការដោះលែង និងនៅក្រៅឃុំដល់អ្នកសារព័ត៌មានសរុប ១៤ នាក់, ផ្សះផ្សាយវិវាទក្រៅប្រព័ន្ធតុលាការចំនួន ៣៧ ករណី/បណ្តឹង ពាក់ព័ន្ធ៦៩ នាក់ និងបានផ្តល់ការការពារផ្នែកច្បាប់ក្នុងនីតិវិធីតុលាការចំនួន ៧ ករណី ពាក់ព័ន្ធ១៥ នាក់។
ឯកឧត្តម អ្នកនាំពាក្យ បានសង្កត់ធ្ងន់ថា ការរៀបចំសណ្តាប់ធ្នាប់ និងការធ្វើបច្ចុប្បន្នភាពបទប្បញ្ញត្តិច្បាប់ពាក់ព័ន្ធក្នុងវិស័យព័ត៌មាន មិនមែនជាការរឹតត្បិតសេរីភាពនោះទេ ប៉ុន្តែបានជួយការពារអ្នកសារព័ត៌មានអាជីពពីការលួចបន្លំ ឬការវាយប្រហារដោយព័ត៌មានក្លែងក្លាយ ជាពិសេសក្នុងសម័យកាលដែលបញ្ញាសិប្បនិម្មិត (AI) កំពុងមានឥទ្ធិពល។ តាមលទ្ធផលការស្ទង់មតិ៩៦,៣% បានគាំទ្រឱ្យពង្រឹងលក្ខខណ្ឌគុណវុឌ្ឍិ ដើម្បីការពារតម្លៃវិជ្ជាជីវៈ និងកសាងទំនុកចិត្តពីសាធារណជន។
ជាមួយគ្នានេះ ក្រសួងព័ត៌មាននៅតែបន្តប្តេជ្ញាលើកកម្ពស់សន្តិសុខព័ត៌មាន និងពង្រឹងគុណភាព វិជ្ជាជីវៈ ដោយអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធឱ្យចូលរួមក្នុងស្មារតីស្ថាបនា ហ៊ានទទួលស្គាល់ការពិត និងរៀនទទួលយកនូវកិច្ចខិតខំប្រឹងប្រែងដែលកម្ពុជាសម្រេចបាន ជាពិសេសការខិតខំរបស់ក្រសួងព័ត៌មានក្នុងការលើកកម្ពស់សិទ្ធិសេរីភាពសារព័ត៌មាន ដើម្បីជាមូលដ្ឋានគ្រឹះនៃសេរីភាពសារព័ត៌មានក្នុងប្រព័ន្ធនីតិរដ្ឋ។
គួររម្លឹកថា អង្គការសារព័ត៌មាន សង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍បានរួមគ្នាប្រារព្ធ ទិវាសេរីភាពសារព័ត៌មានពិភពលោក នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ក្រោមប្រធានបទជាតិ «ការលើកកម្ពស់ប្រព័ន្ធផ្សព្វផ្សាយសេរី និងមានទំនួលខុសត្រូវ ដើម្បីសន្តិភាព និងការអភិវឌ្ឍ» ។
ព្រឹត្តិការណ៍ពេញមួយថ្ងៃនេះ បានពិភាក្សាលើការអនុវត្តច្បាប់ដែលមានស្រាប់ និងបទបញ្ញត្តិថ្មីៗ ដើម្បីពង្រឹងវិជ្ជាជីវៈ និងសុចរិតភាពព័ត៌មាន ដោយធានាការប្រតិបត្តិវិជ្ជាជីវៈត្រឹមត្រូវ គោរពច្បាប់ និងពង្រឹងសមត្ថភាពអ្នកសារព័ត៌មានក្នុងការផ្តល់ព័ត៌មានទាន់ហេតុការណ៍ និងសុវត្ថិភាពក្នុងកំឡុងពេលមានវិបត្តិ និងការពិភាក្សាអំពីក្រមសីលធម៌ និងតម្លាភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីរក្សាទំនុកចិត្តពីសាធារណជន ។
សន្និសីទនេះ មានការចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធZoom ពីវាគ្មិនកិត្តិយស តំណាងស្ថាប័នសំខាន់ៗ រួមមាន ក្រសួងព័ត៌មាន, ក្រសួងបរិស្ថាន តំណាងអង្គការយូណេស្កូ(UNESCO), តំណាងស្ថានទូតបារាំង អូស្រ្តាលី អង់គ្លេស ម៉ាឡេស៊ី, អង្គការ NPA ប្រចាំកម្ពុជា , អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (RSF), អង្គការសង្គមស៊ីវិល មកពី CamboJA, CCIM, CMPO អ្នកផលិតមាតិកា និងសិស្សនិស្សិត សរុបប្រមាណ ១៥០ នាក់៕












-
ព័ត៌មាន1 week agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន5 days agoសម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
-
PR NEWS1 week agoGANZBERG បន្តគ្រងដំណែងមេដាយមាសពិភពលោក Monde Selection ក្នុងឆ្នាំ ២០២៦
-
ព័ត៌មាន6 days agoជនជាតិចិន ៣២៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
-
ព័ត៌មាន1 week agoទុរេនតំបន់ទឹកជ្រោះឱម៉ាល់ ក្នុងខេត្តកំពត ហុចផលល្អ ទោះឆ្នាំនេះ អាកាសធាតុក្ដៅ
-
ព័ត៌មាន6 days agoករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត
-
ព័ត៌មាន6 days agoអភិបាលរាជធានីណែនាំឱ្យមន្ត្រី និងកងកម្លាំងប្រឹងប្រែងបន្ថែមទៀតលើការរក្សាសន្តិសុខ និងការងារនានា
-
ព័ត៌មាន1 week agoស្ពានឆ្លងកាត់ទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចការសាងសង់បាន ៦៨%ហើយ