ព័ត៌មាន
ក្រសួងបរិស្ថាន ពង្រឹងសមត្ថភាពសង្គ្រោះបឋមដល់សហគមន៍តំបន់ការពារធម្មជាតិ ដើម្បីលើកកម្ពស់សុវត្ថិភាពជូនភ្ញៀវទេសចរណ៍នៅតំបន់លម្ហែបៃតង «ភ្នំខ្នងផ្សារ»
ក្រសួងបរិស្ថាន សហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការសង្គ្រោះបឋម» ជូនដល់គណៈកម្មាធិកា និងសមាជិកសហគមន៍តំបន់ការពារធម្មជាតិរលាក់កង់ជើង ក្នុងភូមិសាស្រ្តឧទ្យានជាតិជួរភ្នំក្រវាញ ដើម្បីពង្រឹងសមត្ថភាពដើម្បីឆ្លើយតបនឹងករណីសង្គ្រោះបន្ទាន់ និងបង្កើនសុវត្ថិភាពជូនភ្ញៀវទេសចរណ៍ ដែលមកកម្សាន្តនៅតំបន់ លម្ហែបៃតង «ភ្នំខ្នងផ្សារ»។
វគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅនៅដំណាក់ដំរី តំបន់គោលដៅលម្ហែបៃតងភ្នំខ្នងផ្សារ ស្ថិតក្នុងភូមិតាំងបំពង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្តម ហាវ ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន។
កម្មវិធីនេះ បានធ្វើការសម្របសម្រួលដោយ លោក ជា ទិត្យ អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ រួមជាមួយមន្ត្រីជំនាញមកពីការិយាល័យអភិវឌ្ឍន៍សហគមន៍ ការិយាល័យចំណេះដឹងនិងព័ត៌មានបរិស្ថាន ការិយាល័យឧទ្យានជាតិជួរភ្នំក្រវាញ មន្រ្តីឧទ្យានុរក្ស អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ នៃសហគមន៍មូលដ្ឋានជាច្រើននាក់។
វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពសង្រ្គោះបន្ទាន់ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗរួមមាន ការឆ្លើយតបនឹងកំណើនទេសចរមកកម្សាន្តនៅភ្នំខ្នងផ្សារ ដែលមានការកើនឡើងខ្លាំង។ ក្រសួងបរិស្ថាន ចាំបាច់ត្រូវបំពាក់បំប៉នជំនាញសង្គ្រោះបឋម ដល់សហគមន៍ ដើម្បីរៀបចំខ្លួនដោះស្រាយរាល់ឧបទ្ទវហេតុនានា។
ការបណ្តុះបណ្តាលជួយដល់សហគមន៍ទទួលបានចំណេះដឹងពីបច្ចេកទេសសង្គ្រោះបន្ទាន់ ដូចជារបៀប ដាក់ជនរងគ្រោះសន្លប់ឱ្យដេកក្នុងទម្រង់សុវត្ថិភាព (Recovery position) ការសង្គ្រោះបឋមពេលមានពស់ចឹក ការរុំអបឆ្អឹងបាក់ និងការឃាត់ឈាម ការជួយសង្គ្រោះបន្ទាន់ ក្នុងករណីស្លាក់ ឬស្ទះផ្លូវដង្ហើមជាដើម។
តំណាងមន្ត្រីជំនាញក្រសួងបរិស្ថាន បានបញ្ជាក់ថា ការពង្រឹងសមត្ថភាពនេះ គឺដើម្បីធានាសុវត្ថិភាព និងសុខុមាលភាពទាំងទេសចរ និងប្រជាពលរដ្ឋនៅក្នុងសហគមន៍មូលដ្ឋាន ព្រមទាំងចូលរួមចំណែកដល់ការអភិវឌ្ឍតំបន់លម្ហែបៃតងប្រកបដោយនិរន្តរភាព។
ក្រសួងបរិស្ថានបានចាត់ទុកថាការពង្រឹងសមត្ថភាពដល់សហគមន៍មូលដ្ឋាននាពេលនេះជាការប្តេជ្ញាចិត្តយ៉ាងមុតមាំស្របតាមគោលនយោបាយនិងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ជាពិសេសបាននិងកំពុងឆ្លើយតបនឹងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្នុងការជំរុញឱ្យមានភាពស្អាត ភាពបៃតង និងការរស់នៅប្រកបដោយចីរភាព តាមរយៈការលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ បង្កើនការចូលរួមពីសហគមន៍ និងការការពារនិងធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព។ សូមបញ្ជាក់ថា បច្ចុប្បន្ន តំបន់លម្ហែបៃតង ភ្នំខ្នងផ្សារ ដែលស្ថិតក្នុងឧទ្យានជាតិជួរភ្នំក្រវាញ គឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយ ដោយសារសក្តានុពលធម្មជាតិ ដ៏ទាក់ទាញបំផុតមួយ ដោយសារ ទេសភាពព្រៃភ្នំ វាលស្មៅ និងជីវៈចម្រុះដ៏សម្បូរបែប៕







-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣