Connect with us

ព័ត៌មាន

កសិករដាំដុះបន្លែ កំពុងជំរុញផលិតកម្ម ដើម្បីពង្រឹងភាពធន់ផ្នែកសេដ្ឋកិច្ច និង​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​លើការនាំចូល

ភ្នំពេញ៖ ប្រជា​កសិករ នៅភូមិគគីធំ ២ ឃុំគគីធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល កំពុង​ជំរុញ​ផលិត​កម្ម​ក្នុងស្រុកយ៉ាងសកម្ម ដើម្បីពង្រឹងភាពធន់ផ្នែកសេដ្ឋកិច្ច និងកាត់បន្ថយ​ការពឹង​ផ្អែក​លើការនាំចូល។ ភូមិគគីធំ ២ គឺជាតំបន់មួយ​ដែល​មានសក្តានុពលខ្ពស់លើការដាំបន្លែសុវត្ថិភាព និងបន្លែទូទៅដោយសារដីល្បាប់មាត់ទន្លេដ៏មានជីជាតិ។ សព្វថ្ងៃ តំបន់នេះ មានប្រជាពលរដ្ឋប្រមាណ ១ពាន់គ្រួសារ កំពុង​ប្រកបរបរកសិកម្មនៅផ្ទៃដីដាំដុះសរុប​ជាង ៤០០ ហិកតា។

ប្រជា​កសិករ ដាំដុះបន្លែនៅតំបន់នេះ បាន​ប្រាប់ BTV ថា នាពេលនេះជា​រដូវប្រមូលផលម្ទេស, ត្រសក់, ត្រប់ស្រួយ, ពោត, និង​ ដំណាំរួមផ្សំជាច្រើនមុខទៀត ខណៈ​កសិករមួយចំនួនទៀត ក៏កំពុងចាប់ការដាំដុះសារជាថ្មីឡើងវិញ ផងដែរ​។ ប្រជាកសិករនៅតំបន់នេះ បានអនុវត្តការដាំដុះបន្លែ​ឆ្លាស់គ្នា ដើម្បីកុំឱ្យទិន្នផលលើសតម្រូវការ​ ដែលនាំឱ្យប៉ះពាល់ដល់តម្លៃ​នៅលើទីផ្សារ​។ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦នេះ ប្រជាកសិករ បានលក់​បោះដុំបន្លែ​ត្រសក់ និងម្ទេស ពីចម្ការផ្ទាល់ បានតម្លៃចំនួន​ ៣ ០០០ រៀល ដែលនេះជា​តម្លៃខ្ពស់ជាងឆ្នាំមុន ខណៈតម្លៃត្រប់ស្រួយបានធ្លាក់ថ្លៃ​យ៉ាងគំហុកគឺមានតម្លៃត្រឹម ៣០០ រៀលប៉ុណ្ណោះ​។ ​នាពេលនេះ ប្រជាកសិករកំពុងមមាញឹកក្នុងការផលិតកម្មបន្លែក្នុងស្រុក បង្កើនប្រាក់ចំណូលចិញ្ចឹមគ្រួសារ​ និងកាត់បន្ថយការពឹកផ្អែកលើបន្លែនាំចូល​។

ចំណែក លោក ប៊ុន ចាន់តូនី អនុប្រធានការិយាល័យកសិកម្ម ស្រុកកៀនស្វាយ ខេត្តកណ្តាល បានបញ្ជាក់ថា នៅ​​ឃុំគគីធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល គឺជាតំបន់ដាំដុះបន្លែ​ និងជាប្រភពផ្គត់ផ្គង់បន្លែដ៏សំខាន់មួយសម្រាប់ទីផ្សាររាជធានីភ្នំពេញ និងបណ្តាខេត្តជិតខាង ដែលប្រជាកសិករនៅទីនេះភាគច្រើនប្រកបរបរធ្វើកសិកម្មជាលក្ខណៈគ្រួសារ ដែលកំពុងដើរតួជាកោសិកាគាំទ្រយ៉ាងសំខាន់ដល់សន្តិសុខស្បៀងក្នុងស្រុក។ លោក បានឱ្យដឹងថា ដំណាំត្រប់ ផ្តល់ទិន្នផលប្រមាណ ៥០ តោនក្នុងមួយរដូវ ខណៈម្ទេស ឱ្យផល​ប្រមាណចន្លោះពី ១២ ទៅ ១៥ តោនក្នុងមួយហិកតា។ លោកអះអាងថា ប្រជាកសិករទាំងអស់នៅតំបន់នេះ បានដាំដុះបន្លែតាម​​បច្ចេកទេសណែនាំពីមន្រ្តីជំនាញ ​ និង​មន្រ្តីកសិកម្មឃុំនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។​

បច្ចុប្បន្ន នៅឃុំគគីធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានប្រជាពលរដ្ឋសរុប​ចំនួន ១០០៩ គ្រួសារ កំពុង​ប្រកបរបរកសិកម្ម នៅលើផ្ទៃសរុបចំនួន ៤១២ ហិកតា ក្នុងនោះមានផ្ទៃដីដាំដុះបន្លែ និងដំណាំរួមផ្សំ​ចំនួន ២៤២ ហិកតា​ និងប្រភេទដំណាំហូបផ្លែដាំដុះលើផ្ទៃដីចំនួន ១៥១ហិកតា ហើយក្រៅពីនោះគឺផ្ទៃដី​ដាំដុះស្រូវ​។ ​ភូមិគគីរធំ២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានចម្ងាយប្រហែល ២៥ ទៅ ៣០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ៕ អត្ថបទ៖ ធូ វិរៈ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia