Connect with us

ព័ត៌មាន

កម្ពុជានាំចេញទំនិញទៅវៀតណាមមានតម្លៃជាប្រាក់ជាង ២ពាន់លានដុល្លារអាមេរិក​ហក់​ឡើង​ជិត ​១៤% ក្នុងរយៈពេល៥ខែឆ្នាំនេះ​

ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារៀតណាម នៅ​តែ​បន្ត​ភាព​ល្អ​ប្រសើរ ដោយ​ក្នុង​រយៈ​ពេល​ ៥ខែ​ដើម​ឆ្នាំ​២០២៦ មានទឹក​ប្រាក់​ជាង ២ពាន់លាន​ដុល្លារអាម៉េរិក​ កើនឡើងជិត ១៤% បើ​ធៀប​នឹង​រយៈពេលដូចគ្នាកាលពីឆ្នាំមុន​។​ ផលិតផល​សំខាន់ៗ​របស់​កម្ពុជា​ភាគ​ច្រើន​នាំ​ចេញ​ទៅ​វៀត​ណាម​គឺ​កសិផល។

របាយការណ៍របស់​អគ្គនាយក​រដ្ឋានគយ ​និង​រដ្ឋា​ករ​កម្ពុជា ​(GDCE) បាន​​​បញ្ជាក់ថា ​គិត​ចាប់​ពី​ខែ​មករា​ ​ដល់ ខែឧសភា ​២០២៦ ​កម្ពុជា​នាំចេញ​ទៅ​វៀត​ណាម​មានតម្លៃ ​២,៣២ ​ពាន់លាន​ដុល្លារ​អាមេរិក ​កើនឡើង ១៣,៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ ផលិតផល​សំខាន់​ៗ​របស់​កម្ពុជា ​នាំចេញទៅ​វៀតណាម រួមមាន ​ស្រូវ​ កៅស៊ូ ​ស្វាយចន្ទី ​ដំឡូងមី ពោត ចេក និង​​ស្វាយ ជាដើម។

ចំណែក វៀតណាមនាំចូល​មក​វិញ​មាន​តម្លៃ ១,៧៨ ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ ១% ហើយ ផលិត​ផល​សំខាន់ៗដែលវៀតណាម​​នាំចូលមក​វិញ រួមមាន សម្ភារ​សំណង់ គ្រឿង​ម៉ាស៊ីន ប្រេង​ឥន្ធនៈ​ ឧបក​រណ៍​អេឡិចត្រូនិក​-​អគ្គិសនី ជី​កសិកម្ម គ្រឿងទេស និង​បន្លែ ផ្លែឈើ ជាដើម។​

លោក អាន ដារា ស្ថាបនិក ក្រុមហ៊ុន អ៊ែមផល អាហ្រ្គោ ប្រដាក់ ខូអីលធីឌី ដែលជា​សហ​គ្រាស​កែច្នែ​គ្រាប់​ស្វាយចន្ទី បានបញ្ជាក់ថា ប្រទេសវៀតណាមគឺជា​ទីផ្សារ​ដ៏​សំខា​ន់សម្រាប់​គ្រាប់​ស្វាយ​ចន្ទី​សើម​របស់កម្ពុជា ដោយគ្រាន់តែ​ ៤ខែដើមឆ្នាំ ២០២៦ វៀតណាមបាន​ស្រូប​យក​ស្វាយ​ចន្ទី​កម្ពុជា​ជាង​ ៨០ម៉ឺនតោន​ ដែលគិតជាប្រាក់ជាង ១ ៤០០ លានដុល្លារអាមេរិក​ ដែល​ចំនួន​ជិត​ស្មើ​នឹង​រយៈ​ពេលពេញមួយឆ្នាំនៃការនាំចេញស្វាយចន្ទីកាលពីឆ្នាំ២០២៥។​ជាមួយគ្នានេះ លោក​មើល​ឃើញ​ថា សហគ្រាសកែច្នៃស្វាយចន្ទីក្នុងស្រុក​ មានការកើនច្រើន ដែលនឹង​ជួយ​បង្កើត​តម្លៃ​បន្ថែ​ម​លើ​ផលិត​ផលស្វាយចន្ទី​នៅកម្ពុជា។

របាយការណ៍​របស់ក្រសួងពាណិជ្ជកម្ម ​ ​បានបញ្ជាក់ថា ក្នុងឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម ​សម្រេច​បាន​ក្នុងទំហំទឹក​ប្រាក់ ​៧,៧ ​ពាន់លានដុល្លារអាមេរិក ​ធ្លាក់ចុះជិត ​១% ​ធៀប​នឹង​ឆ្នាំ​២០២៤។ ក្នុងនោះ​ កម្ពុជា​​នាំចេញ​ទៅ​វៀត​ណាម​មាន​ទំហំទឹក​ប្រាក់​ប្រមាណ ​៣,៧២ ​ពាន់​លាន​ដុល្លារ​អាមេរិក កើនឡើង ០,៨២%​ និង​ វៀតណាមនាំចូលមកវិញ​ មានតម្លៃ ៤ ពាន់លាន​ដុល្លារ​អាមេរិក ធ្លាក់ចុះ ២,៥៣%៕ ​​អត្ថបទ៖ ធូ វិរៈ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia