ព័ត៌មាន
រដ្ឋាភិបាលកម្ពុជាបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា
ភ្នំពេញ ៖ រាជរដ្ឋាភិបាលបានសម្រេចបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីសម្របសម្រួល និងគាំទ្រវិស័យទេសចរណ៍ភាពយន្ត និងការទស្សនាប្រាសាទនាពេលរាត្រី ដែលជាចក្ខុវិស័យវែងឆ្ងាយក្នុងការលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជាឱ្យកាន់តែមានភាពទាក់ទាញ។ អ្នកជំនាញផ្នែកទេសចរណ៍ យល់ឃើញថា នេះគឺជាផលិតផលទេសចរណ៍ថ្មីប្លែកដែលផ្តល់ជម្រើសកាន់តែប្រសើរសម្រាប់ភ្ញៀវទេសចរអន្តរជាតិ។
សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ បានសម្រេចបង្កើតក្រុមការងារអន្តរក្រសួងដើម្បីសម្របសម្រួលនិងគាំទ្រវិស័យទេសចរណ៍ភាពយន្ត និងការទស្សនាប្រាសាទនាពេលរាត្រីនៅកម្ពុជា ដែលក្រុមការងារនេះ មានរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាប្រធាន អមដោយអនុប្រធានចំនួន ៦ នាក់មកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ទីស្តីការគណៈរដ្ឋមន្ត្រី, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងមហាផ្ទៃ, និងក្រសួងទេសចណ៍, ព្រមទាំងមានសមាជិកជាតំណាងមកពីក្រសួងស្ថាប័ន និងអាជ្ញាធរជាច្រើនរូបទៀត។
យោងតាមប្រការ ២ ក្រុមការងារអន្តរក្រសួងនេះ មានភារកិច្ចសំខាន់ៗ ដូចជា រៀបចំផែនការយុទ្ធសាស្ត្រនិងផែនការសកម្មភាពគាំទ្រវិស័យទេសចរណ៍ភាពយន្ត និងការទស្សនាប្រាសាទនាពេលរាត្រី, តាមដានត្រួតពិនិត្យ និងវាយតម្លៃលើប្រសិទ្ធភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រនិងផែនការសកម្មភាពគាំទ្រវិស័យទេសចរណ៍ភាពយន្ត និងការទស្សនាប្រាសាទនាពេលរាត្រី។
ព្រមទាំង ក្រុមការងារអន្តរក្រសួងនេះក៏ត្រូវ ដឹកនាំ សម្របសម្រួលជាមួយក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ផ្នែកឯកជន ដៃគូសហការ ភាគីជាតិនិងអន្តរជាតិពាក់ព័ន្ធនឹងដំណើរការផលិតទេសចរណ៍ភាពយន្ត បទចម្រៀងទេសចរណ៍ ស៉្បតពាណិជ្ជកម្ម និងការរៀបចំទស្សនាប្រាសាទនាពេលរាត្រី ក្នុងគោលដៅលើកកម្ពស់វិស័យទេសចរណ៍ និងកិត្តិនាមនៃប្រទេសកម្ពុជាលើឆាកអន្តរជាតិ។
ចំណែក ចំណុចសំខាន់ៗផ្សេងៗទៀត មានដូចជា ការសិក្សាកំណត់ និងរៀបចំតំបន់សក្តានុពលសម្រាប់វិស័យទេសចរណ៍ភាពយន្ត បទចម្រៀងទេសចរណ៍ ស៉្បតពាណិជ្ជកម្ម និងការទស្សនាប្រាសាទនាពេលរាត្រី, សិក្សារៀបចំយន្តការលើកទឹកចិត្តដល់ការផលិតទេសចរណ៍ភាពយន្តនៅកម្ពុជា, ដឹកនាំនិងសម្របសម្រួលរៀបចំយុទ្ធសាស្ត្រជំរុញការទាក់ទាញឱ្យមានការផលិតទេសចរណ៍ភាពយន្ត បទចម្រៀងទេសចរណ៍ ស៉្បតពាណិជ្ជកម្មនៅកម្ពុជា, ជំរុញការអភិវឌ្ឍនិងវិនិយោគលើឧស្សាហកម្មទេសចរណ៍ភាពយន្ត នៅកម្ពុជា, ដឹកនាំ សម្របសម្រួល និងជំរុញសកម្មភាពទស្សនាប្រាសាទនាពេលរាត្រី។

លោកជំទាវបណ្ឌិត ហ៊ុន ដានី រដ្ឋលេខាធិការ និងជាប្រធានក្រុមអ្នកនាំពាក្យនៃក្រសួងទេសចរណ៍ បានប្រាប់ BTV ថា ការងារបន្ទាប់ គឺក្រុមការងារអន្តរក្រសួង នឹងពិភាក្សាគ្នា ដើម្បីជ្រើសយកប្រាសាទណាខ្លះនឹងត្រូវដាក់ឱ្យទស្សនា ពេលរាត្រី ដោយក្រសួងទេសចរណ៍រំពឹងថា វិស័យទេសចរណ៍ភាពយន្តនិងការទស្សនាប្រាសាទនាពេលរាត្រី នឹងផ្តល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ច-សង្គម និងវិស័យទេសចរណ៍កម្ពុជា។

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា បានឱ្យដឹងថា ការរៀបចំយុទ្ធសាស្រ្តថ្មីបន្ថែមនេះ នឹងផ្តល់ជាជម្រើសសម្រាប់ភ្ញៀវដើរកម្សាន្ត ដោយលោកមើលឃើញតំបន់ទេសចរណ៍មានសក្តានុពលជាច្រើននៅខេត្តសៀមរាបក្រៅពីតំបន់ប្រាសាទ ដូចជា រមណីយដ្ឋានភ្នំគូលែន និងភូមិបុរាណនៅតំបន់ប្រាសាទ ជាដើម។
ទិន្នន័យក្រសួងទេសចរណ៍ បានបង្ហាញថា ក្នុងរយៈពេល ៥ ខែដើមឆ្នាំ២០២៦ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុប ១,៥៤ លាននាក់ ធ្លាក់ចុះ ៤៧,៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ដែលមាន២,៩៥ លាននាក់៕





-
PR NEWS5 days agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
ព័ត៌មាន1 week agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន5 days agoអ្នកនាំពាក្យក្រសួងបរិស្ថាន៖ អ្នកផលិតមាតិកា ជាអ្នកចេះដឹងគួរតែនិយាយ និងជំរុញការការពារសត្វព្រៃ ជាជាងលើកទឹកចិត្តឱ្យបរិភោគដែលផ្ទុយនឹងច្បាប់
-
ព័ត៌មាន1 week agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
កីឡា1 week agoកម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក Koji ចាត់ទុកជាប្រកួតដ៏សំខាន់
-
ព័ត៌មាន6 days agoករណីបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រើប្រាស់វ៉ែនតាវៃឆ្លាត និងទូរសព្ទវៃឆ្លាត ក្រសួងអប់រំប្រកាសចាត់វិធានការណ៍តាមគោលការណ៍ជាធរមាន
-
ព័ត៌មាន1 week agoវិទ្យាស្ថាន PCCFPI ខេត្ដព្រះសីហនុ ផ្ដល់អាហារូបករណ៍ជិត ២ពាន់កន្លែងដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ តាមរយៈកម្មវិធី TVET 1.5M
-
ព័ត៌មាន6 days agoពីដៃកាន់សៀវភៅ និងដេញ Piano មកកាន់សង្វៀនអន្តរជាតិ៖ ភាពក្លាហាន និងទឹកភ្នែករបស់ ម៉ានេតា