ព័ត៌មាន
ក្រសួងបរិស្ថាន៖រលកកំដៅនៅអឺរ៉ុប គឺជាការព្រមាននៃការប្រែប្រួលអាកាសធាតុ ហើយកម្ពុជាត្រូវតែត្រៀមលក្ខណៈចាប់ពីថ្ងៃនេះដើម្បីប្រឈមនឹងបាតុភូត El Niño នាពេលខាងមុខ
ភ្នំពេញ៖ខណៈពេលដែលបណ្តាប្រទេសភាគច្រើន នៅតំបន់អឺរ៉ុប កំពុងជួបប្រទះនូវរលកកំដៅយ៉ាងខ្លាំង ដោយក្នុងនោះប្រទេសមួយចំនួនដូចជា បារាំង អង់គ្លេស និងប្រទេសដទៃទៀត កំពុងរងការគំរាមកំហែងពី សីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ពិភពលោកត្រូវបានរំលឹកឡើងវិញម្តងទៀតថា ការប្រែប្រួលអាកាសធាតុ លែងជាក្តីបារម្ភដ៏ឆ្ងាយហួសពីដៃទៀតហើយ ប៉ុន្តែវាជាតថភាពជាក់ស្តែងនាពេលបច្ចុប្បន្ន។ រលកកំដៅកំពុងកើតឡើងកាន់តែញឹកញាប់ មានរយៈពេលកាន់តែវែង និងកំពុងជះឥទ្ធិពលដល់តំបន់ដែលធ្លាប់តែមានរដូវក្តៅល្មម។
កម្ពុជាប្រហែលជាមិនមានលក្ខខណ្ឌអាកាសធាតុដូចអឺរ៉ុបនោះទេ ប៉ុន្តែយើងមិនគួរទាញសន្និដ្ឋានថា យើងអាចគេចផុតពីបញ្ហានេះបានឡើយ។ រលកកំដៅនាពេលបច្ចុប្បន្ននេះ គួរតែដើរតួជាការព្រមានទុកជាមុន។ វាក៏ជាសញ្ញាមួយបង្ហាញថា បាតុភូត El Niño នាពេលខាងមុខ អាចនឹងនាំមកនូវគ្រោះរាំងស្ងួតអូសបន្លាយពេល កំដៅខ្លាំង ការខ្វះខាតទឹក ភ្លើងឆេះព្រៃ ទិន្នផលកសិកម្មធ្លាក់ចុះ និងហានិភ័យសុខភាពកាន់តែខ្លាំងដល់ប្រជាជនរបស់យើង។ ជំនួសឱ្យការរង់ចាំរហូតដល់ផលប៉ះពាល់ទាំងនោះមកដល់ កម្ពុជាគួរតែចាប់ផ្តើមត្រៀមលក្ខណៈតាំងពីពេលនេះតទៅ។
ក្នុងរយៈពេលចំពោះមុខ គ្រប់ក្រុមគ្រួសារគួរតែរៀនប្រើប្រាស់ទឹកដោយសន្សំសំចៃ។ អាងស្តុកទឹក ស្រះទឹក និងប្រព័ន្ធធារាសាស្ត្រ គួរតែត្រូវបានពិនិត្យ និងជួសជុលឡើងវិញនៅកន្លែងណាដែលចាំបាច់។ កសិករគួរតែទទួលបានការណែនាំអំពីដំណាំធន់នឹងគ្រោះរាំងស្ងួត និងវិធីសាស្ត្រស្រោចស្រពដែលមានប្រសិទ្ធភាព។ វិធានការបង្ការភ្លើងឆេះព្រៃត្រូវតែពង្រឹង ហើយសហគមន៍ត្រូវតែត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះការផ្ទុះឡើងនៃគ្រោះអគ្គិភ័យ។ សាលារៀន មន្ទីរពេទ្យ និងកន្លែងធ្វើការ គួរតែត្រូវបានបំពាក់ដោយផែនការការពារមនុស្សពីរលកកំដៅខ្លាំង ជាពិសេសកុមារ មនុស្សចាស់ និងអ្នកដែលត្រូវធ្វើការងារនៅទីវាលខាងក្រៅ។
ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាល វិស័យឯកជន និងប្រជាពលរដ្ឋ គួរតែសហការគ្នាដើម្បីកាត់បន្ថយការដុតបំផ្លាញដែលមិនចាំបាច់ អភិរក្សព្រៃឈើ និងការពារប្រភពទឹក ដែលជាកន្លែងស្តុកទឹកដោយធម្មជាតិក្នុងរដូវវស្សា។ ដើមឈើនីមួយៗដែលត្រូវបានការពារនាថ្ងៃនេះ គឺជាប្រភពនៃម្លប់ សំណើម និងភាពធន់សម្រាប់ថ្ងៃស្អែក។
ក្រឡេកមើលទៅហួសពីបាតុភូត El Niño នាពេលខាងមុខ កម្ពុជាត្រូវតែស្ថាបនាភាពធន់នឹងអាកាសធាតុក្នុងរយៈពេលវែង។ នេះមានន័យថា ត្រូវវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធស្តុកទឹក ប្រព័ន្ធស្រោចស្រពទំនើប ថាមពលកកើតឡើងវិញ កសិកម្មឆ្លាតវៃ អាកាសធាតុ តំបន់បៃតងក្នុងទីក្រុង និងប្រព័ន្ធព្រមានជាមុនឱ្យកាន់តែរឹងមាំ។ ការការពារព្រៃឈើ ការស្តារប្រព័ន្ធអេកូឡូស៊ីដែលរងការខូចខាត និងការពង្រឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងជួយលើកកម្ពស់ ជីវភាពសហគមន៍ ដែលមិនត្រឹមតែជាគោលដៅបរិស្ថាន ប៉ុន្តែវាគឺជាការពង្រឹងដល់មូលដ្ឋានសម្រាប់សន្តិសុខជាតិ សន្តិសុខស្បៀង និងសុខភាពសាធារណៈ។
ការអប់រំក៏មានសារៈសំខាន់ដូចគ្នាដែរ។ ចំណេះដឹងផ្នែកអាកាសធាតុ (Climate literacy) គួរតែរាប់បញ្ចូលទៅក្នុងដំណើរការសិក្សារបស់សិស្សគ្រប់រូប ដើម្បីឱ្យមនុស្សជំនាន់ក្រោយយល់ដឹងទាំងអំពីហានិភ័យ និងដំណោះស្រាយ នៃការប្រែប្រួលអាកាសធាតុ។ ការត្រៀមលក្ខណៈសម្រាប់ការប្រែប្រួលអាកាសធាតុ មិនមែនជាការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលតែម្នាក់ឯងនោះទេ វាជាការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋគ្រប់ៗរូប។
បណ្តាប្រទេសដែលកំពុងជួបការលំបាក ក្រោមឥទ្ធិពលនៃកំដៅខ្លាំងនាពេលនេះ បានរំលឹកយើងថា គ្មានប្រទេសណាមួយអាចគេចផុតពី ការប្រែប្រួលអាកាសធាតុបានឡើយ។ យើងមានឱកាសរៀនសូត្រពីបទពិសោធន៍របស់ពួកគេ ជំនួសឱ្យការដើរជាន់ដានចាស់។ ការចំណាយលើការត្រៀមលក្ខណៈ គឺតិចជាងការចំណាយលើការស្តារឡើងវិញឆ្ងាយណាស់។ យើងមិនអាចសួរថា តើបាតុភូត El Niño នឹងមកដល់ឬអត់នោះទេ។ វាច្បាស់ជាមកដល់។ ប៉ុន្តែ សំណួរពិតប្រាកដគឺថា តើកម្ពុជានឹងប្រឈមមុខនឹងវា និងាមានវិធានការត្រៀមខ្លួនរួចរាល់ ឬគ្មានការត្រៀមលក្ខណៈនៅឡើយ?
ការសម្រេចចិត្តរបស់យើងនាថ្ងៃនេះ នឹងកំណត់ថា តើមនុស្សជំនាន់ក្រោយនឹងទទួលបាន នូវប្រទេសមួយដែលមានភាពធន់ វិបុលភាព និងបៃតង ឬក៏ជាប្រទេសមួយ ដែលត្រូវចំណាយពេលទាំងអស់ ដើម្បីស្តារឡើងវិញពីគ្រោះមហន្តរាយ ដែលគួរតែអាចបង្ការបានតាំងពីដំបូង៕

-
ព័ត៌មាន4 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន2 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន2 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន5 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន6 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល
-
ព័ត៌មាន3 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព