ព័ត៌មាន
កម្ពុជាដាក់ឱ្យអនុវត្តផ្លូវការកម្មវិធីហិរញ្ញប្បទានអាកាសធាតុ ដើម្បីរួមចំណែកដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សហការជាមួយក្រុមហ៊ុន Mekong Strategic Capital នៅព្រឹកថ្ងៃទី១៧ មិថុនា ឆ្នាំ២០២៦នេះ បានរៀបចំពិធីសម្ពោធដាក់ឲ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា ហៅកាត់ CCFF» ដែលប្រព្រឹត្តទៅក្រោមវត្តមានរបស់ ឯកឧត្តម ស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុនឯកជនពាក់ព័ន្ធផ្សេងទៀត។
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានលើកឡើងឱ្យដឹងថា កម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (CCFF) គឺជាកម្មវិធីថ្នាក់ជាតិដំបូងគេនៅអាស៊ីសម្រាប់វិស័យឯកជន ដែលទទួលបានមូលនិធិគាំទ្រពីមូលនិធិអាកាសធាតុបៃតង។ កម្មវិធីនេះ មានទំហំមូលនិធិសរុបប្រមាណ ១០៩លានដុល្លារអាម៉េរិក ដែលក្នុងនោះឥណទានចំនួន ៥០លានដុល្លារ និងជំនួយបច្ចេកទេសចំនួន ៥ លានដុល្លារ ត្រូវបានផ្តល់ដោយមូលនិធិ GCF ហើយហិរញ្ញប្បទានចំនួន ៥៤លានដុល្លារទៀត បានផ្តល់ដោយដៃគូហិរញ្ញប្បទាននានា ដែលរួមមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ។ ឯកឧត្តម បានបន្តថា កម្មវិធី CCFF មានគោលបំណងសំខាន់ក្នុងការបង្កើនការផ្តល់ឥណទានបៃតង និងការចូលរួមដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ ជាពិសេសការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការបង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។
នៅក្នុងពិធីសម្ពោធនេះ ឯកឧត្តមរដ្ឋលេខាធិការ រស់ សីលវ៉ា បានមានប្រសាសន៍ថា ការដាក់ឱ្យដំណើរការនូវកម្មវិធី CCFF នេះ គឺស្ថិតក្នុងបរិបទដ៏សមស្រប និងមានសារៈសំខាន់ខ្លាំង ខណៈដែលពិភពលោកកំពុងជួបប្រទះនឹងការប្រែប្រួលយ៉ាងឆាប់រហ័សនៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ច, ការប្រែប្រួលអាកាសធាតុ, និងស្ថានភាពគោលនយោបាយពាណិជ្ជកម្មសកល ព្រមទាំងវិបត្តិថាមពល ផលរំខាននៃខ្សែច្រវាក់ផ្គត់-ផ្គង់សកល និងភាពតានតឹងភូមិសាស្ត្រនយោបាយ។
ឯកឧត្តម គូសរំលេចពីបញ្ហានៃការប្រែប្រួលអាកាសធាតុផងដែរ។ ផ្អែកតាមការព្យាកររបស់អង្គការសហ-ប្រជាជាតិ និងស្ថាប័នឧតុនិយមអន្តរជាតិ, ឥទ្ធិពលនៃបាតុភូតអែលនីញ៉ូ អាចបង្កឱ្យមានរលកកម្តៅខ្លាំង និងគ្រោះរាំងស្ងួតនៅក្នុងតំបន់ ដោយមានប្រូបាប៊ីលីតេខ្ពស់ក្នុងអំឡុងខែមិថុនា ដល់សីហាខាងមុខនេះ ដែលអាចបង្កឱ្យមានផលប៉ះពាល់ដល់ផលិតភាពកសិកម្ម សន្តិសុខស្បៀង សន្តិសុខទឹក សុខភាពសាធារណៈ និងតម្រូវការថាមពល។
សូមបញ្ជាក់ថា ក្រៅពីពិធីសម្ពោធដាក់ឲ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (CCFF)»
ព្រឹត្តិការណ៍នេះ ក៏សម្រេចបាននូវលទ្ធផល និងចំណុចគន្លឹះចម្បងៗមួយចំនួនថែមទៀត មានដូចជា៖ ការបើកដំណើរការការផ្តល់ឥណទានបៃតងសម្បទានដោយផ្ទាល់ដល់គម្រោងបៃតង និងការផ្តល់ឥណទានបោះដុំដល់គ្រឹះស្ថានហិរញ្ញវត្ថុក្នុងស្រុក (LFIS) វិស័យអាទិភាព ចំនួន៥ រួមមាន÷ ១) ថាមពលកកើតឡើងវិញ ២) ថាមពលប្រកបដោយប្រសិទ្ធភាព។៣) ប្រព័ន្ធធារាសាស្ត្រ, ៤) កសិកម្ម ព្រៃឈើ និងការប្រើប្រាស់ដី និង ៥) ការដឹកជញ្ជូន ដែលមានការបំភាយឧស្ម័នផ្ទះកញ្ចក់ទាប៕អត្ថបទ៖ ឈិត បូរ៉ាវី








-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣