ព័ត៌មាន
សិលាចារឹកខ្មែរ៖ ឫសគល់នៃអត្តសញ្ញាណ និងស្ពានចម្លងចំណេះដឹងទៅកាន់យុវជនជំនាន់ថ្មី
ផ្ទាំងសិលាចារឹក ដែលបុព្វបុរសខ្មែរបានបន្សល់ទុកនៅតាមប្រាសាទបុរាណនានា មិនត្រឹមតែជាឯកសារបុរាណសម្រាប់ឱ្យអ្នកជំនាន់ក្រោយបានសិក្សាពីអក្សរ និងភាសាប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាភស្ដុតាងបែបវិទ្យាសាស្ត្រដ៏រឹងមាំចំពោះប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា ដែលពុំមានជាតិសាសន៍ដទៃណាមកក្លែងបន្លំ ឬលួចចម្លងបានឡើយ។ សិលាចារឹក ក៏ជាកញ្ចក់មួយយ៉ាងសំខាន់ក្នុងការឆ្លុះបញ្ចាំងពីវប្បធម៌ អារ្យធម៌ ប្រពៃណី និងទំនៀមទម្លាប់ ដែលជាមត៌កដូនតាខ្មែររាប់ពាន់ឆ្នាំ និងជាភស្តុតាងពិតនៃអត្តសញ្ញាណជាតិដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។
ដើម្បីកុំឱ្យតម្លៃនៃភស្តុតាងប្រវត្តិសាស្ត្រនេះ រលុបបាត់ទៅតាមពេលវេលា អាជ្ញាធរជាតិអប្សរាបាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបើកទំព័រប្រវត្តិសាស្ត្រនេះ បង្ហាត់បង្រៀន និងផ្ទេរចំណេះដឹងផ្នែកសិលាចារឹក ដល់យុវជនខ្មែរជំនាន់ក្រោយនៅក្នុងខេត្តសៀមរាបជាបន្តបន្ទាប់។ សកម្មភាពនេះ ធ្វើឡើងក្នុងគោលបំណងឱ្យយុវជនបានស្គាល់ និងយល់ដឹងកាន់តែច្បាស់អំពីប្រវត្តិសាស្ត្រ និងអក្សរសាស្ត្រខ្មែរបុរាណ ដែលជាឫសគល់នៃទឹកដីមាតុភូមិយើង។
ជាក់ស្ដែងកាលពីពេលថ្មីៗនេះ អាជ្ញាធរជាតិអប្សរាបានរៀបចំវគ្គបណ្តុះបណ្តាលស្ដីអំពី «ការអប់រំបេតិកភណ្ឌ» ដោយសហការណ៍ជាមួយអង្គការម៌តកវប្បធម៌ខ្មែរ (KHO) ដើម្បីផ្សព្វផ្សាយ និងបណ្តុះស្មារតីយុវជនឱ្យចេះស្រឡាញ់ជាតិ និងចូលរួមការពារមត៌កវប្បធម៌។ នៅក្នុងកម្មវិធីនោះ លោកគ្រូបង្គោល វង្ស សាវុទ្ធី និងជាអ្នកជំនាញផ្នែកអក្សរចារឹកនៃអាជ្ញាធរជាតិអប្សរា បានធ្វើបទបង្ហាញស្តីពី «អក្សរចារឹក នៅប្រាសាទព្រះគោ» ជូនដល់សិស្សានុសិស្សមកពីវិទ្យាល័យហ៊ុនសែន ប្រាសាទបាគង ចំនួន៥០នាក់ ដើម្បីសិក្សាស្វែងយល់ពីសារសំខាន់នៃសិលាចារឹក។
ការបង្រៀនឱ្យស្គាល់ពីសិលាចារឹក បានចាប់ផ្តើមឡើងតាមរយៈវិធីសាស្ត្រសិក្សាយ៉ាងរស់រវើក ផ្ដើមកំណើតចេញពីតួអក្សរនៅលើមេទ្វារ ឬទ្វារបញ្ជោត នៃប្រាសាទព្រះគោ ដោយផ្អែកលើមូលដ្ឋានគ្រឹះសំខាន់ៗចំនួន៤ គឺ៖
ទី១ «ស្វែងយល់ពីឫសគល់» ដោយបង្ហាញអំពីប្រវត្តិអក្ខរក្រម ដើម្បីឱ្យសិស្សបានយល់ដឹងពីប្រភពដើម និងការវិវត្តនៃអក្សរខ្មែរ។
ទី២ «ការអនុវត្តសរសេរផ្ទាល់ដៃ» ដោយណែនាំសិស្សឱ្យសាកល្បងសរសេរព្យញ្ជនៈខ្មែរបុរាណ ដើម្បីឱ្យពួកគេស្គាល់ពីលំនាំ និងក្បាច់ក្នុងការគូសវាសតួអក្សរ។
ទី៣ «ការចុះដកពិសោធន៍ដល់ទីតាំងពិត» ដោយនាំសិស្សានុសិស្សចុះទៅអានផ្ទាល់នៅប្រាសាទព្រះគោ ដើម្បីឱ្យឃើញផ្ទាំងសិលាចារឹកពិតប្រាកដ និងរបៀបដែលបុព្វបុរសខ្មែរបានឆ្លាក់ចារទុកអក្សរនៅលើផ្ទាំងថ្ម។
និងទី៤ «ការអាន និងការប្រែសម្រួល» ដោយជ្រើសរើសឃ្លាខ្លីៗពីសិលាចារឹកសម័យបុរាណ មកធ្វើការប្រៀបធៀបជាមួយអក្សរ ឬភាសាខ្មែរសម័យទំនើប ដើម្បីឱ្យប្អូនៗងាយយល់ន័យ។
លោក វង្ស សាវុទ្ធី បានឱ្យដឹងថា គោលគំនិតចម្បងរបស់អាជ្ញាធរជាតិអប្សរា គឺចង់ឱ្យសិស្សានុសិស្សទាំងអស់បានរៀនមើលនឹងភ្នែក កត់ចំណាំនូវអក្សរខ្មែរបុរាណខ្លះ រួចហើយយកមកប្រៀបធៀបជាមួយអក្សរសម័យបច្ចុប្បន្ន។ ការបណ្ដុះបណ្ដាលនេះ នឹងក្លាយជាគ្រឹះដ៏រឹងមាំ និងជាទុនដំបូងសម្រាប់ជួយជំរុញទឹកចិត្តដល់សិស្សានុសិស្សណាដែលមានចំណាប់អារម្មណ៍ ចង់បន្តការសិក្សាលើជំនាញសិលាចារឹកនេះនៅថ្នាក់ឧត្តមសិក្សានាពេលអនាគត។
ជាចុងក្រោយ វគ្គបណ្តុះបណ្តាលនេះ បានបំផុសសារដាស់តឿនមួយថា យុវជនខ្មែរជំនាន់ថ្មី គឺជាអ្នកបន្តវេនដ៏មានថាមពលក្នុងការការពារ ស្រឡាញ់ និងអភិរក្សមត៌កវប្បធម៌ដ៏ឧត្តុង្គឧត្តមនេះ។ ការរួមគ្នាសិក្សាស្វែងយល់ និងថែរក្សាសិលាចារឹក គឺជាកាតព្វកិច្ចដ៏វិសេសវិសាលក្នុងការរក្សាការពារព្រលឹង និងអត្តសញ្ញាណជាតិខ្មែរឱ្យគង់វង្សស្ថិតស្ថេរជានិរន្តរ៍តទៅ៕










-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន5 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ