ព័ត៌មាន
ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារនិងផ្ដល់ការងារឱ្យខ្មែរ» នៅបរិវេណវត្តអម្ពវនារាម (វត្តស្វាយមីង) ស្ថិតក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីតំណាងភាគីពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋ និងយុវជនក្នុងមូលដ្ឋានប្រមាណជិត ៦០០នាក់។ វេទិកានេះមានគោលបំណងផ្ដល់ព័ត៌មានអំពីឱកាសការងារសមរម្យ ការបណ្តុះបណ្តាលវិជ្ជាជីវៈ កន្លែងស្នាក់នៅដោយឥតគិតថ្លៃ ព្រមទាំងឱកាសការងារនៅក្រៅប្រទេសប្រកបដោយសុវត្ថិភាព និងទទួលបានប្រាក់ចំណូលខ្ពស់ ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ និងយុវជនកំពុងរកការងារធ្វើ។
ក្នុងឱកាសនោះ ឯកឧត្តម យឹម ស៊ីណន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា វេទិកានេះមានការចូលរួមពីតំណាងរោងចក្រ និងសហគ្រាសធំៗចំនួន ៧ ដែលបានចុះជ្រើសរើសបុគ្គលិកដោយផ្ទាល់ សម្រាប់តម្រូវការកម្លាំងពលកម្មសរុប ៥ ០០០កន្លែង ដែលជាផ្នែកមួយនៃឱកាសការងារសរុបជាង ៩ម៉ឺនកន្លែង ដែលក្រសួងកំពុងផ្ដល់ជូននៅទូទាំងប្រទេស។
ឯកឧត្តម រដ្ឋលេខាធិការ បានគូសបញ្ជាក់ពីគុណសម្បត្តិនៃការបម្រើការងារក្នុងស្រុក ដោយធ្វើការប្រៀបធៀបជាមួយការងារចំណាកស្រុកនៅប្រទេសថៃ។ ឯកឧត្តមបានលើកឡើងថា ការធ្វើការនៅប្រទេសថៃអាចប្រឈមនឹងហានិភ័យផ្នែកសុវត្ថិភាព ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ការរើសអើង អំពើហិង្សា ការរស់នៅឆ្ងាយពីក្រុមគ្រួសារ និងកង្វះការគាំពារសុខភាពទាំងបច្ចុប្បន្ន និងអនាគត។ ផ្ទុយទៅវិញ ការងារក្នុងស្រុកមិនត្រឹមតែជួយពង្រឹងសេដ្ឋកិច្ចគ្រួសារ និងអាចរស់នៅជួបជុំក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានអត្ថប្រយោជន៍ពីរបបសន្តិសុខសង្គម (ប.ស.ស.) ចាប់តាំងពីថ្ងៃចូលបម្រើការងារ រួមមានការធានាលើហានិភ័យការងារ សេវាថែទាំសុខភាពដោយឥតគិតថ្លៃ និងរបបប្រាក់សោធន ឬប្រាក់ចូលនិវត្តន៍ដូចមន្ត្រីរាជការ ដែលជួយធានាជីវភាពសមរម្យនៅវ័យចាស់។
ជាមួយគ្នានេះ ឯកឧត្តម រដ្ឋលេខាធិការ បានអំពាវនាវដល់អតីតពលករពីប្រទេសថៃ ឱ្យចាប់យកឱកាសការងារក្នុងស្រុក ដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារជាបណ្ដោះអាសន្ន ឬអាចជ្រើសរើសទៅបម្រើការងារនៅប្រទេសដែលមានប្រាក់ឈ្នួលខ្ពស់ និងមានសុវត្ថិភាពជាង ដូចជា ប្រទេសជប៉ុន កូរ៉េ និងសិង្ហបុរីជាដើម។ ឯកឧត្តមបានណែនាំឱ្យបងប្អូនចូលរួមកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ តាមរយៈកម្មវិធី TVET ១,៥ លាន ដែលផ្ដល់ការសិក្សាដោយឥតបង់ថ្លៃ និងប្រាក់ឧបត្ថម្ភប្រចាំខែ លើជំនាញជាច្រើន ដូចជា សំណង់ ជួសជុលគ្រឿងម៉ាស៊ីន អគ្គិសនី ម៉ាស៊ីនត្រជាក់ ដុតនំ ឆុងកាហ្វេ និងជំនាញសម្ជស្ស រួមមានការផាត់មុខ អ៊ុតសក់ និងធ្វើក្រចក ដើម្បីអាចយកទៅប្រកបរបរដោយខ្លួនឯង។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ការមានជំនាញពិតប្រាកដ គឺជាមូលដ្ឋានសំខាន់សម្រាប់បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពគ្រួសារ។ ចំពោះអតីតពលករដែលមានជំនាញរួចហើយ ប៉ុន្តែមិនទាន់មានវិញ្ញាបនបត្រទទួលស្គាល់ ក្រសួងក៏បានដាក់ឱ្យអនុវត្តប្រព័ន្ធវាយតម្លៃទទួលស្គាល់ជំនាញពីមុន (RPL) ដើម្បីអនុញ្ញាតឱ្យធ្វើតេស្ត និងទទួលបានវិញ្ញាបនបត្របញ្ជាក់ជំនាញជាផ្លូវការ។ ទន្ទឹមនេះ ឯកឧត្តមបានជំរុញឱ្យប្រជាពលរដ្ឋចងចាំលេខទូរស័ព្ទ Hotline ១២៩៧ សម្រាប់ទទួលព័ត៌មានអំពីឱកាសការងារ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ព្រមទាំងលេខ ១២៨៦ សម្រាប់ព័ត៌មានពាក់ព័ន្ធនឹង ប.ស.ស.។
សូមជម្រាបថា ឱកាសការងារចំនួន ៥ ០០០កន្លែង ដែលបានផ្ដល់ជូនក្នុងវេទិកានេះ គឺជាផ្នែកមួយនៃឱកាសការងារសរុបជាង ៩ម៉ឺនកន្លែង នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ វេទិកានេះមានការចូលរួមពីរោងចក្រ និងសហគ្រាសចំនួន ៧ រួមមាន រោងចក្រ វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក, រោងចក្រ យូលីអ៊ីនធើណេស៊ិនណល (ខេមបូឌា) ហ្គាមេន ខូអិលធីឌី, រោងចក្រ អខេធី (ខេមបូឌា), រោងចក្រ សាន ហ្វេង (ខេមបូឌា) ខមភេនី លីមីធីត, ក្រុមហ៊ុន ថាកូ អាហ្រ្គី ព្រមទាំងក្រុមហ៊ុនជ្រើសរើសកម្លាំងពលកម្មទៅក្រៅប្រទេសចំនួន ២ គឺ ក្រុមហ៊ុន អ៊ែកស៊ល អេស៊ា យូមេន រីសសស៍ និងក្រុមហ៊ុន មីណាមី (ខេមបូឌា) អ៊ិនធើណេសិនសល សឺវីស ឯ.ក ដែលបាននាំយកឱកាសការងារនៅប្រទេសជប៉ុន មកផ្សព្វផ្សាយ និងជ្រើសរើសបុគ្គលិកដោយផ្ទាល់ផងដែរ៕














-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣