ព័ត៌មាន
អ្នកនាំពាក្យក្រសួងព័ត៌មានអំពាវនាវដល់យុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា
(ភ្នំពេញ)៖ យុវវ័យជំនាន់ថ្មីដែលមានទូរស័ព្ទដៃ និងឧបករណ៍វៃឆ្លាតនៅក្នុងដៃ មិនត្រឹមតែជាអ្នកប្រើប្រាស់បច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែពួកគេគឺជាភ្នាក់ងារសុវត្ថិភាពព័ត៌មានដ៏សំខាន់ ក្នុងការការពារគ្រួសារ និងសហគមន៍កម្ពុជាពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ តាមរយៈការបង្កើនការទទួលខុសត្រូវ និងការផ្ទៀងផ្ទាត់រាល់ព័ត៌មានមុននឹងចុចចែករំលែក (Share)លើបណ្តាញសង្គម។
នេះជាការលើកឡើងរបស់ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ក្នុងឱកាសឯកឧត្តមបានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ នេះ នៅវិទ្យាល័យទួលអំពិល។ ពិធីដែលបានរៀបចំឡើងដោយមន្ទីរព័ត៌មានរាជធានីភ្នំពេញ ដោយមានគាំទ្រពីក្រសួង និងមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ មានវត្តមានសិស្សានុសិស្សប្រមាណ ២ ២០០នាក់ និងមានការចូលពីតំណាងមន្ទីរអប់រំយុវវជននិងកីឡារាជធានីភ្នំពេញ អាជ្ញាធរខណ្ឌដង្កោរ លោកនាយក ព្រមទាំងអ្នកគ្រូលោកគ្រូនៃវិទ្យាល័យនេះផងដែរ។
ឯកឧត្តមអនុរដ្ឋលេខាធិការបានមានប្រសាសន៍ទាញចំណាប់អារម្មណ៍របស់សិស្សានុសិស្ស ដោយសង្កត់ធ្ងន់ថា៖ «ការចុច Share មួយឃ្លីកដោយការទទួលខុសត្រូវ និងមានការផ្ទៀងផ្ទាត់ច្បាស់លាស់ គឺជាគន្លឹះដ៏មានប្រសិទ្ធភាពបំផុតក្នុងការរួមចំណែកកម្ចាត់ការផ្សាយបែបបំពុល និងទប់ស្កាត់ការរីករាលដាលនៃព័ត៌មានក្លែងក្លាយនៅក្នុងសង្គមជាតិ។»
ក្នុងឱកាសនោះ ឯកឧត្តមបានផ្តល់ជាអនុសាសន៍ និងយន្តការសំខាន់ៗដល់សិស្សានុសិស្ស និងអ្នកប្រើប្រាស់បណ្តាញសង្គម និងសាធារណជនទាំងអស់ មុននឹងជឿ ឬចែករំលែក ត្រូវប្រាកដថាព័ត៌មាននោះមានប្រភពមកពីស្ថាប័នសារព័ត៌មានផ្លូវការ ឬគណនីផ្លូវការរបស់សមត្ថកិច្ច និងស្ថាប័នរដ្ឋ។
ឯកឧត្តមអ្នកនាំពាក្យបានបញ្ជាក់ថា ព័ត៌មានក្លែងក្លាយភាគច្រើនច្រើនតែប្រើចំណងជើងទាក់ទាញបំផ្លើស ឬបង្កការភ័យខ្លាច ឬបង្ហាញរូបភាពប្លែកដើម្បីទាក់ទាញ។ ដូច្នេះប្រសិនបើជួបប្រទះព័ត៌មានមិនពិត ត្រូវរួមគ្នាធ្វើការរាយការណ៍ (report post) នៅលើបណ្តាញសង្គមនោះ ដើម្បីឱ្យក្រុមហ៊ុនបណ្តាញសង្គមនោះពិនិត្យ និងលុបចោលមាតិកាក្លែងក្លាយនោះចោល។
«យើងត្រូវប្រកាន់ខ្ជាប់នូវទម្លាប់ក្នុងការផ្ទៀងផ្ទាត់ព័ត៌មានមុននឹងចែករំលែក និងត្រូវជ្រើសរើសយកប្រភពផ្លូវការ ដូចជាទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ សម្តេចធិបតី ក្រសួង-ស្ថាប័ន ប្រព័ន្ធផ្សាយព័ត៌មានរដ្ឋ (TVK, វិទ្យុជាតិ, AKP, គេហទំព័រ និងAppក្រសួងព័ត៌មាន) និងសារព័ត៌មានឯកជនដែលមានវិជ្ជាជីវៈត្រឹមត្រូវ។»
ឯកឧត្តមអនុរដ្ឋលេខាធិការក៏បានសង្កត់ធ្ងន់ផងដែរថា ក្រសួងព័ត៌មានបានដើរតួនាទីយ៉ាងសកម្មក្នុងការតាមដាននិងកំណត់អត្តសញ្ញាណព័ត៌មានក្លែងក្លាយ ផ្សព្វផ្សាយមាតិកាផ្តល់ចំណេះដឹង និងព័ត៌មានពិតជូនប្រជាពលរដ្ឋ។ តាមរយៈការផ្សាយព័ត៌មាន និងសកម្មផ្ទាល់តាមសហគមន៍ទូទាំងប្រទេស ក្រសួង និងមន្ទីរព័ត៌មានក៏បាន និងកំពុងបន្តពង្រឹងអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីអប់រំជូនដល់ប្រជាពលរដ្ឋឱ្យមានសមត្ថភាពទប់ស្កាត់ប្រឆាំងព័ត៌មានក្លែងក្លាយ សំដៅចូលរួមចំណែកការពារសន្តិសុខព័ត៌មាននៅក្នុងប្រទេសកម្ពុជា។
ក្នុងឱកាសនោះ តំណាងមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ លោកនាយក លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស នៃវិទ្យាល័យទូលអំពិលបានគាំទ្រយ៉ាងពេញទំហឹងចំពោះ «យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ជំហានទី២» របស់ក្រសួងព័ត៌មាន ដោយសហការយ៉ាងសកម្មនិងប្តេជ្ញាលុបបំបាត់ព័ត៌មានក្លែងក្លាយតាមរយៈការពង្រឹងស្មារតីត្រិះរិះពិចារណា និងផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់មុននឹងជឿ ឬចែករំលែក ដើម្បីជៀសវាងហានិភ័យ និងផលវិបាកនានា ដែលបង្កឡើងដោយការផ្សព្វផ្សាយបំពុល ឬការចែករំលែកព័ត៌មានក្លែងបន្លំ ប្រឌិតខុសការពិតនៅលើបណ្តាញសង្គម។
យុទ្ធនាការ«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ»ជំហានទី២ក្រោមប្រធានបទ«ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន»ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅវិទ្យាល័យសម្តេចហ៊ុនសែនប៊ុន រ៉ានីវត្តភ្នំក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។ យុទ្ធនាការជំហានទី២នេះ បាន និងកំពុងធ្វើដំណើរទៅតាមបណ្តាវិទ្យាល័យ អនុវិទ្យាល័យក្នុងរាជធានីភ្នំពេញ ខេត្តព្រះវិហារ និងបន្តទៅខេត្តផ្សេងៗទៀតជាបន្តបន្ទាប់ នៅទូទាំងប្រទេសក្នុងឆ្នាំ២០២៦នេះ៕


















-
ព័ត៌មាន2 days agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
PR NEWS5 days agoមហាព្រឹត្តិការណ៍ Ganzberg លើកស្ទួយគុនខ្មែរ នឹងទៅដល់ខេត្តព្រៃវែងចុងសប្តាហ៍នេះ!
-
ព័ត៌មាន1 day agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន1 week agoក្រសួងការបរទេសធ្វើបទបង្ហាញស្ដីពីការវិនិយោគជូនមន្ត្រីការទូតកម្ពុជា
-
ព័ត៌មាន2 days agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន2 days agoឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
-
ព័ត៌មាន2 days agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន2 days agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា