ព័ត៌មាន
ទូតឡាវបានសម្តែងការកោតសរសើរយ៉ាងខ្លាំង ចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការគ្រប់គ្រង និងការពារបរិស្ថាន
ឯកឧត្តម បួកែវ ភូមវង្សសាយ (Buakeo PHUMVONGSAY) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរកម្ពុជា ដែលទទួលបានចំណាត់ថ្នាក់លេខ១ ដែលមានបរិស្ថានធម្មជាតិស្អាតបំផុតនៅលើពិភពលោក ឆ្នាំ២០២៦ ដែលបានបង្ហាញពី កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការការពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍប្រកបដោយចីរភាព។
ការកោតសរសើរនេះត្រូវបានធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តម បានទទួលជួបពិភាក្សាការងារ ជាមួយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នាទីស្តីការក្រសួងបរិស្ថាន។ ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថា ដោយសារកម្ពុជានិងឡាវជាប្រទេសភូមិផងរបងជាមួយគ្នា ការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថាន នឹងពិតជាមានសារៈសំខាន់ ដែលប្រទេសឡាវ ត្រូវការដកពិសោធន៍ពីកម្ពុជា ហើយឯកឧត្តមនិងខិតខំជំរុញឱ្យក្រសួងបរិស្ថាននៃប្រទេសទាំងពីរកម្ពុជា-ឡាវ មានកិច្ចសហប្រតិបត្តិការជាមួយគ្នាថែមទៀត ក្នុងការគ្រប់គ្រងវិស័យបរិស្ថាននិងធនធានធម្មជាតិ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍បន្ថែមថាកម្ពុជា បាននិងកំពុងអនុវត្ត «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ដែលបានដាក់ចេញនូវវិធានការច្បាប់តឹងរ៉ឹង ចំពោះបទល្មើសធនធានធម្មជាតិ ពង្រឹងការគ្រប់គ្រងវិស័យបរិស្ថាន តាមរយៈយុទ្ធនាការជាច្រើន សម្រាប់ការគ្រប់គ្រងការបំពុលបរិស្ថាន ក្នុងការថែរក្សាសុខភាពបរិស្ថានលើមេឃ លើដី និង ក្នុងទឹក ជំរុញការដាំកូនឈើឱ្យបានច្រើនដើម្បីបង្កើនគម្របបៃត និងប្រែក្លាយកម្ពុជា ទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលមកម្ពុជា ក្នុងនោះការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុង ជួយគាំទ្រដល់ការអភិវឌ្ឍសហគមន៍មូលដ្ឋាន តាមរយៈការផ្សារភ្ជាប់ការអភិរក្សធនធានធម្មជាតិ ទៅនឹងការបង្កើតសេដ្ឋកិច្ចក្នុងមូលដ្ឋាន ដើម្បីធានាចីរភាពបរិស្ថាន ក្នុងនោះមានការជួយអភិវឌ្ឍន៍ គោលដៅលម្ហែបៃតង ដែលប្រជាពលរដ្ឋអាចរកចំណូលល្អប្រសើរ។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងបន្ថែមថា កម្ពុជាអាចចែករំលែក ស្តីពីការផ្សារភ្ជាប់អត្ថប្រយោជន៍សេដ្ឋកិច្ច ទៅនឹងការអភិរក្សបរិស្ថាន ចំពោះកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាននៃប្រទេសទាំងពីរ នៅពេលខាងមុខ។ ឯកឧត្តម បានថ្លែងការគាំទ្រការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យបរិស្ថានរបស់ប្រទេសទាំងពីរ កម្ពុជា-ឡាវ និងជាពិសេសការរួមគ្នា ដោះស្រាយបញ្ហាប្រឈមបរិស្ថានសកល ដូចជាការប្រែប្រួលអាកាសធាតុ ការដោះស្រាយការបំពុលបរិស្ថាន និងបញ្ហាប្លាស្ទិកជាដើម។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណ ឯកឧត្តមឯកអគ្គរដ្ឋទូតឡាវ ចំពោះការវាយតម្លៃខ្ពស់លើសមិទ្ធផលនៃវិស័យបរិស្ថានកម្ពុជា ជាពិសេសការវាយតម្លៃប្រចាំឆ្នាំ២០២៦ ថាកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ មានបរិស្ថានធម្មជាតិល្អបំផុតលើពិភពលោក ដោយសារការរក្សាតុល្យភាព រវាងអភិរក្សនិងការអភិវឌ្ឍ ការថែរក្សាគុណភាពខ្យល់ ការគ្រប់គ្រងធនធានធម្មជាតិ និងការរស់នៅប្រកបដោយចីរភាព៕







-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣