ព័ត៌មាន
មកទល់ពេលនេះគណៈកម្មការ JBC កម្ពុជា បានផ្ញើកំណត់ទូតចំនួន ៤២លើកទៅភាគីថៃដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ និងតវ៉ាចំពោះសកម្មភាពខុសច្បាប់នានារបស់កងកម្លាំងថៃនៅលើទឹកដីកម្ពុជា
ភ្នំពេញ៖ គិតចាប់ពីបទឈប់បាញ់លើកទី១ដែលចូលជាធរមាននៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ រហូតដល់បច្ចុប្បន្ន គណៈកម្មការ JBC កម្ពុជា បានផ្ញើកំណត់ទូតចំនួន ៤២លើក ទៅភាគីថៃ ដើម្បីដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ និងតវ៉ាចំពោះសកម្មភាពខុសច្បាប់នានារបស់កងកម្លាំងថៃនៅលើទឹកដីកម្ពុជា។

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះថា គិតចាប់បទឈប់បាញ់លើកទី២ ចូលជាធរមានកាលពីថ្ងៃ២៧ ខែធ្នូ ឆ្នាំ ២០២៥ ដល់បច្ចុប្បន្ន គ្រាន់តែគណៈកម្មការ JBC ភាគីកម្ពុជាតែមួយ បានផ្ញើកំណត់ទូតចំនួន៩ លើកហើយទៅកាន់ភាគីថៃ ដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ និងស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ(JSTs) ដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្តែងបន្តពីការងារដែលភាគីទាំងពីរបានអនុវត្តកាលពីពេលកន្លងទៅ។
ឯកឧត្តមបន្តថា ក្រៅពីនោះ គណៈកម្មការ JBC ភាគីកម្ពុជាក៏បានធ្វើកំណត់ទូតតវ៉ាចំនួន ៣២ លើក ចំពោះសកម្មភាពខុសច្បាប់នានារបស់កងកម្លាំងថៃនៅលើទីតាំងដែលខ្លួនកាន់ដោយខុសច្បាប់ក្នុងទឹកដីកម្ពុជា។ បើគិតចាប់ពីបទឈប់បាញ់លើកទី១ដែលចូលជាធរមាននៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ រហូតដល់បច្ចុប្បន្ន កំណត់ទូតតវ៉ារបស់គណៈកម្មការ JBC ភាគីកម្ពុជាប្រឆាំងការរំលោភបំពានរបស់ភាគីថៃមានរហូតដល់ ៤២ លើក។
ក្នុងឱកាសនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បានបញ្ជាក់ជូនជនរួមជាតិទៀតថា ការតវ៉ាជាផ្លូវការនេះមានសារសំខាន់ចាំបាច់ដើម្បីបញ្ជាក់ជំហរមិនយល់ព្រមជាដាច់ខាតរបស់កម្ពុជាចំពោះការរំលោភបំពានរបស់ភាគីថៃមកលើបូរណភាពទឹកដីរបស់ខ្លួន។ លិខិតតវ៉ាជាផ្លូវការនេះគឺជាឯកសារដែលមានតម្លៃគតិយុត្តិ មិនអាចខ្វះបានសម្រាប់ដំណើរការដោះស្រាយបញ្ហាព្រំដែនស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាការរក្សាអាជ្ញាយុកាលនៃវិវាទឱ្យស្ថិតនៅជាធរមាន។ នេះជាហេតុផលដែលរាជរដ្ឋាភិបាលកម្ពុជាតែងតែតវ៉ានៅគ្រប់ចំណុចទាំងអស់ដែលភាគីថៃបានរំលោភបំពានដោយគ្មានរំលងចំណុចណាមួយឡើយពីព្រោះការតវ៉ានេះគឺជាភស្តុតាងផ្លូវច្បាប់ដើម្បីដោះស្រាយបញ្ហាបូរណភាពទឹកដីតាមយន្តការច្បាប់។
អ្នកនាំពាក្យបញ្ជាក់ថា រីឯសំណើររបស់កម្ពុជាដើម្បីរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ និងស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ(JSTs) ដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្តែងគឺធ្វើឡើងស្របតាមខ្លឹមសារនៃកំណត់ហេតុកិច្ចប្រជុំពិសេសនៃគណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ និងស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ(GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ត្រង់ចំណុចទី៣ ដែលផ្តល់អាទិភាពខ្ពស់បំផុតដល់គណៈកម្មការ JBC នៃភាគី ទាំងពីរក្នុងការបន្តចុះវាស់វែង និងខណ្ឌសីមាលើដីជាក់ស្តែងឱ្យបានឆាប់បំផុត ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគាត់វិញក្នុងពេលឆាប់បំផុតដោយគ្មានការរារាំង ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។
ឆ្លៀតឱកាសនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានរម្លឹកជូនឡើងវិញនូវខ្លឹមសារចំណុចទី៣នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ធ្នូ ២០២៥ ដែលចែងថា៖«ភាគីទាំងពីរឯកភាពគ្នាថា រាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខ័ណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។ ភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចំរុះព្រំដែនបន្តអនុវត្តការងារវាស់វែងនិងខ័ណ្ឌសីមាព្រំដែនឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។ ភាគីទាំងពីរឯកភាពគ្នាថា នឹងប្រើប្រាស់យន្តការដែលមានស្រាប់នៃគណៈកម្មការចំរុះព្រំដែនដើម្បីធានាសុវត្ថិភាព និងសន្តិសុខរបស់ក្រុមការងារវាស់វែងចំរុះនៅលើទីតាំងជាក់ស្តែងដោយរាប់បញ្ចូលទាំងសុវត្ថិភាពពីជាន់មីន។ ភាគីទាំងពីរឯកភាពគ្នាថា គណៈកម្មការចំរុះព្រំដែននឹងផ្តល់អាទិភាពខ្ពស់បំផុតចំពោះការងារវាស់វែងនិងខ័ណ្ឌសីមាព្រំដែននៅតំបន់រងផលប៉ះពាល់ដែលមានជនស៊ីវិលរស់នៅ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថា នេះជាចំណុចដ៏សំខាន់ដែលភាគីទាំងពីរបានឯកភាពគ្នា ដែលមានចែងច្បាស់ក្នុងសេចក្តីប្រកាសរួមស្តីពីវិធានការកាត់បន្ថយភាពតាមតឹង ហើយដែលភាគីកម្ពុជាតែងតែជំរុញឱ្យអនុវត្តជាបន្តបន្ទាប់។ ប៉ុន្តែ រហូតមកទល់ពេលនេះ ភាគីថៃស្នើសុំពន្យារពេលរហូតក្រោមហេតុផលបញ្ហាផ្ទៃក្នុងរបស់ខ្លួន ខណៈដែលសកម្មភាពនានាត្រូវបានធ្វើជាបន្តបន្ទាប់នៅលើទីតាំងដែលខ្លួនកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ ក្នុងគោលបំណងបង្កើតស្ថានភាពថ្មីលើដីជាក់ស្តែង (fait accompli)។ ទោះយ៉ាងណា កម្ពុជានៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការតវ៉ាប្រឆាំងយ៉ាងដាច់អហង្ការចំពោះសកម្មភាពឈ្លានពាន និងកាន់កាប់ទឹកដីកម្ពុជា ដោយខុសច្បាប់របស់យោធាថៃ និងសកម្មភាពបង្កើតស្ថានភាពថ្មីនៅលើដីជាក់ស្តែង (fait accompli) ដោយមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើកម្លាំង និងការទាមទារជាឯកតោភាគីរបស់ភាគីថៃឡើយ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ឡើងនូវជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដែលជាជំហរច្បាស់លាស់ ឥតប្រែប្រួលនិងផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិរបស់កម្ពុជា ដូចតទៅ៖ កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។
ពាក់ព័ន្ធព្រំដែនសមុទ្រ៖ ក្រោយពីភាគីថៃសម្រេចលុបចោល MOU-2001 ជាឯកតោភាគី រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០២៦ បានប្រកាសពីការចាប់ផ្តើមប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ(Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS ) ដើម្បីដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃ។ បច្ចុប្បន្ន យន្តការនេះកំពុងដំណើរការទៅមុខដោយមានការយល់ព្រមចូលរួមពីភាគីថៃ។ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ដំណើរការនេះនឹងបង្ហាញជាថ្មីម្ដងទៀតពីតម្លៃពិតប្រាកដនៃច្បាប់អន្តរជាតិ និងការដោះស្រាយជំលោះដោយសន្តិវិធីដើម្បីឈានទៅរកដំណោះស្រាយដ៏ពីតប្រាកដ និងយូរអង្វែង៕


-
ព័ត៌មាន6 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន6 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន6 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន4 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន6 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន6 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន4 days agoថ្ងៃដំបូងបើកដំណើរការផ្លូវថ្មើជើងចតុមុខអបអរសាទរបុណ្យអុំទូក មានភ្ញៀវជាតិ អន្តរជាតិជាច្រើនមកដើរទស្សនាកម្សាន្ត