ព័ត៌មាន
ក្រសួងរៀបចំដែនដី៖គិតត្រឹមថ្ងៃទី១៦ មិថុនានេះបានទទួលសំណើសុំអន្តរាគមន៍ពីអតិថិជនរបស់គម្រោង បុរី ម៉ន ដានី ចំនួន ១៨៨គម្រោង, ដោះស្រាយបញ្ចប់ចំនួន ១៥០គម្រោង និងកំពុងបន្តដោះស្រាយចំនួន ៣៨គម្រោង
ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ បានចេញសេចក្ដីប្រកាសព័ត៌មានឆ្លើយតបនឹងការផ្សព្វផ្សាយរបស់ឈ្មោះ ស៊ន ប៊ុនថេង ចំពោះការទិញលក់គម្រោងបុរី ម៉ន ដានី ស្របពេលដែលបុគ្គលរូបនេះ ប្រើប្រាស់ឯកសារក្លែងបន្លំ។
នៅក្នុងសេចក្ដីប្រកាសនោះបានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ក្រសួង ដ.ន.ស. បានទទួលសំណើសុំអន្តរាគមន៍ពីអតិថិជនរបស់គម្រោងអភិវឌ្ឍន៍អចលនវត្ថុ សរុបចំនួន ១៨៨គម្រោង ដោយបានសម្របសម្រួលដោះស្រាយបញ្ចប់ចំនួន ១៥០គម្រោង និងកំពុងសិក្សាសម្របសម្រួលបន្តដោះស្រាយចំនួន ៣៨គម្រោង។
ក្នុងចំណោមនេះ ក្រសួង បានទទួលសំណើសុំអន្តរាគមន៍ពីអតិថិជនរបស់គម្រោងបុរី ខេភី ម៉ន ដានី សរុបចំនួន ៣៦គម្រោង។ ក្រសួងបានសិក្សាស្រាវជ្រាវ ប្រមូលព័ត៌មាន និងទិន្នន័យក្បាលដី ធ្វើបច្ចុប្បន្នកម្មទិន្នន័យអតិថិជន និងបានអញ្ជើញអតិថិជន, តំណាងក្រុមហ៊ុន, ម្ចាស់ដី, ម្ចាស់បំណុល និងអ្នកពាក់ព័ន្ធផ្សេងទៀត ប្រជុំសម្របសម្រួលដោះស្រាយដោយឈរលើស្មារតីយោគយល់គ្នា ដោយការទទួលខុសត្រូវ និងតាមគោលការណ៍ ឈ្នះឈ្នះ សំដៅធានាបាននូវសមធម៌ គុណធម៌ និងសច្ចធម៌ សម្រាប់អ្នកពាក់ព័ន្ធគ្រប់ៗគ្នា។
ជាលទ្ធផល ក្រសួង បានសម្របសម្រួលដោះស្រាយបញ្ចប់ ២៦គម្រោង និងបានផ្តល់បណ្ណកម្មសិទ្ធិជូនអតិថិជនសរុប ៨ ៨៥១បណ្ណ។ ក្នុងនោះ គម្រោងទី២ ទី២៩ ក្រសួងបានផ្តល់បណ្ណកម្មសិទ្ធិជូនអតិថិជនចំនួន ៤លើក សរុប ២ ៤៧៨បណ្ណ។ ក្រសួង គ្រោងនឹងបន្តនីតិវិធីផ្ទេរកម្មសិទ្ធិ និងចេញបណ្ណកម្មសិទ្ធិជូនអតិថិជនដែលបានបង់រំលស់ ឈានទៅផ្តល់បណ្ណកម្មសិទ្ធិនៅពេលខាងមុខនេះជាបន្តទៀត។
ដោយឡែក ក្រសួង ដ.ន.ស. និងក្រុមការងារ បានរកឃើញថា បុគ្គលឈ្មោះ សន ប៊ុនថេង ដែលជាអតីតអ្នកតំណាងគម្រោងបុរី ខេភី ម៉ន ដានី បានក្លែងបន្លំ និងកេងចំណេញក្នុងពេលដែលគម្រោងបុរីមានបញ្ហា ដោយបានឱ្យឈ្មោះ ម៉ន ដានី ផ្តិតស្នាមមេដៃលើឯកសារទិញលក់មួយចំនួន និងបានយកឈ្មោះសាច់ញាតិរបស់ខ្លួន រួមមាន បងបង្កើត ប្អូនបង្កើត បងថ្លៃ ក្មួយ និងបុគ្គលផ្សេងទៀត មកឈរឈ្មោះជាអតិថិជនទិញផ្ទះនិងដីឡូត៍ពីគម្រោង បុរី ខេភី ម៉ន ដានី ដែលផ្ទះនឹងដីឡូត៍ទាំងនោះ មួយចំនួនមានម្ចាស់រួចហើយ ដែលអតិថិជនបានទិញមានឯកសារបញ្ជាក់ត្រឹមត្រូវនិងពិតប្រាកដជាមួយគម្រោង និងមួយចំនួនទៀតពុំមានក្នុងប្រព័ន្ធទិន្នន័យរបស់បុរី គ្មានឯកសារគ្រប់គ្រាន់ក្នុងការផ្ទេរកម្មសិទ្ធិ និងមិនមានការទទួលដឹងឮពីឈ្មោះ ម៉ន ដានី ឡើយ។
ទោះបីជាមានដំណោះស្រាយ និងការផ្តល់បណ្ណកម្មសិទ្ធិជាបន្តបន្ទាប់ជូនអតិថិជនរបស់គម្រោងក៏ដោយ ក៏បុគ្គលឈ្មោះ សន ប៊ុនថេង នៅតែបន្តញុះញង់ក្រុមបក្ខពួករបស់ខ្លួនឱ្យមានការតវ៉ា។ ជាក់ស្តែង កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ មានការតវ៉ាដោយថតជាវីដេអូ និងផ្សព្វផ្សាយតាមប្រព័ន្ធបណ្តាញសង្គម ដែលបង្កឱ្យមានការភាន់ច្រឡំ និងបំពុលបរិយាកាសសង្គមយ៉ាងធ្ងន់ធ្ងរ។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្តអំពាវនាវឱ្យបងប្អូនជាអតិថិជនទាំងអស់ ចូលរួមដោះស្រាយជាមួយក្រុមការងារក្រសួង ដើម្បីបញ្ចប់បញ្ហាពិតប្រាកដ។ ក្រសួងក៏សូមថ្លែងអំណរគុណចំពោះអតិថិជន និងអ្នកពាក់ព័ន្ធទាំងអស់ ដែលមានឆន្ទៈចូលរួមដោះស្រាយ ក្រោមយន្តការសម្របសម្រួលរបស់ក្រសួង ប្រកបដោយស្មារតីយោគយល់គ្នា អនុគ្រោះគ្នា និងការទទួលខុសត្រូវខ្ពស់ រហូតឈានដល់ការផ្តល់បណ្ណកម្មសិទ្ធិ៕


-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣