ព័ត៌មាន
កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព
បន្ទាប់ពីអញ្ជើញជាអធិបតីក្នុងទិវាអបអរសាទរបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៊ីស្រាអែល ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវបណ្ឌិត អាឡូណា ហ្វីស័រ ខាម (Alona Fisher-Kamm) ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងផ្លាស់ប្តូរទស្សនៈអំពីការអនុវត្តកិច្ចព្រមព្រៀងទ្វេភាគីស្តីពី ការជ្រើសរើសពលករកម្ពុជាសម្រាប់ការងារបណ្តោះអាសន្ននៅក្នុងវិស័យទីផ្សារការងារជាក់លាក់នានានៃរដ្ឋអ៊ីស្រាអែល។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកជំទាវបណ្ឌិត និងគណៈប្រតិភូ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអ៊ីស្រាអែល នាពេលកន្លងមក ជាពិសេសក្នុងវិស័យការងារ ការអភិវឌ្ឍធនធានមនុស្ស និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។ ឯកឧត្តមបានគូសបញ្ជាក់ថា ជំនួបនាពេលនេះ គឺជាឱកាសដ៏សំខាន់មួយក្នុងការធ្វើបច្ចុប្បន្នភាពអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ និងពិភាក្សាអំពីការរៀបចំអនុវត្តកិច្ចព្រមព្រៀងការងារដែលភាគីទាំងពីរបានខិតខំចរចារហូតឈានដល់ការបញ្ចប់ដោយជោគជ័យ។ កិច្ចព្រមព្រៀងនេះ គឺជាការបើកទំព័រថ្មីមួយក្នុងទំនាក់ទំនងកម្ពុជា-អ៊ីស្រាអែល ដោយបង្កើតយន្តការផ្លូវការសម្រាប់ការធ្វើចល័តភាពកម្លាំងពលកម្មប្រកបដោយសុវត្ថិភាព សណ្តាប់ធ្នាប់ និងតម្លាភាព។

ជាមួយនឹងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់ស្ថានទូត និងស្ថាប័នពាក់ព័ន្ធរបស់អ៊ីស្រាអែល ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយភាគីអ៊ីស្រាអែល ដើម្បីធានាឱ្យការអនុវត្តកម្មវិធីនេះប្រព្រឹត្តទៅដោយរលូន ប្រកបដោយប្រសិទ្ធភាព និងស្របតាមគោលបំណងរបស់រដ្ឋាភិបាលទាំងពីរ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបង្ហាញជំហរកម្ពុជាក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការងារទៅកាន់វិស័យដែលមានតម្រូវការកម្លាំងពលកម្មខ្ពស់ផ្សេងទៀត។

ជាការឆ្លើយតប លោកជំទាវបណ្ឌិត អាឡូណា ហ្វីស័រ ខាម បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារនៃភាគីទាំងពីរ ជាពិសេសក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានធ្វើការយ៉ាងសកម្មរហូតសម្រេចបាននូវកិច្ចព្រមព្រៀងដ៏សំខាន់នេះ។ លោកជំទាវឯកអគ្គរដ្ឋទូតក៏បានសម្តែងការពេញចិត្តចំពោះបទពិសោធជោគជ័យរបស់កម្មវិធីនិស្សិតកសិកម្មកម្ពុជានៅអ៊ីស្រាអែលនាពេលកន្លងមក និងបានកោតសរសើរចំពោះភាពឧស្សាហ៍ព្យាយាម វិន័យ និងការប្តេជ្ញាចិត្តក្នុងការងាររបស់យុវជនកម្ពុជា។ លោកជំទាវជឿជាក់ថា ពលករកម្ពុជានឹងបន្តបង្ហាញសមត្ថភាព និងក្លាយជាកម្លាំងពលកម្មដ៏មានតម្លៃសម្រាប់និយោជកអ៊ីស្រាអែល។
ភាគីទាំងពីរបានឯកភាពបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីពន្លឿនការអនុវត្តកិច្ចព្រមព្រៀងនេះឱ្យចាប់ផ្តើមបានក្នុងពេលឆាប់ៗខាងមុខ ព្រមទាំងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងការអភិវឌ្ឍធនធានមនុស្ស ដើម្បីផលប្រយោជន៍រួមនៃប្រទេស និងប្រជាជនទាំងពីរ។

សូមបញ្ជាក់ថា កម្ពុជា និងអ៊ីស្រាអែល បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ដែលជាសមិទ្ធផលសំខាន់មួយក្នុងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងនេះនឹងបើកឱកាសឱ្យពលករកម្ពុជាចូលរួមក្នុងទីផ្សារការងារអ៊ីស្រាអែលដោយស្របច្បាប់ និងទទួលបានការការពារសិទ្ធិ និងសុខុមាលភាពស្របតាមស្តង់ដាអន្តរជាតិ។ ទន្ទឹមនឹងនេះ កម្ពុជាក៏ចាប់អារម្មណ៍ក្នុងការសិក្សា និងផ្លាស់ប្តូរបទពិសោធពីភាពជោគជ័យរបស់អ៊ីស្រាអែលក្នុងវិស័យកសិកម្មឆ្លាតវៃ ការគ្រប់គ្រងធនធានទឹក បច្ចេកវិទ្យាបៃតង ការអប់រំ STEM និងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ ដែលអាចរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស និងការបង្កើនផលិតភាពសេដ្ឋកិច្ចរបស់កម្ពុជានាពេលអនាគត៕



-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញវឌ្ឍនភាព និងការចាប់ផ្តើមអនុវត្ត “កម្មវិធីលើកកម្ពស់ជីវភាពគ្រួសារយុទ្ធជន តាមរយៈគំរូផលិតកម្មកសិកម្មទំនើប”
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន6 days agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ