ព័ត៌មាន
ទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ជួបជាមួយក្រុមហ៊ុនខ្មែរ ពិភាក្សាលើការនាំផលិតផលបន្ថែមទៅកាន់ទីផ្សារកូរ៉េ
ភ្នំពេញ៖ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំ នៅសាធារណរដ្ឋកូរ៉េ បានជួបពិភាក្សាជាមួយតំណាងក្រុមខ្មែរចំនួន៤ ដែលបាននាំផលិតផលទៅតាំងពិព័រណ៍ នៅក្រុងសេអ៊ូល ដើម្បីពិនិត្យលទ្ធភាព ក្នុងការនាំយកផលិតផលខ្មែរបន្ថែមទៀត ទៅកាន់ទីផ្សារប្រទេសកូរ៉េ ខណៈទំនិញខ្មែរមួយចំនួន ក៏កំពុងមានវត្តមាននៅក្នុងប្រទេសមួយនេះផងដែរ ។
ក្នុងជំនួបជាមួយតំណាងក្រុមហ៊ុនចំនួន៤ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ មានប្រសាសន៍ថា ជំនួបនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងស្តាប់ ការចែករំលែកបទពិសោធន៍ និងបញ្ហាប្រឈមរបស់ក្រុមហ៊ុនអាជីវកម្ម ដែលបានមកចូលរួមពិព័រណ៌នៅកូរ៉េផ្ទាល់ និងបំណងប្រាថ្នាចង់ចាប់ដៃគូវិនិយោគជាមួយបណ្តាក្រុមហ៊ុនកូរ៉េ ដើម្បីនាំផលិតផលរបស់ខ្លួនចូលទីផ្សារកូរ៉េ ។
ក្នុងជំនួបនោះ តំណាងក្រុមហ៊ុនទាំង៤ បានថ្លែងអំណរគុណដល់ស្ថានទូតកម្ពុជា ដែលបានជួយសម្របសម្រួល ឱ្យក្រុមហ៊ុនបានចូលរួមក្នុងកម្មវិធីពិព័រណ៌ខាងលើ និងបានបង្ហាញនូវអារម្មណ៍សប្បាយរីករាយ ដែលមានឱកាសយកផលិតផលរបស់ខ្លួន មកផ្សព្វផ្សាយឱ្យអ្នកប្រើប្រាស់ ក្នុងប្រទេសកូរ៉េបានស្គាល់កាន់តែច្រើន ព្រមទាំងបង្កើតនូវកាលានុវឌ្ឍភាពក្នុងការនាំចូលផលិតផលរបស់ខ្លួនមកទីផ្សារប្រទេសកូរ៉េ ។
ពួកគេបានបន្តថា មិនត្រឹមតែប៉ុណ្ណោះ ក៏អាចមានឱកាសទស្សនា និងស្វែងយល់ពីស្តង់នៃផលិតផលរបស់ប្រទេសផ្សេងទៀត ដើម្បីសិក្សា និងកែលម្អផលិតផល និងការរចនាស្តង់របស់កម្ពុជា ឱ្យកាន់តែមានភាពទាក់ទាញ ក្នុងឱកាសពិព័រណ៌នាពេលខាងមុខ ។
ជាមួយគ្នានោះ ក្រុមហ៊ុនកម្ពុជា ក៏បានសំណូមពរ ចង់បានឱកាសចូលរួមតាំងពិព័រណ៍កាន់តែច្រើនថែមទៀត នាពេលខាងមុខ ដើម្បីឱ្យអតិថិជនកូរ៉េអាចស្គាល់ និងចងចាំផលិតផលរបស់ខ្លួន ព្រមទាំងស្នើសុំស្ថាប័នជំនាញ រៀបចំឱ្យមានវេទិកាផ្លាស់ប្តូរយោបល់ អំពីបញ្ហាប្រឈម និងដំណោះស្រាយសម្រាប់ការនាំផលិតផលចេញទៅក្រៅប្រទេស ។
សម្រាប់ក្រុមហ៊ុនទាំង៤នោះ រួមមានក្រុមហ៊ុន ១. TL AGRI FOOD, ២. AWESOME PICK, ៣. MAYANY ENTERPRISE និង៤. ក្រុមហ៊ុន SEPAKAM PONLEI THAMACHEAT ដោយក្រុមហ៊ុនទាំងោះ បានទៅចូលរួមពិព័រណ៍ផលិតផលខ្មែរនៅក្នុងកម្មវិធី ២ផ្សេងគ្នា គឺ១. កម្មវិធី “ASEAN PANORAMA” រៀបចំដោយមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ (ASEAN-KOREA Center-AKC) និង២. កម្មវិធី “Korea Import Expo 2026” រៀបចំដោយសមាគមអ្នកនាំចូលកូរ៉េ (Korea Importers Association-KOIMA) ។
សម្រាប់ពិព័រណ៍នេះ គឺប្រព្រឹត្តិទៅពីថ្ងៃទី៧ ខែឧសភា ដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៦ ដោយដាក់តាំងបង្ហាញផលិតផលតាមវេនប្រទេសអាស៊ាន ។ ចំពោះផលិតផលរបស់ប្រទេសកម្ពុជាមកពី ៧ក្រុមហ៊ុន បានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍នេះ រួមមានមីជាតិ ម្រេចកំពត គ្រាប់ស្វាយចន្ទី ទឹកឃ្មុំព្រៃ ស្ករត្នោតម្សៅគ្រាប់ស្វាយចន្ទី ដំណាប់ស្វាយ ដំណាប់ចេក និងគ្រឿងទេសខ្មែរគ្រប់មុខ ៕ អត្ថបទ បាន សុខរិទ្ធិ










-
ព័ត៌មាន4 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន3 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន2 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន6 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន3 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន6 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល