ព័ត៌មាន
កម្លាំងចម្រុះរាជធានីភ្នំពេញ បន្តរកឃើញឃ្លាំងស្តុកទំនិញមួយកន្លែងទៀត ក្នុងខណ្ឌច្បារអំពៅ ដែលនាំទំនិញចូលពីប្រទេសថៃ និងមានទំនិញខ្លះហួសកាលបរិច្ឆេទប្រើប្រាស់
ភ្នំពេញ៖ លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងនាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ថា ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ម្សិលម៉ិញនេះ រដ្ឋបាលខណ្ឌទាំង១៤ សហការជាមួយកម្លាំងចម្រុះមកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អគ្គនាយកដ្ឋាន ក.ប.ប ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងឃ្លាំងតូច ធំ ក្នុងមូលដ្ឋានសរុបចំនួន ១២កន្លែង ដែលសង្ស័យមាននាំចូល ស្តុកទុក ចរាចរ និងចែកចាយផលិតផលបង្កកមានប្រភពពីប្រទេសថៃ។
លោកស្រីអ្នកនាំពាក្យបានបន្តថា តាមរយៈប្រតិបត្តិការនេះ សមត្ថកិច្ចចម្រុះបានរកឃើញទីតាំងចំនួន១ ស្ថិតនៅផ្ទះលេខ ៣៥២ ផ្លូវលេខ៣៥១ ភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដែលជាឃ្លាំងស្តុកទំនិញប្រភេទគ្រឿងទេស ភេសជ្ជៈ និងសម្ភារៈប្រើប្រាស់ជាច្រើនប្រភេទ សរុបចំនួន ១.៦៤៧កេស ស្មើនឹង ១៤.៦៣៨,៥គីឡូក្រាម នាំចូលពីបរទេស ក្នុងនោះ ការិយាល័យ ក.ប.ប រាជធានីភ្នំពេញ បានរកឃើញទំនិញចំនួន ១៧មុខ ជាទំនិញនាំចូលពីប្រទេសថៃ និងមានទំនិញចំនួន ២មុខ គឺទឹកតែអូអ៊ិឈិ ចំនួន ៣៤កេស និងទឹកវីតាមីន Blue ចំនួន ៤កេស ហួសកាលបរិច្ឆេទប្រើប្រាស់។ ក្រោយការត្រួតពិនិត្យ និងក្រោមការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារង កម្លាំងចម្រុះបានសម្រេចបិទឃ្លុំទីតាំងនេះបណ្តោះអាសន្ន ដើម្បីបន្តនីតិវិធី។
លោកស្រីអ្នកនាំពាក្យក៏បានបញ្ជាក់បន្ថែមទៀតថា ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញបានណែនាំ និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់លោក លោកស្រី អភិបាលខណ្ឌទាំង១៤ ត្រូវបន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដែលសង្ស័យអាចមានប្រភពនាំចូលពីប្រទេសថៃឱ្យបានម៉ត់ចត់ ក្នុងករណីរកឃើញ ត្រូវសួរនាំឱ្យបានលម្អិតថាអ្នកណាជាអ្នកនាំចូល? ចូលតាមច្រកណា? ខេត្តណា? មានអជ្ញាបណ្ណនាំចូលឬទេ? ហើយអ្នកណាជាអ្នកដឹកជញ្ជូន?។ ឯកឧត្ដមអភិបាលបានសង្កត់ធ្ងន់ថា កិច្ចការទាំងអស់នេះ រដ្ឋបាលខណ្ឌទាំង១៤ ត្រូវតែបន្តត្រួតពិនិត្យព្រមៗគ្នាជាមួយនឹងការងារចុះប្រតិបត្តិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមិនត្រូវរាថយដាច់ខាត៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា








-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣