Connect with us

ព័ត៌មាន

ត្រឹមឆមាសទី១ ឆ្នាំនេះ រោងចក្រជាងមួយពាន់កន្លែងក្នុងខេត្តស្វាយរៀង ផ្ដល់ការងារជាង១៦ម៉ឺននាក់

គិតត្រឹមរយៈពេល៦ខែ ឆ្នាំ២០២៦ កម្មករ និយោជិត ចំនួនជាង១៦ម៉ឺននាក់ កំពុងបម្រើការងារតាមរោងចក្រ សហគ្រាស នានា ចំនួនជាង១ពាន់ទីតាំង ក្នុងខេត្តស្វាយរៀង ដោយស្រូបកំរៃរាប់លានដុល្លារក្នុងមួយខែៗ ។

លោក អ៊ូ សុឃឿន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង នៅថ្ងៃទី៦ ខែកក្កដា នេះ បានប្រាប់BTVថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ នៅទូទាំងខេត្តស្វាយរៀង បានទទួលកម្មករ កម្មការិនី និងនិយោជិត ចូលបម្រើការងា នៅតាមរោងចក្រ សហគ្រាស និងគ្រឹះស្ថានផ្សេងៗ ចំនួន១សែន ៦ម៉ឺន ៥ពាន់ ៦៤៤នាក់ ដោយស្រូបយកកំរៃពលកម្ម ចំនួនជាង៤១លានដុល្លារ ពីរោងចក្រ សហគ្រាស ចំនួន១ពាន់១០៨កន្លែង ។

តំណាងកម្មករ មកពីប្រទេសថៃ និងកម្មករក្នុងស្រុក បានសំដែងនូវការសប្បាយរីករាយខណៈដែលរាជរដ្ឋាភិបាល និងអ្នកវិនិយោគ បានបង្កើតរោងចក្រ សហគ្រាស ផ្តល់ការងារឱ្យពួកគេធ្វើទទួលបានកំរៃល្អប្រសើរ ជួបជុំគ្រួសារ មិនបាច់ធ្វើការចំណាក់ស្រុកបន្តទៀត។

លោកប្រធានមន្ទីរការងារខេត្តស្វាយរៀង បានបញ្ជាក់បន្ថែមថា ក្រៅតែពីរោងចក្រ សហគ្រាស នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំង១២ ក៏មានក្រុមអ្នកវិនិយោគ ក្នុង និងក្រៅប្រទេស បានបង្កើតរោងចក្រ សហគ្រាស បន្ថែមចំនួន១៥កន្លែង ដោយផ្តល់ការងារឱ្យពលរដ្ឋ ក្នុងខេត្ត និងខេត្តជិតខាងចូលធ្វើការងារ ជាង១ម៉ឺននាក់ផងដែរ៕

អត្ថបទ៖ សារិត

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia