ព័ត៌មាន
យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ «៣កុំ ១ការពារ» ពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ
នាព្រឹកថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២៦ នេះ យុទ្ធនាការជាតិ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ បានបន្តដំណើរចុះផ្សព្វផ្សាយយ៉ាងសកម្មនៅវិទ្យាល័យទួលទំពូង ដោយមានសិស្សានុសិស្សចូលរួមប្រមាណ ២ ០០០នាក់ ក្នុងបរិយាកាសសប្បាយរីករាយ ជាមួយនឹងការប្តេជ្ញាចិត្តរបស់យុវសិស្សក្នុងការចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យឌីជីថល។
អញ្ជើញជាអធិបតីក្នុងពិធីនោះ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានផ្សព្វផ្សាយគោលការណ៍ទម្លាប់ល្អគឺ៖ «៣កុំ ១ការពារ» សម្រាប់ជាខែលការពារយុវវ័យខ្លួនឯង សាលារៀន ក្រុមគ្រួសារ និងសហគមន៍ពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ។
ឯកឧត្តមអនុរដ្ឋលេខាធិការបានពន្យល់អត្ថន័យគោលការណ៍ទម្លាប់ល្អ«៣កុំ ១ការពារ» យ៉ាងដូច្នេះថា៖ កុំទី១ គឺកុំទាន់ជឿ ពោលគឺបើឃើញព័ត៌មានប្លែកៗ កុំទាន់អាលជឿភ្លាមៗ ត្រូវផ្អាកគិតឱ្យបានបន្តិចសិន។ រីឯកុំទី២ គឺកុំទាន់ចែករំលែក (Share) នោះគឺកុំឱ្យដៃរហ័សជាងការគិតពិចារណា ត្រូវចំណាយពេល ១៥វិនាទីសិនដើម្បីផ្ទៀងផ្ទាត់ប្រភពឱ្យច្បាស់ បើមិនច្បាស់លាស់… កុំចែករំលែកបន្ត! កុំទី៣គឺ កុំប្រហែស ពោលគឺត្រូវការពារលេខសម្ងាត់(password) ផ្ទាល់ខ្លួន និងដាច់ខាតកុំចុចលើតំណ(លីង/link) ប្លែកៗ ដែលមិនស្គាល់ប្រភព។ ចំណែកឯ ១ការពារ គឺយើងរួមគ្នាការពារសហគមន៍ដោយប្រើប្រាស់អាវក្រោះ «អក្ខរកម្មព័ត៌មាន» និងចេះស្វែងរកតែប្រភពព័ត៌មានផ្លូវការ ដែលផ្តល់ព័ត៌មានពិតទុកចិត្តបាន។
ក្នុងឱកាសនោះដែរ ឯកឧត្តម ទេព អស្នារិទ្ធ បានអប់រំយុវសិស្សឱ្យយល់ច្បាស់ពីតម្លៃ ព្រមទាំងតួនាទីដ៏សំខាន់នៃប្រព័ន្ធផ្សព្វផ្សាយកម្ពុជានៅក្នុងយុគសម័យឌីជីថល។ យុទ្ធនាការនេះបានជួយឱ្យសិស្សានុសិស្សមើលឃើញច្បាស់ពីតួនាទីស្នូលនៃប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជន ក្នុងការធានាសិទ្ធិទទួលព័ត៌មាន ហើយដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជន បាននិងកំពុងប្រើប្រាស់បណ្តាញសង្គមយ៉ាងសកម្ម ដើម្បីផ្តល់ព័ត៌មានពិត ទាន់ហេតុការណ៍ និងជាទីទុកចិត្តជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេស។
ឯកឧត្តមអនុរដ្ឋលេខាធិការ បានដាស់តឿនសិស្សានុសិស្សដូច្នេះថា៖ «សូមក្មួយៗបោះបង់ទម្លាប់ ‘ប្រើប្រាស់អសកម្ម’ ដែលងាយជឿតាមគេ និងងាយរងគ្រោះថ្នាក់ ហើយងាកមកពង្រឹងសមត្ថភាពត្រិះរិះពិចារណា ដើម្បីក្លាយជា ‘កម្លាំងចលករ’ ដ៏វៃឆ្លាតក្នុងការគ្រប់គ្រងបច្ចេកវិទ្យា សម្រាប់ជាប្រយោជន៍ដល់ការសិក្សា និងបង្កើនភាពធន់ទប់ទល់នឹងឥទ្ធិពលនៃព័ត៌មានក្លែងក្លាយ។ »
នាឱកាសនោះ តំណាងមន្ទីរអប់រំ យុវជន និងកីឡា អ្នកគ្រូលោកគ្រូ ព្រមទាំងសិស្សានុសិស្សវិទ្យាល័យទួលទំពូងទាំងអស់បានប្រកាសគាំទ្រចំពោះ «យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ របស់ក្រសួងព័ត៌មាន ព្រមទាំងបានប្តេជ្ញាផ្លាស់ប្តូរឥរិយាបថមកជា «ភ្នាក់ងារសុវត្ថិភាពព័ត៌មាន» ដើម្បីរួមគ្នាការពារសន្តិសុខព័ត៌មាន ទប់ស្កាត់ការរីករាលដាលនៃព័ត៌មានក្លែងក្លាយ និងការឆបោកតាមអនឡាញ ដែលកំពុងយាយីដល់សណ្តាប់ធ្នាប់សង្គមជាតិ ក្នុងយុគសម័យបច្ចេកវិទ្យាទំនើបនេះ។
សូមបញ្ជាក់ថា យុទ្ធនាការជំហានទី២ក្រោមប្រធានបទ«ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន»ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅវិទ្យាល័យសម្តេចហ៊ុនសែនប៊ុន រ៉ានីវត្តភ្នំ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ យុទ្ធនាការជំហានទី២នេះ បាន និងកំពុងធ្វើដំណើរទៅតាមបណ្តាវិទ្យាល័យ អនុវិទ្យាល័យក្នុងរាជធានីភ្នំពេញ ខេត្តព្រះវិហារ ខេត្តតាកែវ និងបន្តទៅខេត្តផ្សេងៗទៀតជាបន្តបន្ទាប់ នៅទូទាំងប្រទេសក្នុងឆ្នាំ២០២៦នេះ៕
-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣