ព័ត៌មាន
អយ្យការអមសាលាដំបូងខេត្តព្រះវិហារ ចុះធ្វើអធិការកិច្ចនៅពន្ធនាគារខេត្ត ដើម្បីពង្រឹងសីលធម៌វិជ្ជាជីវៈ និងការគោរពសិទ្ធិមនុស្ស
ព្រះវិហារ៖ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ដឹកនាំដោយ លោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារង បានចុះធ្វើអធិការកិច្ចផ្ទាល់នៅពន្ធនាគារខេត្តព្រះវិហារ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពី លោក ឧត្ដមអគ្គានុរក្សថ្នាក់លេខ២ យន់ ម៉ានី ប្រធានពន្ធនាគារខេត្ត។
បេសកកម្មចុះធ្វើអធិការកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យមើលស្ថានភាពទូទៅនៃការគ្រប់គ្រង ធានាថាលក្ខខណ្ឌរស់នៅ និងការអប់រំកែប្រែជនជាប់ឃុំ ស្របទៅតាមបទដ្ឋានច្បាប់ជាតិ និងអន្តរជាតិ។ លើសពីនេះ កិច្ចពិភាក្សារវាងស្ថាប័នទាំងពីរ បានសង្កត់ធ្ងន់ទៅលើតួនាទីដ៏សំខាន់របស់មន្ត្រីពន្ធនាគារ ដែលមិនត្រឹមតែជាអ្នកថែរក្សាសណ្ដាប់ធ្នាប់ និងសន្តិសុខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជា «អ្នកអប់រំកែប្រែ» ដែលត្រូវប្រកាន់ខ្ជាប់នូវសីលធម៌វិជ្ជាជីវៈខ្ពស់ ភាពអត់ធ្មត់ និងការគោរពសេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិ។
សូមបញ្ជាក់ថា ការពង្រឹងសណ្ដាប់ធ្នាប់ និងការលើកកម្ពស់សីលធម៌វិជ្ជាជីវៈនៅក្នុងប្រព័ន្ធពន្ធនាគារ នៅតែជាកិច្ចការអាទិភាពមួយក្នុងការធានាឱ្យមានការអនុវត្តច្បាប់ប្រកបដោយតម្លាភាព និងមនុស្សធម៌។
លោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារង បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារខេត្តព្រះវិហារ ក្នុងការថែរក្សាសន្តិសុខបានល្អប្រសើរ ព្រមទាំងបានរំលឹកផងដែរអំពីសារៈសំខាន់នៃការបន្តការអប់រំទូន្មានដល់ជនជាប់ឃុំ ដើម្បីត្រៀមលក្ខណៈសម្បត្តិឱ្យពួកគេអាចសមាហរណកម្មចូលក្នុងសង្គមវិញដោយសន្តិវិធី និងក្លាយជាពលរដ្ឋល្អនាពេលអនាគត។
ជាចុងបញ្ចប់ លោក ស្រេង វុទ្ធា ក៏បានពាំនាំពាក្យផ្ដាំផ្ញើ និងពាក្យសួរសុខទុករបស់ ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ដល់ជនជាប់ឃុំទាំងអស់ និងបានណែនាំបន្ថែមឲ្យជនជាប់ឃុំយកចិត្តទុកដាក់គោរពវិន័យសណ្ដាប់ធ្នាប់ បទបញ្ជារបស់ពន្ធនាគារ កុំបង្កបញ្ហានាំឲ្យកើតបទល្មើសថ្មីមួយទៀត យកចិត្តទុកដាក់ថែទាំសុខភាពផ្ទាល់ខ្លួន យកចិត្តទុកដាក់រៀនជំនាញវិជ្ជាជីវៈដើម្បីចេញទៅវិញប្រកបមុខរបរផ្គត់ផ្គង់គ្រួសារ និងចេះគោរពគ្នាទៅវិញទៅមក យោគយល់អ្នកជាប់ឃុំជាមួយគ្នា កែខ្លួនធ្វើជាមនុស្សល្អ ក្លាយជាបុគ្គលឆ្នើមជាមូលហេតុនាំឲ្យមានការបន្ធូរបន្ថយទោសរាល់បុណ្យជាតិម្ដងៗ និងរួចទោសឆាប់បានចូលទៅរួមរស់ក្នុងសង្គមវិញ៕








-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣