ព័ត៌មាន
អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ
ភ្នំពេញ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានអំពាវនាវដល់ស្រទាប់យុវវ័យកម្ពុជា ឱ្យចូលរួមក្នុងយុទ្ធនាការជាតិប្រឆាំងព័ត៌មានក្លែងក្លាយ ដោយធ្វើសកម្មភាពជា «ឃោសនិក ឬអ្នកផ្សព្វផ្សាយ» ដ៏សកម្មក្នុងការទប់ស្កាត់ការរីករាលដាលនៃព័ត៌មានក្លែងក្លាយ ដែលកំពុងយាយីដល់សន្តិសុខព័ត៌មាន និងសណ្តាប់ធ្នាប់សង្គម។
ការអំពាវនាវនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំតម្រង់ទិសស្តីពី «ការងារព័ត៌មានសាធារណមតិ និងការអនុវត្តយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ជំហានទី២» នៅមន្ទីរព័ត៌មានខេត្តកំពង់ធំ កាលពីសៀលថ្ងៃទី៥ ខែ មិថុនា ឆ្នាំ២០២៦។
ឯកឧត្តម ទេព អស្នារិទ្ធ បានណែនាំដល់មន្ទីរព័ត៌មានខេត្តកំពង់ធំ ក៏ដូចជាមន្ទីររាជធានី-ខេត្តទូទាំងប្រទេស ឱ្យពង្រឹងប្រសិទ្ធភាពការងារព័ត៌មាននិងសាធារណមតិក្នុងមូលដ្ឋាន និងបានជំរុញឱ្យការអនុវត្តយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ជំហានទី២ ឱ្យជោគជ័យ តាមបែបផែននិងរបៀបរបបកំណត់។ ឯកឧត្តមបានមានប្រសាសន៍សង្កត់ធ្ងន់ថា ការអនុវត្តយុទ្ធនាការជំហានទី២នេះ មានសារៈសំខាន់ណាស់រួមចំណែក្នុងការងារព័ត៌មាននិងសាធារណមតិ ដោយត្រូវផ្តោតលើការចុះផ្សព្វផ្សាយ អប់រំដល់សិស្សានុសិស្សនៃអនុវិទ្យាល័យ និងវិទ្យាល័យក្នុងរាជធានី-ខេត្ត ឱ្យចេះបង្ការនិងការពារខ្លួនពីព័ត៌មានបំពុលសង្គម។
«មន្ទីរព័ត៌មានរាជធានី-ខេត្តទាំងអស់ត្រូវបំផុសអភិក្រមសុវត្ថិភាពព័ត៌មានដល់យុវវ័យ និងលើកទឹកចិត្តឱ្យពួកគេចូលរួមក្នុងការបង្ការនិងលុបបំបាត់ព័ត៌មានក្លែងក្លាយ តាមរយៈការទទួលចំណេះដឹងអក្ខរកម្មព័ត៌មានពីយុទ្ធនាការ ហើយចូលរួមធ្វើសារជាវីដេអូខ្លីៗដោយខ្លួនឯង ដើម្បីចែករំលែកចំណេះដឹងពាក់ព័ន្ធវិធីសាស្ត្រទប់ស្កាត់ព័ត៌មានក្លែងក្លាយតាមបណ្តាញFacebook, TikTok និង Telegram ជាដើម» ។
ឯកឧត្តមអនុរដ្ឋលេខាធិការ បានបន្ថែមថា៖ «យុវវ័យជាកម្លាំងចលករក្នុងការបង្កើនស្មារតីទទួលខុសត្រូវក្នុងការប្រើប្រាស់ និងចែករំលែកព័ត៌មានក្នុងសង្គម ដើម្បីរួមគ្នាបង្កើតបរិយាកាសឌីជីថលសុវត្ថិភាព និងគ្មានការបំពុលដោយព័ត៌មានមិនពិត។ យុវជនមានតួនាទីសំខាន់ ក្នុងការរួមចំណែកលើកកម្ពស់អក្ខរកម្មឌីជីថល និងការបង្កើតមាតិកាវិជ្ជមានតបតទៅនឹងឧបាយកលបំពុលសង្គម» ។
ឯកឧត្តម ទេព អស្នារិទ្ធ បានបញ្ជាក់ថា បច្ចុប្បន្ននេះ ក្នុងចំណោមប្រជាជនកម្ពុជាចំនួនជាង ១៧លាននាក់ មានយុវវ័យចំនួនប្រមាណ ៥៩ភាគរយ ប្រើប្រាស់បណ្តាញសង្គម Facebook ខណៈក្រុមយុវវ័យ Gen Z (អាយុ ១៤-២៩ឆ្នាំ) ជាង ៣០ភាគរយ និយមប្រើប្រាស់ TikTok។ ដូច្នេះ វត្តមានរបស់ពួកគេចូលរួមធ្វើជា ឃោសនិក ឬអ្នកផ្សព្វផ្សាយ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការចែករំលែកព័ត៌មានពិត ចំណេះដឹងផ្នែកអក្ខរកម្មព័ត៌មាន ដើម្បីជាប្រយោជន៍ដល់សាលារៀន ក្រុមគ្រួសារ និងអាចការពារសហគមន៍របស់ពួកគេ ពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ។
យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ជំហានទី២ ក្រោមប្រធានបទ«ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន» ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅវិទ្យាល័យសម្តេចហ៊ុនសែនប៊ុន រ៉ានី វត្តភ្នំក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ យុទ្ធនាការជំហានទី២នេះ បានបើកទំព័រថ្មីមួយក្នុងការជំរុញ និងលើកទឹកចិត្តដល់សិស្សានុសិស្ស ក៏ដូចជាយុវជនកម្ពុជាគ្រប់រូប ឱ្យក្លាយជា «ភ្នាក់ងារសុវត្ថិភាពព័ត៌មាន» និងជា «កម្លាំងចលករឈានមុខ» ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦នេះ យុទ្ធនាការជំហានទី២ បាន និងកំពុងធ្វើដំណើរទៅតាមបណ្តាវិទ្យាល័យ អនុវិទ្យាល័យក្នុងរាជធានីភ្នំពេញ ខេត្តព្រះវិហារ និងបន្តទៅខេត្តផ្សេងៗទៀតជាបន្តបន្ទាប់ នៅទូទាំងប្រទេសក្នុងឆ្នាំ២០២៦នេះ៕





-
ព័ត៌មាន2 days agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
PR NEWS5 days agoមហាព្រឹត្តិការណ៍ Ganzberg លើកស្ទួយគុនខ្មែរ នឹងទៅដល់ខេត្តព្រៃវែងចុងសប្តាហ៍នេះ!
-
ព័ត៌មាន1 day agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន1 week agoក្រសួងការបរទេសធ្វើបទបង្ហាញស្ដីពីការវិនិយោគជូនមន្ត្រីការទូតកម្ពុជា
-
ព័ត៌មាន2 days agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន2 days agoឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
-
ព័ត៌មាន2 days agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន2 days agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា