ព័ត៌មាន
«ពង្រឹង ជាជាងពង្រីក»៖ ក្រសួងមុខងារសាធារណៈ និងក្រសួងធម្មការ ជួបពិភាក្សាសម្រួចរចនាសម្ព័ន្ធការងារនៃអង្គភាពចំណុះជៀសវាងការអនុវត្តតួនាទីជាន់គ្នា
ភ្នំពេញ៖ ដើម្បីពន្លឿនការកែទម្រង់រដ្ឋបាលសាធារណៈ និងធានាប្រសិទ្ធភាពការងារឱ្យកាន់តែប្រសើរ ក្រសួងមុខងារសាធារណៈ បានរៀបចំកិច្ចប្រជុំកម្រិតបច្ចេកទេសជាមួយក្រសួងធម្មការ និងសាសនា ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យ និងកែសម្រួលរចនាសម្ព័ន្ធស្ថាប័នឱ្យមានភាពរលូន និងលុបបំបាត់ភាពស្ទួនគ្នានៃការងារ។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងនារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នៅសាលាភូមិន្ទរដ្ឋបាល ក្រោមការដឹកនាំរបស់ លោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និង ឯកឧត្តម សេង សុមុនី រដ្ឋលេខាធិការប្រចាំការនៃក្រសួងធម្មការ និងសាសនា។
ជំនួបនេះ គឺការពិភាក្សាលើសេចក្តីព្រាងប្រកាសស្តីពី «ការរៀបចំ និងការប្រព្រឹត្តទៅរបស់អង្គភាពចំណុះក្រសួងធម្មការ និងសាសនា» ដោយផ្តោតលើគោលដៅសំខាន់ៗមួយចំនួនដូចជា ការធានាភាពសមស្រប ក្នុងការរៀបចំរចនាសម្ព័ន្ធអង្គភាពនីមួយៗ (ដូចជានាយកដ្ឋាន វិទ្យាស្ថាន និងការិយាល័យ) ឱ្យស៊ីចង្វាក់គ្នាទៅនឹងតួនាទី ភារកិច្ច និងមុខងារជាក់ស្តែង។
ទន្ទឹមនេះ កិច្ចប្រជុំបានពិភាក្សាលើការលុបបំបាត់ភាពស្ទួនគ្នា ឬជៀសវាងការអនុវត្តការងារជាន់គ្នា ដែលធ្វើឱ្យខាតបង់ពេលវេលា និងធនធាន ហើយជំរុញឱ្យការបំពេញការងារ និងការផ្តល់សេវាសាធារណៈកាន់តែមានភាពរហ័ស និងតម្លាភាព។
ការរៀបចំនេះ គឺធ្វើឡើងដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវអភិក្រមរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី «ពង្រឹង ជាជាងពង្រីក» និង «រៀបចំផ្ទះឱ្យរៀបរយ»។ ជំហាននេះ ក៏ជាការបន្តអនុវត្តវិធានការគន្លឹះទី២ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ បន្ទាប់ពីការវិភាគមុខងារស្ថាប័នត្រូវបានធ្វើឡើងរួចរាល់។
ឆ្លងកាត់ការពិភាក្សាយ៉ាងផុសផុល និងប្រកបដោយស្មារតីសហការ អង្គប្រជុំបានប្រមូលនូវធាតុចូលសំខាន់ៗជាច្រើន ដើម្បីធ្វើឱ្យសេចក្តីព្រាងប្រកាសនេះកាន់តែមានភាពច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព។
គួរបញ្ជាក់ថា ការកែសម្រួលយន្តការប្រតិបត្តិការរបស់ក្រសួង ស្ថាប័ននៅពេលនេះ មិនមែនជាការពង្រីករចនាសម្ព័ន្ធស្ថាប័នរដ្ឋនោះទេ ប៉ុន្តែគឺជាការរៀបចំ និងសម្រួលរចនាសម្ព័ន្ធដែលមានស្រាប់ឱ្យក្លាយជាស្ថាប័នរឹងមាំ ទំនើប មានគណនេយ្យភាព និងឆ្លើយតបចំទិសដៅនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល៕









-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣