ព័ត៌មាន
ព្រះមហាក្សត្រ អំពាវនាវដល់ជនរួមជាតិបន្តរួបរួមគ្នាគាំទ្ររដ្ឋាភិបាលក្នុងការការពារអធិបតេយ្យ និងទឹកដី
ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសឱ្យបន្តរួបរួមគ្នាជាធ្លុងមួយនៃមហាគ្រួសារខ្មែរ ក្រោមស្មារតីស្នេហាជាតិស្មោះស្ម័គ្រ ជឿជាក់ និងគាំទ្រពេញទំហឹង ចំពោះរាជរដ្ឋាភិបាលក្នុងការការពារអធិបតេយ្យ បូរណភាពទឹកដីដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីឈរលើគោលការណ៍ច្បាប់អន្តរជាតិ និងកសាងមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើន ជឿនលឿន ថែមទៀតដោយត្រូវបន្តធ្វើកំណែទម្រង់ និងទំនើបកម្មស្ថាប័នរដ្ឋដោយយកប្រជាជនជាស្នូល។
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវបែបនេះ ក្នុងឱកាសផ្ញើព្រះរាជសារបើកបវេសនកាលនៃរដ្ឋសភាសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦នេះ។
ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លា នៃពិធីបើកបវេសនកាលរដ្ឋសភានីតិកាលទី៧ ដែលប្រារព្ធឡើងក្នុង សម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦នេះ ព្រះករុណា ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា ការអនុម័តច្បាប់ស្តីពី កាតព្វកិច្ចយោធា និងការផ្តល់សច្ចាប័នលើអនុសញ្ញាសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) កាលពីពេលថ្មីៗ ពិតជាសមស្រប និងមានសារៈសំខាន់បំផុត ក្នុងការពង្រឹងខឿនការពារជាតិ ការពារ អធិបតេយ្យ បូរណភាពទឹកដី ព្រមទាំងពង្រឹងការគ្រប់គ្រងការប្រើប្រាស់ដែនសមុទ្រនិងធនធានសមុទ្រ ព្រមទាំងការបណ្តុះស្មារតីស្នេហាជាតិដល់យុវជនជំនាន់ក្រោយៗទៀតផង។
បន្ថែមពីនេះសមាជិក សមាជិការដ្ឋសភាគ្រប់រូបបានចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋនៅទូទាំងប្រទេសយ៉ាងសស្រាក់សស្រាំ ដោយបានសិក្សាស្វែងយល់អំពីសុខទុក្ខក្តីកង្វល់ តម្រូវការ និងបានដោះស្រាយបញ្ហាប្រឈម និងសំណូមពរនានា ជាពិសេសបានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ស្មារតីរួមសាមគ្គីគ្នា ជាមហា គ្រួសារខ្មែរ និងឯកភាពជាតិខ្ពស់ តាមរយៈការជួយឧបត្ថម្ភគាំទ្រ លើកទឹកចិត្តដល់កងកម្លាំងវីរយុទ្ធជន ការពារជាតិជួរមុខ និងជនភៀសសឹកនៅតាមបណ្តាខេត្ត នៅតាមព្រំដែន ព្រមទាំងបានប្តេជ្ញាចិត្តយ៉ាង មោះមុត ក្នុងការឆ្លើយតបទាំងនៅកម្រិតថ្នាក់ជាតិ និងអន្តរជាតិ ដោយមធ្យោបាយសន្តិវិធី និងផ្អែកលើ ច្បាប់អន្តរជាតិ ចំពោះការឈ្លានពានពីសំណាក់ប្រទេសជិតខាង។ ការណ៍នេះបានសបញ្ជាក់ឱ្យឃើញ យ៉ាងច្បាស់ពីកម្លាំងរូបរួមសាមគ្គីគ្នាជាធ្លុងមួយ ជាប្រជាជាតិដែលស្នេហាសន្តិភាព ស្អប់ខ្ពើមសង្គ្រាម និងគោរពច្បាប់អន្តរជាតិ។
ជាមួយគ្នានេះ ព្រះករុណា ព្រះមហាក្សត្រ មានសេចក្តីរីករាយជាអនេកចំពោះរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ថាមពល និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ដែលក្នុងរយៈពេលកន្លងមកនេះសម្រេចបាននូវសមិទ្ធផល ធំធេងគួរជាទីមោទនៈ ជាពិសេសការបន្តធានា រក្សាបាននូវសុខសន្តិភាព ស្ថិរភាពផ្ទៃក្នុងប្រទេសយ៉ាង ពេញលេញ ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម និងរក្សាបាននូវលំនឹង ម៉ាក្រូសេដ្ឋកិច្ច ដ៏ល្អប្រសើរ ដែលប្រការនេះ បានផ្តល់នូវភាពអនុគ្រោះយ៉ាងខ្លាំងដល់ការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម លើកស្ទួយជីវភាពប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ តាមរយៈការទាក់ទាញវិនិយោគ ការធ្វើពិពិធកម្ម សេដ្ឋកិច្ច ការបង្កើតឱកាសការងារ ការបង្កើនសមត្ថភាពនៃការផលិត ការពង្រឹងខ្សែសង្វាក់នៃការផលិត និងការប្រើប្រាស់ផលិតផលក្នុងស្រុក។
ព្រះករុណាព្រះមហាក្សត្របានអំពាវដល់បងប្អូនជនរួមជាតិ ទាំងក្នុង និងក្រៅប្រទេស សូមបន្តរូបរួមគ្នា ជាធ្លុងមួយនៃមហាគ្រួសារខ្មែរ ក្រោមស្មារតីស្នេហាជាតិស្មោះស្ម័គ្រ ជឿជាក់ និងគាំទ្រពេញទំហឹង ចំពោះរាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យ បូរណភាពទឹកដី ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីឈរលើគោលការណ៍ច្បាប់អន្តរជាតិ និងកសាងមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើន ជឿនលឿន ថែមទៀត ដោយត្រូវបន្តធ្វើកំណែទម្រង់ និងទំនើបកម្មស្ថាប័នរដ្ឋ ដោយយកប្រជាជនជាស្នូល។ ជាមួយគ្នានេះដែរ ព្រះករុណាព្រះមហាក្សត្របានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស ជាពិសេស យុវជន ចូលរួមអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធាសំដៅរួមគ្នាការពារ និងកសាងជាតិមាតុភូមិរបស់យើងឱ្យកាន់តែរឹងមាំ និងខ្លាំងក្លាថែមទៀត៕






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣