ព័ត៌មាន
គ្រូផ្អែកលើកិច្ចព្រមព្រៀងការងារ បានរួមចំណែកជួយលើបញ្ហាខ្វះគ្រូបង្រៀនតាមសាលារយៈពេលជិតមួយឆ្នាំហើយ
គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ជំនាន់ទី ១ ដែលបានប្រឡងជាប់ កាលពីចុងឆ្នាំ ២០២៥ បច្ចុប្បន្ន បានបំពេញការងារ រួមចំណែកជួយដល់ការបង្រៀនសិស្ស នៅតាមសាលាដែលខ្វះគ្រូបង្រៀន បានរយៈពេលជិត ១ឆ្នាំហើយ។ សាលារៀនគោលដៅទាំងនោះ មានស្ថិតនៅក្នុងភូមិសាស្ត្រខេត្តតាកែវ បាត់ដំបង ព្រៃវែង ត្បូងឃ្មុំ និងខេត្តកំពង់ចាម។
វត្តមានគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ជំនាន់ទី ១ ដែលបានប្រឡងជាប់ភ្លាម ចេញបង្រៀនភ្លាម បង្រៀនផង រៀនផងពីវិធីសាស្ត្របង្រៀន បច្ចុប្បន្ន បានបំពេញការងារ ជួយបង្រៀនសិស្សតាមសាលាបឋមសិក្សាខ្វះគ្រូបង្រៀន បានរយៈពេលជិត ១ឆ្នាំហើយ។ បង្រៀនចាប់ផ្ដើមតាំងពីការចាប់ផ្ដើមនៃបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦ នៅខែវិច្ឆិកា ឆ្នាំ ២០២៥។
ជាក់ស្ដែងសម្រាប់សាលាបឋមសិក្សាត្រពាំងក្រូច ដែលស្ថិតនៅស្រុកបាទី ខេត្តតាកែវ បច្ចុប្បន្នមានគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារចំនួន ១០នាក់ ជួយលើការបង្រៀនសិស្ស។ សាលារៀនមួយនេះ ជួបបញ្ហាខ្វះគ្រូបង្រៀនរយៈពេលជាង ១០ឆ្នាំមកហើយ ដោយកន្លងទៅ សាលាត្រូវបង្រៀនផ្គួបថ្នាក់ សិស្សលើសចំនួនកំណត់ គ្រូត្រូវបង្រៀនពីរវេន ត្រូវស្នើសុំគ្រូមកពីសាលាផ្សេងដើម្បីជួយបង្រៀន ហើយនាយក នាយករង ក៏ត្រូវបង្រៀនសិស្សដោយផ្ទាល់ផងដែរ។
គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ដែលបានជួយលើការងារបង្រៀនរយៈពេលជិត១ឆ្នាំមកនេះ បង្ហាញនូវក្ដីពេញ សប្បាយចិត្ត ពោពេញដោយក្ដីមោទនភាព ដែលខ្លួន បានរួមចំណែកចូលរួមលើការងារបណ្ដុះធនធានមនុស្សសម្រាប់សង្គមជាតិកម្ពុជា។ ពួកគេបំពេញការងារ ចេញពីបេះដូង ដោយមានគោលបំណងរួមសំខាន់មួយគឺ កសាងធនធានមនុស្សដែលមានសមត្ថភាព មានចំណេះដឹង សម្រាប់ការរីកចម្រើនរបស់ជាតិ។
លោកគ្រូ បៀន ហុល នាយកសាលាបឋមសិក្សា ត្រពាំងក្រូច បានលើកឡើងដែរថា វត្តមានគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារទាំង ១០រូប ពិតជាបានរួមចំណែកជួយសម្រួលដល់ដំណើរការសិក្សានៅសាលារបស់លោក។ គ្រូបង្រៀនមិនចាំបាច់បង្រៀនពីរវេនដូចមុន សិស្សមួយថ្នាក់ក៏មានចំនួនដល់ ៦០ទៅ ៧០នាក់ដូចមុន ហើយសាលាក៏មិនបានស្នើសុំគ្រូមកពីសាលារៀនដទៃទៀតដែរ។ ក្នុងនាម ជាគណៈគ្រប់គ្រងសាលា លោកគ្រូ ពិតជាសប្បាយចិត្តចំពោះការផ្លាស់ប្ដូរជាវិជ្ជមាននេះ។
ពាក់ព័ន្ធនឹងបញ្ហាខ្វះគ្រូបង្រៀននេះដែរ ក្នុងឆ្នាំ ២០២៦នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក៏បានលើកឡើងនាពេលថ្មីៗនេះដែរថា នឹងមានការប្រឡងជ្រើសរើសគ្រូបង្រៀនជាង ៥ពាន់កន្លែង៕ អត្ថបទ៖ គឹម ហុក











-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣