ព័ត៌មាន
រយៈពេលជាង២ឆ្នាំមកនេះ មន្ទីរពេទ្យគន្ធបុប្ជាទទួលព្យាបាលកុមារខាងផ្នែកមហារីកមានចំនួន ១៨០ករណី
គិតចាប់ពីខែកញ្ញា ឆ្នាំ២០២៣ រហូតមកដល់ឆ្នាំ២០២៦នេះ មន្ទីរពេទ្យគន្ធបុប្ជា បាននឹងកំពុងទទួលព្យាបាលកុមារដែលមានជំងឺមហារីកចំនួន ១៨០ករណី ដោយឥតគិតថ្លៃ។ ក្នុងនោះ បានបញ្ចប់ការព្យាបាលចំនួន ៩២ករណី ស្មើនឹងប្រមាណជាង ៥១%។

លោកស្រីវេជ្ជបណ្ឌិត សុវ៉ាត់ សុវណ្ណរ៉ា ប្រធានផ្នែកជំងឺមហារីកកុមារ នៃមន្ទីរពេទ្យគន្ធបុប្ជា នៅព្រឹកថ្ងៃទី២៥ ខែមិថុនានេះ បានមានប្រសាសន៍ប្រាប់ព័ត៍មាន ប៊ីធីវី ឱ្យដឹងថា ក្នុងចំណោមជំងឺមហារីកចំនួន ១៨០ករណីនេះ ក្នុងនោះប្រភេទជំងឺមហារីកដែលជួបញឹកញាប់ គឺមហារីកខួរក្បាលមានជាង ២៦% , មហារីកកោសិកាដើម មានជាង ១២%, មហារីកឆ្អឹង មានជាង ១១%, មហារីកកូនកណ្តុរ មានជាង ១០% និងមហារីកប្រព័ន្ធប្រាសាទ មានជាង ១០%។
លោកស្រីវេជ្ជបណ្ឌិត បានបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះ មិនទាន់មានការស្រាវជ្រាវណាមួយបង្ហាញថា ជំងឺមហារីកកុមារកើតឡើងដោយសារមូលហេតុអ្វីឱ្យពិតប្រាកដទេ។ ប៉ុន្តែមានកត្តារួមផ្សំមួយចំនួន ដូចជាកត្តាហ្សេនដែលជាសំដៅទៅលើការបម្លែង ឬទៅលើប្រែប្រួលរបស់ហ្សេន ដែលធ្វើឱ្យ DNA របស់កោសិកាមានភាពប្រែប្រួល។ ជាមួយនេះ លោកស្រីវេជ្ជបណ្ឌិត ក៏បានលើកទឹកចិត្តដល់មាតាបិតា និងអាណាព្យាបាលក្មេងទាំងអស់ ឱ្យយកចិត្តទុកដាក់និងតាមដានសុខភាពរបស់ក្មេង ប្រសិនបើមានករណីមិនស្រួលណាមួយ សូមរួសរាន់ទៅមន្ទីរពេទ្យដើម្បីពិនិត្យនិងព្យាបាល ចៀសវាងកើតបញ្ហាធ្ងន់ធ្ងរដល់សុខភាពរបស់ក្មេងៗ។

កំពុងសម្រាក និងមើលថែទាំកូនដែលកើតជំងឺដ៏កាចសាហាវនេះ ក្រុមអាណាព្យាបាល បាននិយាយដោយអារម្មណ៍អួនណែនថា ពាក្យថា មហារីក គ្មានអ្នកណាម្នាក់ចង់ជួបនោះឡើយ ហើយក៏មិនដែលចង់ជួបនិងចង់យល់ដូចគ្នា ពីព្រោះពិតជាពិបាកទទួលយកណាស់ ជាពិសេសកើតលើក្មេងៗដែលពុំទាន់ដឹងក្តី។ ពួកគាត់ បាននិយាយឱ្យដឹងទៀតថា នៅពេលដែលទទួលដំណឹងពីគ្រូពេទ្យថា កូនមានបញ្ហាសុខភាពរហូតឈានដល់មហារីកនេះ ពិតជាទទួលយកមិនបានទេ ដោយសារមានការព្រួយបារម្ភពីអាយុជីវិត និងខ្លាចបាត់បង់សមាជិកក្នុងគ្រួសារ ខណៈជីវភាពក៏មានការខ្វះខាតជាដើម។ ប៉ុន្តែ ក្រោយពីនៅ បានស្តាប់ការពន្យល់យ៉ាងយកចិត្តទុកដាក់ពីសំណាក់គ្រូពេទ្យ ក៏មានអារម្មណ៍កក់ក្តៅ ព្រោះអាចព្យាបាលបាន ហើយនៅមន្ទីរពេទ្យគន្ធបុប្ជានេះ មានកន្លែងព្យាបាលជំងឺមហារីក និងមិនគិតថ្លៃថែមទៀត។
យោងតាមរបាយការណ៍សង្ខេបស្ដីពីសកម្មភាពរបស់មន្ទីរពេទ្យគន្ធបុប្ផា គិតក្នុងរយៈពេលពេញ១ឆ្នាំ២០២៥ មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប បានពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺកុមារចំនួនជាង ១លានករណី កើនឡើង១៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤កន្លងទៅ។ សូមបញ្ជាក់ទៀតថា មន្ទីរពេទ្យគន្ធបុប្ផា ក៏បានព្យាបាលកុមារដែលសម្រាកព្យាបាលជំងឺក្នុងមន្ទីរពេទ្យចំនួនជាង ២៣ម៉ឺននាក់ និងព្យាបាលអ្នកជំងឺគ្រុនឈាមដែលសម្រាកក្នុងមន្ទីរពេទ្យចំនួន ២,២ម៉ឺនករណី, ពិនិត្យ និងផ្ដល់សេវាតាមដានផ្ទៃពោះ និងដល់ស្រីមានផ្ទៃពោះចំនួនជាង ១០ម៉ឺនករណី, ផ្ដល់សេវាសម្រាលកូនដល់ស្រ្តីចំនួនជាង ២ម៉ឺន ៥ពាន់នាក់ ២៥, ផ្ដល់សេវាវះកាត់ទូទៅចំនួនជាង ៣ម៉ឺន ៤ពាន់នាក់ និងវះកាត់ជំងឺបេះដូងពីកំណើតចំនួនជាង ១ពាន់នាក់។ ក្នុង២០២៥ មន្ទីរពេទ្យគន្ធបុប្ផាបានចំណាយថវិកាជាង ៤៦លានដុល្លារអាម៉េរិក ដើម្បីបន្តបេសកកម្មសង្គ្រោះជីវិតទារក កុមារ និងស្រ្តីមានផ្ទៃពោះដោយឥតគិតថ្លៃ និងគ្មានការរើសអើង៕ អត្ថបទ៖ ឈិត បូរ៉ាវី






-
ព័ត៌មាន4 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន3 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន2 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន6 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន3 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន6 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល