ព័ត៌មាន
អាជ្ញាធរជាតិព្រះវិហារ ប្រារព្ធខួប១៨ឆ្នាំនៃការដាក់ប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
អាជ្ញាធរជាតិព្រះវិហារ បានរៀបចំពិធីអបអរសាទរខួប១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជី បេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ក្រោមប្រធានបទ “ការអភិរក្ស វិនាសកម្ម និងការស្តារឡើងវិញ” ។ ពិធីនេះ ធ្វើឡើង នៅសារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និង វិចិត្រសិល្បៈ ។
ឯកឧត្ដម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានរំលឹកឡើងវិញនូវតម្លៃលេចធ្លោជាសកលនៃប្រាសាទព្រះវិហារ ព្រមទាំងសមិទ្ធផលនៃការអភិរក្ស និងអភិវឌ្ឍន៍ ដែលអាជ្ញាធរជាតិព្រះវិហារ និងដៃគូអន្តរជាតិបានខិតខំប្រឹងប្រែងសម្រេចបានក្នុងរយៈពេល១៨ឆ្នាំកន្លងមក ប៉ុន្ដែសម្បត្ដិបេតិកភណ្ឌពិភពលោកមួយនេះ បានបំផ្លាញអស់ទាំងស្រុងនូវលទ្ធផលការងារកន្លងមក ដែលវិនាសកម្មនេះ បានបង្កឡើងកាលពីឆ្នាំ២០២៥ ហើយបន្សល់ទុកនូវការខូចខាតធ្ងន់ធ្ងរដល់ប្រាសាទព្រះវិហារ។
ឯកឧត្ដម បានលើកឡើងអំពីការអនុវត្តផែនការសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារស្របតាម អនុសាសន៍របស់អ្នកជំនាញការអង្គការយូណេស្កូ និង ICC-Preah Vihear រួមមាន៖ការបោសសម្អាតអាវុធ យុទ្ធភណ្ឌមិនទាន់ផ្ទុះនិងគ្រាប់បែកចង្កោម។ ការទល់ទ្រសង្គ្រោះរចនាសម្ព័ន្ធប្រាសាទពីការដួលរលំបន្តទៀត។ ការប្រមូលបំណែកថ្ម និងចម្លាក់រក្សាទុកសម្រាប់អភិរក្សនិងជួសជុល។ការថតឯកសារ 3D ប្រាសាទទាំងមូល និងការស្តារប្រព័ន្ធផ្លូវទឹកបុរាណ ដែលកិច្ចការទាំងអស់បានទទួលការចូលរួមថវិកាពីរាជរដ្ឋាភិបាល អង្គការយូណេស្កូ អង្គការ ALIPH និងស្ថានបេសកកម្មអចិន្ត្រៃយ៍បារាំងប្រចាំអង្គការយូណេស្កូ។ ប៉ុន្ដែយ៉ាងនេះក្ដី អាជ្ញាធរជាតិព្រះវិហារ បានដាក់ចេញទិសដៅការងារអាទិភាព ក្នុងការបន្តជួសជុលប្រាសាទ ការស្តារព្រៃឈើនិងប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់បេតិកភណ្ឌ ការស្តារវិស័យទេសចរណ៍ និងលើកកម្ពស់ជីវភាពសហគមន៍ ព្រមទាំងដាស់តឿនបំផុសស្មារតីសាមគ្គីភាពជាតិដល់មន្ដ្រីគ្រប់ស្ថាប័ន និងប្រជាពលរដ្ឋគ្រប់រូប ឱ្យបន្តរួមគ្នាថែរក្សាការពារមរតកដូនតាឱ្យបានគង់វង្ស។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា រាជរដ្ឋាភិបាលក្នុងកិច្ចការពារបូរណភាពទឹកដី និងសម្បត្តិវប្បធម៌នានាស្របតាមច្បាប់អន្តរជាតិ ពិសេសនឹងបន្ត កិច្ចការអភិរក្ស ជួសជុលប្រាសាទព្រះវិហារ ឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។ លោកជំទាវ បានណែនាំអាជ្ញាធរជាតិព្រះវិហារឱ្យសហការយ៉ាងជិតស្និទ្ធជាមួយដៃគូពាក់ព័ន្ធកម្រិតជាតិ និងដៃគូ អន្តរជាតិដើម្បីបន្តបេសកកម្មថែរក្សា អភិរក្ស និងជួសជុលប្រាសាទ ការស្តារព្រៃឈើនិងប្រព័ន្ធអេកូឡូស៊ីក្នុង តំបន់បេតិកភណ្ឌ ការស្តារវិស័យទេសចរណ៍ និងលើកកម្ពស់ជីវភាពសហគមន៍។ លោកជំទាវបានសម្ដែងការសោកស្ដាយចំពោះការខូចខាតនូវប្រាង្គប្រាសាទបុរាណនៅតំបន់បេតិកភណ្ឌពិភពលោក ក៏ដូចជាប្រាសាទបុរាណ នៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងអំឡុងពេលកម្ពុជា មានសង្គ្រាមប្រដាប់អាវុធ ដែលបង្ករឡើងដោយយោធាថៃ នាពេលកន្លងមក។ លោកជំទាវ ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេស អង្គការ យូណេស្កូ និងដៃគូអន្តរជាតិនានាដែលបានចូលរួមជួយសង្គ្រោះបន្ទាន់ និងជួសជុលប្រាសាទព្រះវិហារឡើងវិញ ហើយអំពាវនាវដល់ដៃគូជាតិ និងអន្តរជាតិបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីអនុវត្តបេសកកម្ម នេះឱ្យបានជោគជ័យ៕
អត្ថបទ៖ សាវី








-
ព័ត៌មាន3 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន2 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន2 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន5 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន5 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល
-
ព័ត៌មាន2 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព