ព័ត៌មាន
គ្រួសារកងទ័ព៥០គ្រួសារនៅស្រុកវ៉ារិនទទួលបានអំណោយស្បៀង និងថវិកាពីតំណាងរាស្ត្រសៀមរាប
នៅថ្ងៃទី៤ខែកក្កដា ឆ្នាំ២០២៦នេះឯកឧត្តម ប៊ុន ថាឫទ្ធិ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាបរួម និងក្រុមការងារបានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគរួមនិងថវិកាជូនដល់ក្រុមគ្រួសារកងទ័ពចំនួន៥០គ្រួសារដែលរស់នៅក្នុងឃុំស្វាយសស្រុកវ៉ារិន ខេត្តសៀមរាប ដែលមានសមាជិកគ្រួសារកំពុងបំពេញភារកិច្ចនៅជួរមុខព្រំដែនកម្ពុជា ថៃ។
ឯកឧត្តម ប៊ុន ថាឫទ្ធិ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាបបានមានប្រសាសន៍ថាដើម្បីធានាថាគ្រួសារកងទ័ពនៅសមរភូមិក្រោយមិនមានការខ្វះខាត និងដើម្បីបញ្ជាក់ថាកងទ័ពនៅជួរមុខមិននៅឯកោឡើយ ដោយមានការគាំទ្រជានិច្ចពីថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាល ហើយក្នុងនាមតំណាងរាស្រ្តការចុះសួរសុខទុក្ខប្រជាពលរដ្ឋ គឺជាកាតព្វកិច្ចដ៏សំខាន់មួយ ដើម្បីស្វែងយល់ពីសុខទុក្ខ ការលំបាក និងសំណូមពរផ្ទាល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ហើយក៍ជាសកម្មភាពមនុស្សធម៌ដ៏សំខាន់ដែលតែងតែធ្វើឡើងដើម្បីលើកទឹកចិត្តដល់កងកម្លាំងជួរមុខដែលកំពុងបំពេញបេសកកម្មការពារជាតិផងដែរ ។
ឯកឧត្តម ប៊ុន ថាឫទ្ធិបន្តថា យើងអាចដេកលក់ស្រួល ប្អូនៗក្មួយៗអាចទៅសាលារៀនដោយរីករាយ ហើយប្រទេសជាតិអាចអភិវឌ្ឍទៅមុខបាន ក៏ដោយសារតែមានការលះបង់ដ៏ធំធេងពីសំណាក់បងប្អូនកងទ័ព ដែលកំពុងឈរជើងការពារទឹកដីយ៉ាងអង់អាចក្លាហាននៅតាមខ្សែបន្ទាត់ព្រំដែន ។
ឯកឧត្តមក៏បានថ្លែងបញ្ជាក់ថា បងប្អូនជាភរិយា ជាមាតាបិតា ឬជាកូនៗរបស់យុទ្ធជនយើង ត្រូវរស់នៅឆ្ងាយពីស្វាមី ពីកូន ឬពីឪពុក ដែលពួកគាត់កំពុងបំពេញភារកិច្ចការពារជាតិមាតុភូមិ ហើយ ការលះបង់របស់បងប្អូននៅទីនេះ គឺពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានឡើយ ព្រោះបងប្អូនគឺជា “បង្អែកដ៏រឹងមាំផ្នែកខាងក្រោយ” ដែលធ្វើឱ្យយុទ្ធជនយើងនៅជួរមុខ មានទឹកចិត្តប្រយុទ្ធ និងបំពេញភារកិច្ចដោយគ្មានការបារម្ភហើយបើសិនបងប្អូនមានការលំបាកអ្វីមួយសូមប្រាប់មកអាជ្ញាធរភូមិ ឃុំ ដើម្បីរួមដោះស្រាយការងារ និងកង្វល់ជូន និងសូមជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ពិសេសសម្តេចតេជោ និងសម្តេចធិបតី នូវចំណាត់ការការពារសន្តិសុខ ការពារអធិបតេយ្យដែលកន្លងមកយើងធ្វើការងារការទូតច្បាប់ផងដែរ។
ក្នុងនាមអ្នកតំណាងរាស្ត្រ ឯកឧត្តម ប៊ុន ថាឫទ្ធិ ក៍បានមានប្រសាសន៍ថានឹងបន្តគាំទ្រ និងជំរុញរាល់គោលនយោបាយទាំងឡាយណាដែលលើកកម្ពស់ជីវភាព និងគាំពារដល់កងទ័ព ក៏ដូចជាគ្រួសារកងទ័ពឱ្យកាន់តែប្រសើរឡើង ហើយកុំជឿលើការញុះញង់របស់ជនអគតិមួយចំនួន ដែលរិះរកវិធីជាមួយថៃដើម្បីបំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុង។
ឯកឧត្តម អ្នកតំណាងរាស្ត្របន្ថែមថាថ្ងៃនេះក្រុមការងារចុះជួយឃុំស្វាយស បាននាំយកមកជាមួយនូវគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាបន្តិចបន្តួច ដែលជាទឹកចិត្តសប្បុរសធម៌ ដើម្បីជួយសម្រាលបន្ទុកជីវភាពបងប្អូនមួយគ្រា។ អំណោយទាំងនេះ ទោះបីជាមិនបានបំពេញរាល់តម្រូវការរបស់បងប្អូនទាំងអស់ក៏ពិតមែន ប៉ុន្តែវាជា “ទឹកចិត្ត គិតគូរ និងការដឹងគុណ” យ៉ាងជ្រាលជ្រៅបំផុតចេញពីបេះដូងរបស់យើងខ្ញុំទាំងអស់គ្នា ចំពោះវីរភាពរបស់គ្រួសារកងទ័ពផងដែរ៕






-
ព័ត៌មាន3 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន2 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន2 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន5 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន6 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល
-
ព័ត៌មាន2 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព