ព័ត៌មាន
ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង លោកជំទាវ ស៊ើង សរសុចិត្តា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការទទួលបន្ទុកការងារយេនឌ័រ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងសមត្ថភាពជនបង្គោលយេនឌ័រ» ដែលរៀបចំដោយក្រុមការងារយេនឌ័រនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំ តំណាងក្រសួងកិច្ចការនារី មន្ត្រីរាជការ និងជនបង្គោលយេនឌ័រមកពីអង្គភាពថ្នាក់ជាតិ ព្រមទាំងថ្នាក់ក្រោមជាតិជាច្រើនរូប និងតាមរយៈប្រព័ន្ធនិម្មិត Zoom ផងដែរ។
លោកជំទាវ ស៊ើង សរសុចិត្តា មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលចាប់ពីថ្ងៃទី២២-២៤ ខែមិថុនានេះ មានគោលបំណងបន្តពង្រឹងចំណេះដឹង និងជំនាញរបស់ជនបង្គោលយេនឌ័រ ពាក់ព័ន្ធនឹងសិទ្ធិមនុស្ស សិទ្ធិស្ត្រី សិទ្ធិកុមារ សិទ្ធិជនមានពិការភាព ការកាត់បន្ថយការរើសអើងគ្រប់ទម្រង់ ការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ព្រមទាំងការទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ។ លោកជំទាវបានគូសបញ្ជាក់ថា ការពង្រឹងសមត្ថភាពជនបង្គោលយេនឌ័រ គឺជាកិច្ចការចាំបាច់សម្រាប់ជំរុញការបញ្ជ្រាបយេនឌ័រនៅគ្រប់កម្រិត និងធានាឱ្យមានការអនុវត្តគោលនយោបាយពាក់ព័ន្ធប្រកបដោយប្រសិទ្ធភាព។
ទន្ទឹមនឹងនេះ សិក្ខាកាមក៏ទទួលបានចំណេះដឹងបន្ថែមលើអនុសាសន៍គន្លឹះ ១២ចំណុចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងអនុសាសន៍ ៦ចំណុចរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងជំនាញភាពជាអ្នកដឹកនាំ ការនិយាយប្រកបដោយឥទ្ធិពល ការចរចា ការសម្របសម្រួល ការបង្ការ និងទប់ស្កាត់អាពាហ៍ពិពាហ៍វ័យក្មេង និងការមានផ្ទៃពោះនៅវ័យជំទង់ យេនឌ័រ និងបម្រែបម្រួលអាកាសធាតុក្នុងវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងច្បាប់ និងគោលនយោបាយជាតិពាក់ព័ន្ធ។ សម្រាប់ឆ្នាំ២០២៦ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងចូលរួមអនុវត្តយ៉ាងសកម្មនូវអនុសាសន៍ ១២ចំណុចរបស់សម្តេចធិបតី និងអនុសាសន៍ ៦ចំណុច របស់គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ដោយតម្រូវឱ្យគ្រប់អង្គភាពក្រោមឱវាទចូលរួមអនុវត្តប្រកបដោយប្រសិទ្ធភាព។
ដើម្បីបន្តជំរុញការងារយេនឌ័រនៅក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកជំទាវ រដ្ឋលេខាធិការ បានផ្តល់អនុសាសន៍សំខាន់ៗដល់ក្រុមការងារយេនឌ័រ និងអង្គភាពពាក់ព័ន្ធ រួមមាន ការបន្តអនុវត្តយុទ្ធសាស្ត្របញ្ចកោណ និងគោលនយោបាយជាតិពាក់ព័ន្ធ ការពង្រឹងយន្តការបញ្ជ្រាបយេនឌ័រ ការលើកកម្ពស់ការផ្សព្វផ្សាយ និងអប់រំអំពីសមភាពយេនឌ័រ ការលុបបំបាត់ការរើសអើងប្រឆាំងនឹងស្ត្រី ការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រី និងក្មេងស្រី និងការបង្កើនការចូលរួមទប់ស្កាត់អំពើហិង្សាលើស្ត្រី និងកុមារគ្រប់ទម្រង់។
ជាមួយគ្នានេះ លោកជំទាវ បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកលើកកម្ពស់សិទ្ធិស្ត្រី និងសមភាពយេនឌ័រ សំដៅកសាងសង្គមកម្ពុជាប្រកបដោយសីលធម៌ សមធម៌ បរិយាបន្ន និងចីរភាព ឆ្ពោះទៅសម្រេចមហិច្ឆតាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ក្នុងឱកាសនេះដែរ លោកជំទាវ ស៊ើង សរសុចិត្តា ក៏បានថ្លែងអំណរគុណចំពោះក្រសួងកិច្ចការនារី ដែលបានបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសង្គមស៊ីវិល ក្នុងការជំរុញការលើកកម្ពស់ស្ថានភាព និងតួនាទីស្ត្រីនៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
លោកជំទាវ បានប្រកាសបើកជាផ្លូវការវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងសមត្ថភាពជនបង្គោលយេនឌ័រក្រោមឱវាទក្រសួង» និងជូនពរសិក្ខាកាមទាំងអស់ឱ្យទទួលបានជោគជ័យក្នុងការសិក្សា និងការបំពេញភារកិច្ចការងារ៕










-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន5 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ