ព័ត៌មាន
មេសិទ្ធិមនុស្សកម្ពុជា៖ “សាមគ្គីភាពជាកម្លាំង ហើយការរួបរួមគ្នារបស់យើងបង្ហាញពីភាពរឹងមាំដែលអាចជម្នះគ្រប់ឧបសគ្គ និងសន្តិភាពគឺជាមូលដ្ឋានគ្រឹះសម្រាប់សិទ្ធិមនុស្ស”
នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលា “ផ្សព្វផ្សាយរបាយការណ៍ជាតិពីការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងនយោបាយ (ICCPR)” ក្រោមកិច្ចសហការវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និងរដ្ឋបាលខេត្តកំពង់ឆ្នាំង នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ជា សុខរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង តំណាងសាលាដំបូងខេត្ត អយ្យការអមសាលាដំបូងខេត្ត កងរាជអាវុធហត្ថ រដ្ឋបាលសាលាខេត្ត ពន្ធនាគារខេត្ត មន្ទីរ អង្គភាព សាលាស្រុក ស្ថាប័នពាក់ព័ន្ធនានា និងអង្គការសង្គមស៊ីវិល ព្រមទាំងយុវជន ស.ស.យ.ក. ខេត្ត សរុបចំនួន ៣០០នាក់។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា សិក្ខាសាលាថ្ងៃនេះរៀបចំឡើងក្នុងគោលបំណងជំរុញការចូលរួមបំពេញកាតព្វកិច្ចក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិក្នុងនាមជារដ្ឋភាគី ដែលត្រូវធ្វើការផ្សព្វផ្សាយ និងបង្កើនការយល់ដឹងដល់អង្គភាពទាំងថ្នាក់ជាតិនិងក្រោមជាតិ ឱ្យបានទូលំទូលាយសមស្របទៅតាមនិយាមនៃច្បាប់ និងគោលការណ៍មិនរើសអើង។ ជាក់ស្ដែង ក្រោមការដឹកនាំរបស់សម្ដេចតេជោ និងបន្ដដោយសម្ដេចធិបតី ប្រទេសកម្ពុជា បាននិងកំពុងលើកកម្ពស់និងការពារសិទ្ធិមនុស្សលើគ្រប់វិស័យបានយ៉ាងល្អប្រសើរនិងរីកចម្រើនជាលំដាប់ តួយ៉ាង សិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ។ ក្នុងនោះ ចំពោះការមិនរើសអើងត្រូវបានធានាតាមរយៈគោលនយោបាយមិនទុកប្រជាពលរដ្ឋណាម្នាក់ចោល រួមទាំងសិទ្ធិរបស់អ្នកស្រឡាញ់ភេទដូចគ្នា ដែលយើងទាំងអស់គ្នាត្រូវចូលរួមលើកកម្ពស់ ការពារសិទ្ធិ និងលុបបំបាត់ការរើសអើងចំពោះពួកគាត់។ បន្ថែមលើនេះ សម្រាប់សិទ្ធិពលរដ្ឋ និងលម្ហនយោបាយ នៅកម្ពុជាមានភាពទូលំទូលាយ ដែលធ្លាប់ត្រូវបានគេប្រសិទ្ធនាមថាជាឋានសួគ៌នៃសមាគម អង្គការមិនមែនរដ្ឋាភិបាល សង្គមស៊ីវិល និងសហជីព ហើយបណ្តាញសារព័ត៌មាននិងបណ្តាញសង្គមក៏មានលក្ខណៈសម្បូរបែបនិងដំណើរការដោយសេរី។ ទន្ទឹមនេះ ប្រជាពលរដ្ឋគ្រប់រូបក៏មានសិទ្ធិក្នុងការចូលរួមជីវភាពនយោបាយ និងជ្រើសរើសគណបក្សនយោបាយដែលខ្លួនពេញចិត្តដោយសេរី ហើយក៏មានគណៈបក្សនយោបាយជាច្រើនបានចុះបញ្ជី និងចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ព្រមទាំងអាចធ្វើសកម្មភាពនយោបាយតាមច្បាប់ជាធរមានដោយគ្មានការរឹតត្បិត។
ឯកឧត្តមទេសរដ្ឋមន្រ្តីក៏បានគូសបញ្ជាក់ផងដែរ ជុំវិញបញ្ហាព្រំដែនជាមួយប្រទេសថៃ ដោយ គ.ស.ម.ក. បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដី និងប្រជាជនតាមរយៈការដាក់ពាក្យបណ្តឹងតវ៉ាចំនួន ៦០ច្បាប់ ទៅគ្រប់ភាគីពាក់ព័ន្ធទាំងកម្រិតតំបន់អាស៊ាន និងយន្តការអន្តរជាតិនានា។ បន្ថែមលើនេះ តាមការណែនាំរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្តី គ.ស.ម.ក. បានដឹកនាំគណៈប្រតិភូអន្តរស្ថាប័នទៅបំពេញបេសកកម្មសិទ្ធិមនុស្សនៅក្រុមប្រឹក្សាសិទ្ធិមនុស្ស ដើម្បីបង្ហាញការពិត និងតវ៉ាអំពីការរំលោភបំពានរបស់ភាគីថៃមកលើសិទ្ធិសេរីភាពរបស់ប្រជាជនខ្មែរ នៅទីក្រុងហ្សឺណែវ កាលពីខែមីនា ឆ្នាំ២០២៦ កន្លងទៅ។ ក្នុងនោះ គ.ស.ម.ក. ក៏បានចុះសួរសុខទុក្ខវីរៈកងទ័ពនិងជនភៀសសឹកចំនួន ១០លើក ព្រមទាំងអំពាវនាវឱ្យប្រជាពលរដ្ឋរក្សាសាមគ្គីភាព និងជឿទុកចិត្តលើការដោះស្រាយរបស់រាជរដ្ឋាភិបាល។
ស្របពេលជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះការដឹកនាំដ៏ប៉ិនប្រសប់និងឆ្លាតវៃរបស់ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ដែលបានខិតខំប្រែមុខមាត់ខេត្តកំពង់ឆ្នាំង ឱ្យក្លាយជាខេត្តដែលមានសក្តានុពលផ្នែកសេដ្ឋកិច្ច តាមរយៈកំណើនរោងចក្រ សហគ្រាសនានា ព្រមទាំងចំនួនពលករកើនឡើងជាង ១សែននាក់ ធ្វើឱ្យចំនួនប្រជាពលរដ្ឋមានការងារធ្វើមានការកើនឡើង ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ ចំពោះការលើកកម្ពស់ជីវភាព និងសិទ្ធិសេដ្ឋកិច្ចសម្រាប់ប្រជាពលរដ្ឋទូទាំងខេត្ត។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏មានអនុសាសន៍ផ្តាំផ្ញើដល់មន្ត្រីរាជការទូទាំងខេត្តរួបរួមគ្នាជាធ្លុងមួយជាមួយប្រជាពលរដ្ឋតាមរយៈបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ តម្លាភាព និងគ្មានការរើសអើង ដើម្បីធានាការទទួលបានសេវាសាធារណៈស្មើភាពគ្នា និងអនុវត្តច្បាប់សិទ្ធិមនុស្សឱ្យបានត្រឹមត្រូវ ស្របតាមច្បាប់ជាតិ និងបរិបទសង្គមខ្មែរ ព្រមទាំងចងចាំថា សាមគ្គីភាពជាកម្លាំង ហើយការរួបរួមគ្នារបស់យើងបង្ហាញពីភាពរឹងមាំដែលអាចជម្នះគ្រប់ឧបសគ្គ និងសន្តិភាពគឺជាមូលដ្ឋានគ្រឹះសម្រាប់សិទ្ធិមនុស្ស។
ជាចុងក្រោយ ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ ចំពោះកិច្ចសហការរបស់រដ្ឋបាលខេត្ត ក្នុងការផ្សព្វផ្សាយរបាយការណ៍ ICCPR នាពេលនេះ ដែលបង្ហាញពីការយកចិត្តទុកដាក់និងជាការរួមចំណែកក្នុងការបំពេញកាតព្វកិច្ចក្រោមច្បាប់និងយន្ដការសិទ្ធិមនុស្សអន្តរជាតិជាមួយរដ្ឋាភិបាលក្នុងការអនុវត្តអនុសាសន៍ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីកិត្យានុភាពជាតិនៅឆាកតំបន់និងអន្តរជាតិក៏ដូចជាឧត្តមប្រយោជន៍របស់ប្រជាជនខ្មែរទូទៅផងដែរ៕








-
ព័ត៌មាន6 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន6 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន6 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន4 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន6 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន4 days agoថ្ងៃដំបូងបើកដំណើរការផ្លូវថ្មើជើងចតុមុខអបអរសាទរបុណ្យអុំទូក មានភ្ញៀវជាតិ អន្តរជាតិជាច្រើនមកដើរទស្សនាកម្សាន្ត
-
ព័ត៌មាន6 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា