ព័ត៌មាន
សម្តេចធិបតីលើកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯក វ៉ាន់ថង កងម៉ានី (Vanthong Kongmany) រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង ឯកឧត្តម នាយឧត្តមសេនីយ៍ លឿង តាមក្វាង (Lương Tam Quang) រដ្ឋមន្ត្រីក្រសួងនគរបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប, ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួងសន្តិសុខសាធារណៈឡាវ, ក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា ដែលកិច្ចសហប្រតិបត្តិការដ៏ល្អនេះបានចូលរួមចំណែកដល់ការពង្រឹង និងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង៣។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ក៏បានគោរពជម្រាបជូនសម្ដេចធិបតីអំពីលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា, ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ព្រមទាំងបានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំង៣ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
ជាការឆ្លើយតប, សម្ដេចធិបតីបានសម្ដែងនូវការអបអរសាទរចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី២ នេះ។ សម្ដេចធិបតីក៏បានរំលឹកអំពីចំណងមិត្តភាពជាប្រពៃណីរវាងកម្ពុជា-ឡាវ-វៀតណាម ដោយសម្ដេចធិបតីបានលើកឡើងពីការប្រារព្ធខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ឡាវ ក្នុងឆ្នាំ២០២៦ នេះ និងការត្រៀមប្រារព្ធខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម នាឆ្នាំ២០២៧ ខាងមុខនេះ។ ទន្ទឹមនឹងនេះ, សម្ដេចធិបតីក៏បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង៣ កម្ពុជា-ឡាវ-វៀតណាម ឱ្យកាន់តែរឹងមាំបន្ថែមទៀត។
សម្ដេចធិបតី និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ក៏បានបន្តពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នានៅក្នុងការជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខនៃប្រទេសទាំង៣ ជាពិសេសការជំរុញឱ្យអាជ្ញាធរខេត្តជាប់ព្រំដែន បន្តសហការយ៉ាងជិតស្និទ្ធក្នុងការងារថែរក្សាសន្តិសុខ សំដៅប្រែក្លាយតំបន់ព្រំដែន ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ព្រមទាំងបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀតក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន, ការជួញដូរមនុស្ស, ការរត់ពន្ធគ្រឿងញៀន ក៏ដូចជាការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
មុននឹងបញ្ចប់, សម្ដេចធិបតីបានលើកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា, ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំង៣ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ដែលកិច្ចសហប្រតិបត្តិការនេះនឹងចូលរួមចំណែកដល់ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង៣ ក៏ដូចជាការជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម និងការវិនិយោគ។
ជាទីបញ្ចប់, សម្ដេចធិបតីជំរុញឱ្យបង្កើនការផ្លាស់ប្តូរ និងរឹតចំណងទំនាក់ទំនង និងមិត្តភាពរវាងប្រជាជន និងប្រជាជន ជាពិសេសក្នុងស្រទាប់យុវជននៃប្រទេសទាំង៣៕






-
ព័ត៌មាន4 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន2 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន2 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន5 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន6 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល
-
ព័ត៌មាន2 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព