Connect with us

ព័ត៌មាន

រយៈពេល៥ឆ្នាំមកនេះ ចិនបានផ្តល់ហិរញ្ញប្បទាន រួមចំណែកដល់ការអភិវឌ្ឍលើ​វិស័យអាទិភាព​ជាច្រើន

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ រដ្ឋាភិបាល​នៃ​សាធារណ​រដ្ឋប្រជាមានិតចិន បានផ្តល់ ហិរញ្ញប្បទានសហប្រតិបត្តិការ រួមចំណែកដល់ការអភិវឌ្ឍ​លើវិស័យ​អាទិភាព​សំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើន រួមជាមួយ ទំហំរំហូរវិនិយោគ ទេសចរណ៍ និង​ពាណិជ្ជកម្មជាដើម។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ នៅចុងសប្តាហ៍កន្លង មកនេះ បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ ZHONG Jie, អគ្គទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម អមស្ថានទូត នៃ សាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលលោកជំទាវបានបញ្ចប់បេសកកម្មការងារ និងទទួល ជួបសម្តែងការគួរសមជាមួយ ឯកឧត្តម XUE Dong អគ្គទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្មថ្មី អមស្ថានទូតនៃសាធារណរដ្ឋប្រជាមានិត ចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោកជំទាវ ZHONG Jie អគ្គទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម ​​​ដែលបានបំពេញការងារប្រកបដោយប្រសិទ្ធភាព និងសកម្ម ជំរុញ កិច្ចសហប្រតិបត្តិការទេ្វភាគីកម្ពុជា-ចិន ទទួលបាននូវលទ្ធផលផ្លែផ្កាជាច្រើននាពេលកន្លងមក។ កម្ពុជា-ចិន, ក្នុងនាមភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប បានពូនជ្រុំទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ លើកឡើងបន្ថែមថា ជាក់ស្តែងក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ, ក្នុងអំឡុងពេលដែល កម្ពុជាជួបប្រទះនូវវិបត្តិនានា ចាប់ពីវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ-១៩ រហូតដល់វិបត្តិនាពេលថ្មីៗនេះជាបន្តបន្ទាប់ រដ្ឋាភិបាល ចិនបានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការ បានបន្តជួយជ្រោមជ្រែងតាមរយ:ជំនួយមនុស្សធម៌បន្ទាន់ក៏ដូចជា៖ ការចូលរួមចំណែក ដល់ការអភិវឌ្ឍលើវិស័យអាទិភាពសំខាន់ៗរបស់កម្ពុជា ជាពិសេសក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ, ធារាសាស្រ្ត, ផ្លូវជនបទ, ទឹកស្អាត, ថាមពល, សុខាភិបាល, អប់រំ, និងការអភិវឌ្ឍធនធានមនុស្សជាដើម។ ចំណែកការធ្វើធុរកិច្ចនិងពាណិជ្ជកម្មមាន ទំហំរំហូរវិនិយោគ, ទេសចរណ៍ និងពាណិជ្ជកម្មពីប្រទេសចិនក៏មានការកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ ។

លោកជំទាវអគ្គទីប្រឹក្សា បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អកន្លងមក ទាំងក្នុងក្របខណ្ឌទ្វេភាគីកម្ពុជា-ចិន ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងក្នុងក្របខណ្ឌពហុភាគីរួមមាន៖ ក្របខណ្ឌអាស៊ាន និងអង្គការពាណិជ្ជកម្មពិភពលោក។ កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន បានធ្វើឱ្យទំនាក់ទំនងកម្ពុជា-ចិនកាន់តែខ្លាំងក្លា និងតាមរយ:ទំនាក់ទំនងនេះ បានធ្វើឱ្យការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមកម្ពុជា សម្រេចបានលទ្ធផលជាផ្លែផ្កាជាច្រើន។ លោកជំទាវអគ្គទីប្រឹក្សា ក៏បានសម្តែងនូវការត្រេកអរផងដែរ ដែល ក្នុងអំឡុងពេលបំពេញបេសកកម្មនៅកម្ពុជា លោកជំទាវបានសម្រេចនូវសមិទ្ធផលធំៗជាច្រើនរួមមាន មហាវិថី ស៊ី ជីនពីង (ផ្លូវក្រវ៉ាត ក្រុងទី៣), គម្រោងសាងសង់ផ្លូវជាតិលេខ៧ និងគម្រោងអភិវឌ្ឍន៍សាកលវិទ្យាល័យក្រចេះជំហានទី២ ជាដើម។

ឯកឧត្តម XUE Dong អគ្គទីប្រឹក្សាថ្មី ឯកឧត្តមមានការត្រេកអរ ចំពោះការអភិវឌ្ឍដ៏គួរឱ្យកត់សម្គាល់របស់ប្រទេសកម្ពុជា និង សន្យាថា ក្នុងបេសកកម្មការងាររបស់ឯកឧត្តមនៅប្រទេសកម្ពុជា ឯកឧត្តមនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន និង ក្នុង​នាមដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឱ្យកាន់តែខ្លាំងក្លា និងទទួលបានលទ្ធផលកាន់តែប្រសើរឡើងថែមទៀត៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia