ព័ត៌មាន
ក្រសួងការងារបន្តអំពាវនាវអតីតពលករត្រឡប់មកពីថៃ ងាកមកធ្វើការក្នុងស្រុក ខណៈរោងចក្រ សហគ្រាសមានចំនួនកើនឡើងជាង៦០០
អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី៣០ ខែមិថុនានេះ បានអំពាវនាវដល់អ្នកស្វែងរកការងារ ជាពិសេសអតីតពលករងាកមកធ្វើការក្នុងស្រុកឱ្យបានច្រើន គ្រាដែលតម្រូវការកម្លាំងពលកម្មនៅតែបន្តមាន និងខណៈដែលក្រុមហ៊ុន រោងចក្រ សហគ្រាសនៅកម្ពុជា ក៏មានការកើនឡើងដូចគ្នា។
មានប្រសាសន៍ប្រាប់ព័ត៍មាន ប៊ីធីវី តាមរយៈសារអេឡិចត្រូនិច លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០២៦នេះ សហគ្រាស ក្រុមហ៊ុន រោងចក្រថ្មីដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានចំនួន ៦៥០សហគ្រាស ដែលធ្វើឱ្យមានកំណើនកម្មករនិយោជិតបម្រើការងារសរុបចំនួនជាង ២,២លាននាក់។
លោកអ្នកនាំពាក្យ បានបន្តថា តាមរយៈការកំណើននៃការបង្កើតរោងចក្រថ្មីៗនេះ នឹងមានតម្រូវការកម្លាំងពលកម្មច្រើន ហើយធ្វើឱ្យមានសន្ទុះនៃការបញ្ជាទិញ និងការនាំចេញកើនឡើងល្អពីមួយថ្ងៃទៅមួយ។ កត្តាទាំងនេះ ដោយសារស្ថិរភាពនៃបរិយាកាសវិនិយោគ និងការរក្សាបាននូវភាពប្រកួតប្រជែងដែលបានទាក់ទាញការវិនិយោគថ្មីៗមកបន្ថែមទៀត។ លោកបានសង្កត់ធ្ងន់ទៅលើកំណើនទុនវិនិយោគ កំណើនរោងចក្រ និងការងារនេះ គឺឆ្លុះបញ្ចាំងពីភាពរឹងមាំនៃសេដ្ឋកិច្ចកម្ពុជា ដែលកើតចេញពីគោលនយោបាយត្រឹមត្រូវរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលបានធ្វើកំណែទម្រង់វិនិយោគឱ្យមានភាពងាយស្រួលជាងមុន។ លោកបានបន្ថែមថា តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ឃើញថា មានកំណើននៃការបង្កើតរោងចក្រថ្មីៗ និងមានតម្រូវការកម្លាំងពលកម្មច្រើនដែលនេះ ដោយសង្ឃឹមថា សន្ទុះនៃការបញ្ជាទិញ និងការនាំចេញ នឹងមានការកើនឡើងល្អពីមួយថ្ងៃទៅមួយថ្ងៃ។
អ្នកស្រី បូ ចាន់នី ជាកម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់មួយ ស្ថិតនៅផ្លូវជាតិលេខ៣ ខណ្ឌដង្កោ រាជធានីភ្នំពេញ បាននិយាយដោយទទួលស្គាល់ថា សព្វថ្ងៃនេះការងារនៅក្នុងស្រុកមានច្រើនសម្បូរបែប ហើយរោងចក្រ ក៏មានការកើនឡើងដូចគ្នា។ ជាក់ស្តែងនៅតំបន់ដែលអ្នកស្រីធ្វើការរយៈពេលជាង ១០ឆ្នាំកន្លងមកនេះ មើលឃើញថា មានការបើកដំណើរថ្មីជាបន្តបន្ទាប់ ហើយតម្រូវការកម្លាំងពលកម្មក៏មានប្រកាសជ្រើសរើសបន្ថែមផងដែរ។
យោងតាម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បច្ចុប្បន្នតម្រូវការកម្លាំងពលកម្មនៅទូទាំងប្រទេសកម្ពុជា មានចំនួនជាង ៩ម៉ឺនកន្លែង លើគ្រប់វិស័យ។ សូមបញ្ជាក់ទៀតថា ក្រៅពីផ្តល់ឱកាសការងារនៅក្នុងស្រុក រាជរដ្ឋាភិបាលកម្ពុជា ក៏មានដែរយន្តការពង្រីកឱកាសការងារសម្រាប់ទីផ្សារនៅក្រៅប្រទេស ដើម្បីបើកឱកាសជូនអតីតពលករ និងប្រជាពលរដ្ឋសម្រាប់ជាជម្រើសបន្ថែមដើម្បីពង្រឹងជំនាញ និងចំណូលកាន់តែប្រសើរផងដែរ។
អត្ថបទ៖ ឈិត បូរ៉ាវី









-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣