Connect with us

កីឡា

មន្ដ្រី​ជាន់ខ្ពស់​ក្រសួង​ទេសចរណ៍ ប្ដេជ្ញាជំរុញសកម្មភាពកីឡាទេសចរណ៍ ដើម្បី​ផ្សព្វផ្សាយ​ពី​តំបន់​បេតិកភណ្ឌ

ឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បាន​ប្ដេជ្ញា​បន្ដ​ជំរុញ​សកម្មភាព​កីឡា​គ្រប់​រូប​ភាព ដើម្បីរួ​មចំណែកលើកកម្ពស់សុខភាពសាធារណៈផង និងផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍​ផង​ ពិសេសតំបន់ប្រាង្គប្រាសាទបុរាណ ដែលជាសម្បត្តិបេតិភណ្ឌ ពិភពលោក​តែ​ម្ដង​។

ការ​ប្ដេជ្ញានេះ បន្ទាប់ពីក្រសួង សហការជាមួយរដ្ឋបាលខេត្តកំពង់ធំ អាជ្ញាធរ និងវិស័យឯកជន រួម​គ្នា​រៀប​ចំ​ព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងកាត់ឧបសគ្គនៅប្រាសាទសំបូរព្រៃគុក ដោយជោគជ័យ កាល​ពី​ថ្ងៃទី៥ ខែកក្កដាកន្លងទៅ ដើម្បីអបអរសាទរខួបលើកទី៩ នៃការដាក់បញ្ចូល​តំបន់​ប្រាសាទ​សំបូរ​ព្រៃគុក ៨ កក្កដា ២០១៧ – ៨ កក្កដា ២០២៦) ក្រោមវត្តមានឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ព្រម​ទាំង​មានការចូលរួមពីមន្ដ្រី និងកីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិប្រមាណ ២ពាន់នាក់។

ឯកឧត្តម វ៉ាហេង ដាវុធ បានវាយតម្លៃខ្ពស់ ចំពោះសកម្មភាព​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​មួយ​នេះ ​ដែលបានចូលរួមផ្សព្វផ្សាយពីតំបន់ប្រាសាទសំបូរព្រៃគុក និងសហគមន៍ ហើយ​ឯកឧត្តម​សង្ឃឹម​ថា ក្រោយព្រឹត្តិការណ៍ នឹងមានភ្ញៀវទេសចរណ៍ជាតិ-អន្ដរជាតិ បានស្គាល់​កាន់​តែ​ទូលំ​ទូលាយ ​ហើយចូលរួមធ្វើដំណើរកម្សាន្ដកាន់តែច្រើន ដូចអ្វីដែលក្រសួង​ធ្លាប់​បាន​រៀបចំ​នៅ​ខេត្ត​ផ្សេង​ៗ​។ ការណ៍នេះ ឯកឧត្តមបានប្ដេជ្ញានឹងជំរុញសកម្មភាពកីឡាទេសចរណ៍នេះជារៀងរាល់ឆ្នាំ ដើម្បី​ផ្សព្វផ្សាយពីតំបន់បេតិកភណ្ឌ និងតំបន់ទេសចរណ៍នានានៅកម្ពុជា។

ទន្ទឹមជាមួយគ្នាលោកស្រី សូ សុគន្ធារី ដែលបានចូលរួមរត់ក្នុងព្រឹត្តិការណ៍នេះ បាន​សម្ដែង​ក្ដី​រីក​រាយ​ ចំពោះគំនិតផ្ដួចផ្ដើមរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះឡើង ដើម្បី​នាំ​សារ​ពិត​ពី​សម្រស់​ធម្ម​ជាតិ និងប្រាសាទដ៏ស្រស់ស្អាត ក្នុងរដូវកាលបៃតង ទៅដល់ប្រជាពលរដ្ឋ ឲ្យ​បាន​ឃើញ ​និងទាក់ទាញចំណាប់អារម្មណ៍មកលេងកម្សាន្ដកាន់តែច្រើន។

ទន្ទឹមជាមួយការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍នេះដែរ សម្រាប់កីឡាករ-កីឡា​ការិនី​ទទួល​បាន​ជ័យ​លាភី លើវិញ្ញាសារត់ចម្ងាយ ៤២គីឡូម៉ែត្រ និង ២១គីឡូម៉ែត្រ ក៏ទទួលបានរង្វាន់ និង​វត្ថុ​អនុស្សាវរីយ៍។ ឆ្លៀតឱកាសនោះ ឯកឧត្តម ហួត ហាក់ ក៏បានប្រគល់កង់ និងសម្ភារៈ​សិក្សា​មួយ​ចំនួន​ ដល់សិស្សានុសិស្សខ្វះខាតចំនួន ៥០កង់ ដែលទទួល​បាន​ការ​ឧបត្ថម្ភ​ពី​ក្រុម​ហ៊ុន ​Rinnai ចំនួន ៤០កង់ និងកម្សាន្ដកំពតរីស៊តចំនួន ១០កង់ផងដែរ។

ក្នុង​នាម​គណៈកម្មការរៀបចំ ឯកឧត្តម វ៉ាហេង ដាវុធ បានអរគុណចំពោះថ្នាក់ដឹកនាំ និង​អាជ្ញា​ធរ​ពាក់​ព័ន្ធ ដែលបានសហការរៀបចំព្រឹត្តិការណ៍ទាំងមូល ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ព្រម​ទាំង​វិស័យឯកជនទាំងអស់ ដែលបានចូលរួមសហការឧបត្ថម្ភគាំទ្រព្រឹត្តិការណ៍ជិះកង់ និង​រត់​ឆ្លង​កាត់​ឧបសគ្គនៅប្រាសាទសំបូរព្រៃគុក ឆ្នាំ២០២៦ នេះ៕ អត្ថបទ លី ឈុនឡា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia