ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសារាចរផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ តែនៅបណ្តាខេត្តអាចប្រារព្ធធ្វើបានធម្មតា
ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារាចរណែនាំដោយផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ តែនៅតាមបណ្តាខេត្តនានា អាចប្រារព្ធធ្វើបានធម្មតា។
សារាចរណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ថា បច្ចុប្បន្ន ដោយសាររាជរដ្ឋាភិបាលបាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ លើស្ថានការណ៍ចំពោះមុខ នៅតាមព្រំដែនកម្ពុជា-ថៃ ជាពិសេសការដោះស្រាយបញ្ហានានា ជូនប្រជាពលរដ្ឋភៀសសឹក ក៏ដូចជាកិច្ចការអាទិភាពចំពោះមុខមួយចំនួន រាជរដ្ឋាភិបាលសូមដាក់ចេញនូវវិធានការណែនាំដូចខាងក្រោម៖
១- ផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមដង ទន្លេសាប មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃ១៤កើត ១៥កើត និង១រោច ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ទី២៤ និងទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦។
២- ការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមបណ្តាខេត្តនានា អាចប្រព្រឹត្តទៅជាធម្មតាតាមទំនៀមទម្លាប់ប្រពៃណី និងតាមលទ្ធភាពជាក់ស្តែងរបស់អាជ្ញាធរ និងប្រជាពលរដ្ឋ។
៣- ការឈប់សម្រាករបស់មន្ត្រីរាជការ និយោជិត កម្មករ ចំនួន៣ (បី)ថ្ងៃ ក្នុងឱកាសព្រះរាជពិធីនេះ នៅរក្សាដដែល ដូចខ្លឹមសារដែលមានចែងក្នុងអនុក្រឹត្យលេខ១៦៧ អនក្រ.បក ចុះថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៦។
៤- ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត និងរដ្ឋបាលរាជធានី ខេត្ត ត្រូវបន្តយកចិត្ត ទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងសហការដោះស្រាយបញ្ហានានា ជូនប្រជាពលរដ្ឋភៀសសឹក យុទ្ធជននិងគ្រួសារយុទ្ធជន ដែលរងរបួស ពលី និងកំពុងឈរជើងការពារទឹកដី ព្រមទាំងអតីតយុទ្ធជន នៅតាមមូលដ្ឋានរៀងៗខ្លួន។
៥- ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបន្តយកចិត្តទុកដាក់ សម្របសម្រួល និងបង្កលក្ខណៈ ងាយស្រួលដល់ការស្វែងរកការងាររបស់ពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃវិញ និងបន្តសហការជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត និងរដ្ឋបាល រាជធានី ខេត្ត ដើម្បីផ្សព្វផ្សាយឱកាសការងារដល់ប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរនៅតាម មូលដ្ឋាននីមួយៗ។
៦- ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ និងត្រូវបន្តខិតខំពង្រឹងនិងជំរុញសេដ្ឋកិច្ចមូលដ្ឋាន ធានាស្ថិរភាពថ្លៃ ខ្សែច្រវាក់ផលិតកម្មនិងការផ្គត់ផ្គង់ គាំទ្រការផលិតក្នុងស្រុកនិងធានាការប្រកួតប្រជែង ព្រមទាំងដោះស្រាយ នូវបញ្ហាជារចនាសម្ព័ន្ធរ៉ាំរ៉ៃនានា ដែលរាំងស្ទះដល់សកម្មភាពផលិតកម្ម អាជីវកម្ម ធុរកិច្ច និង វិនិយោគ។
៧- ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការងារត្រៀម បង្ការគ្រោះធម្មជាតិនានា ពិសេសគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតដោយសារកូនរដូវប្រាំង និង ត្រូវយកចិត្តទុកដាក់ចាត់វិធានការរក្សាទឹកឱ្យបានច្រើននៅពាក់កណ្តាល និងចុងរដូវវស្សានេះ ដើម្បីត្រៀមបង្ការការខ្វះខាតទឹក និងការកើនឡើងកម្ដៅនៅរដូវប្រាំងដោយសារបាតុភូតអែលនីញ៉ូ (El Niño) បណ្តាលឱ្យរដូវប្រាំងឆ្នាំ២០២៧ ខាងមុខអាចនឹងអូសបន្លាយរយៈពេលយូរ។
៨- ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព៕



-
ព័ត៌មាន4 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន3 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន2 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន6 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន6 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល
-
ព័ត៌មាន3 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព