ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជាតែងចាត់ទុកអង្គការសង្គមស៊ីវិលជាដៃគូដ៏ល្អ ពុំដែលបិទសិទ្ធិសេរីភាពនោះទេ ខណៈបច្ចុប្បន្ននៅកម្ពុជាមានអង្គការសង្គមស៊ីវិលជិត៤ពាន់អង្គភាព
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជាតែងតែចាត់ទុកអង្គការសង្គមស៊ីវិលទាំងអស់ដែលបានជួយកម្ពុជាពិតប្រាកដ ជាដៃគូដ៏ល្អរបស់រាជរដ្ឋាភិបាល និងពុំដែលត្រូវបានបិទសិទ្ធិសេរីភាពឡើយ ផ្ទុយទៅវិញមានតែជួយឧបត្ថម្ភគាំទ្របន្ថែមទៀត ខណៈមកទល់បច្ចុប្បន្ននេះនៅកម្ពុជាមានអង្គការសមាគម សង្គមស៊ីវិលសរុបជិត ៤ពាន់អង្គភាពដែលកំពុងប្រតិបត្តិការ និងទទួលបានការសហការ និងគាំទ្រពីរាជរដ្ឋាភិបាល ។
ក្នុងឱកាសអញ្ជើញអបអរខួប៣០ឆ្នាំ របស់អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) និងប្រគល់សញ្ញាបត្រជូនដល់សិស្ស-និស្សិត ជាង៥០០នាក់ នៅព្រឹកថ្ងៃទី២ ខែកក្កដានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែគាំទ្រដល់អង្គការសង្គមស៊ីវិលក្នុងការធ្វើជាដៃគូដ៏ល្អ និងពិតប្រាកដ ខណៈបណ្តាអង្គការទាំងនេះ ក៏ដូចជាអង្គការដើម្បីញញឹមនៃកុមារ (PSE) នេះជាដើម បានជួយកែប្រែអនាគតកុមារកម្ពុជាជាច្រើនឱ្យទទួលបានសិទ្ធិអប់រំ សិទ្ធិថែទាំងសុខភាព និងសិទ្ធិសេរីភាពជាច្រើនទៀត ដែលនេះគឺជាសិទ្ធិសេរីភាពពិតប្រាកដ។
ក្នុងឱកាសនោះ សម្ដេចធិបតី បានច្រានចោលនូវការលើកឡើងមួយចំនួន ដែលចោទប្រកាន់ថា រាជរដ្ឋាភិបាលកម្ពុជាបានបិទសិទ្ធិ ឬរឹតត្បិតសកម្មភាពរបស់អង្គការសង្គមស៊ីវិល។ នៅក្នុងការច្រានចោលការចោទប្រកាន់មកលើរដ្ឋាភិបាលបែបនេះ សម្ដេចបវរធិបតី បានសង្កត់ធ្ងន់ថា ផ្ទុយទៅវិញ រាជរដ្ឋាភិបាលតែងតែបើកទូលាយ និងគាំទ្រយ៉ាងពេញទំហឹងចំពោះអង្គការសង្គមស៊ីវិលណា ដែលពិតជាបានបំពេញការងាររបស់ខ្លួនប្រកបដោយតម្លាភាព ស្មោះត្រង់ និងមានប្រសិទ្ធភាព ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ និងការអភិវឌ្ឍសង្គមជាតិ ជាពិសេសលើការបណ្ដុះបណ្ដាលធនធានមនុស្ស។ តួយ៉ាងដូចជាអង្គការ PSE បានទទួលការគាំទ្រពីរដ្ឋាភិកបាលយ៉ាងខ្លាំង ព្រោះបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះ កុមារក្រីក្រ និងផ្ដល់ឱកាសអប់រំ បណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងការងារសមរម្យដល់យុវជនកម្ពុជាអស់រយៈពេលបីទសវត្សរ៍មកហើយ។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា៖ «មានការយល់ច្រឡំជាពិសេសការលើកឡើងក្នុងបណ្ដាសារព័ត៌មានមួយចំនួន ចោទថារដ្ឋាភិបាលមិនលើកទឹកចិត្ត ដល់អង្គការសង្គមស៊ីវិល បិទសេរីភាព បិទស្អីៗមិនឲ្យគេធ្វើការ។ អត់ទេ! រឿងអង្គមួយក្ដាប់តូច រឿងបញ្ចេញមតិ រឿងអីណា ជារឿងមួយ ធ្វើសកម្មភាពនៅក្នុងច្បាប់ ប៉ុន្តែយើងមាន៣,០០០សមាគមន៍ ៣,៥០០ NGO ៦,០០០ជាងដែលធ្វើការនៅទូទាំងប្រទេសដែលបានចុះឈ្មោះ មួយចំនួនបានបិទហើយរាប់ពាន់ NGO សង្គមស៊ីវិល ដែលជាដៃគូរដ៏ល្អរបស់រដ្ឋាភិបាល។ ដៃគូបែបនេះ រដ្ឋាភិបាលមានទៅបិទសិទ្ធិអី? មានតែសូមជួយឲ្យថែមទៀត ជួយឲ្យរីកចម្រើនថែមទៀត ព្រោះធ្វើពិតប្រាកដ»។
ជាមួយគ្នានេះសម្ដេចបានចោទជាសំណួរថា៖ «តើអង្គការ PSE ដែលធ្វើការអប់រំបណ្ដុះបណ្ដាល អត់មានតម្លៃស្មើនឹងអង្គការមួយ ដែលជ្រកក្រោមស្លាក ហើយទៅស្រែករឿងនេះរឿងនោះទេ? អត់ទេ។ អង្គការសង្គមស៊ីវិល ដែលធ្វើការពិតប្រាកដ ផ្ដល់សិទ្ធិសេរីភាពដល់ពលរដ្ឋពិប្រាកដ។ តើសិទ្ធិសេរីភាពយើងចង់និយាយពីអ្វី? មិនមែនសិទ្ធិ សម្រាប់ឡើងជេ ឡើងបាតុកម្មទេ តែសិទ្ធិដើម្បីទទួលបានការអប់រំ អាហ្នឹងជាសិទ្ធិរបស់មនុស្ស។ សិទ្ធិទទួលបានការថែទាំសុខភាព សិទ្ធិរបស់មនុស្ស សិទ្ធិទទួលបានការថែទាំសុខមាលភាពផ្សេងៗ អានេះជាសិទ្ធិមនុស្ស។ សិទ្ធិមូលដ្ឋាន សិទ្ធិទទួលបានការអប់រំ សិទ្ធិទទួលបានការថែទាំសុខភាពត្រឹមត្រូវ។ នេះហើយជាអង្គការផ្ដល់សិទ្ធិមូលដ្ឋាន បណ្ដុះបណ្ដាលធនធានមនុស្ស ឲ្យមានសិទ្ធិសេរីភាព មានចំណេះដឹង គឺមានសេរីភាព»។
សម្រាប់សម្ដេចធិបតីថ្លែងថា ការអប់រំបណ្ដុះបណ្ដាល គឺជាការផ្ដល់នូវសិទ្ធិមូលដ្ឋានសម្រាប់ប្រជាពលរដ្ឋ នៅពេលប្រជាពលរដ្ឋមានចំណេះដឹង ប្រជាពលរដ្ឋនឹងមានសមត្ថភាពក្នុងការគិត ការប្រកបរបរចិញ្ចឹមជីវិតបានដោយឯករាជ្យ និងអាចរៀបចំផែនការអនាគតរបស់ខ្លួនបាន មិនមែនគ្រាន់តែជាសិទ្ធិដែលនិយាយកាន់ក្បាលមេក្រូរឿងផ្សេងៗនោះទេ។ ជាមួយគ្នានេះ សម្ដេចក៏បានប្រកាសស្វាគមន៍រាល់អង្គការសង្គមស៊ីវិលទាំងឡាយណា ដែលធ្វើការពិតប្រាកដ ជាពិសេសលើការបណ្ដុះបណ្ដាលធនធានមនុស្ស ដូចជាអង្គការ PSE នេះជាដើម។
ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានអំពាវនាវដល់អង្គការសង្គមស៊ីវិលទាំងអស់ ឲ្យបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធនានា ដើម្បីរួមចំណែកដោះស្រាយបញ្ហាសង្គម និងជំរុញការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើន។ សម្ដេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែស្វាគមន៍រាល់កិច្ចខិតខំប្រឹងប្រែងប្រកបដោយសុចរិតភាព និងស្ថាបនាពីគ្រប់ភាគីទាំងអស់ ដើម្បីកសាងសង្គមកម្ពុជាមួយដែលកាន់តែប្រសើរឡើង៕













-
ព័ត៌មាន3 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន2 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន2 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន5 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន6 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល
-
ព័ត៌មាន2 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព