ព័ត៌មាន
អភិបាលខេត្តកំពង់ស្ពឺ ក្រើនរំឭកដល់ពលរដ្ឋឱ្យបង្កើនការការពារជំងឺគ្រុនឈាម ខណៈជាង ៧ខែ ខេត្តកំពង់ស្ពឺមានអ្នកឆ្លងដល់ជិត ១ពាន់ករណី
កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានធ្វើការក្រើនរំឭកដល់ប្រជាពលរដ្ឋ ពិសេសអាណាព្យាបាលគ្រប់រូប ឱ្យបង្កើនការការពារពីជំងឺគ្រុនឈាម ដែលចម្លងតាមរយៈមូសខ្លាខាំ ខណៈរដូវវស្សាបានឈានចូលមកដល់ ហើយគិតត្រឹមដើមខែកក្កដា ឆ្នាំ២០២៦នេះ ខេត្តកំពង់ស្ពឺ មានឆ្លងជំងឺគ្រុនឈាមដល់ជិត ១ពាន់ករណី ។
ការក្រើនរំឭកនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ គ្រាដែលឯកឧត្តមនិងលោកជំទាវជាភរិយា ដឹកនាំក្រុមការងារសាខាកាកបាទក្រហមខេត្ត ចុះពិនិត្យ និងសួរសុខទុក្ខអាណាព្យបាល និងកុមារដែលកំពុងសម្រាកព្យាបាលជំងឺគ្រុនឈាមចំនួន ១៣៥នាក់ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ មានប្រសាសន៍ថា រដូវវស្សាជាពេលដែលមូសខ្លាបង្កើនការបន្តពូជយ៉ាងឆាប់រហ័ស ធ្វើឱ្យកំណើន នៃមូសខ្លាមានការកើនឡើង នៅគ្រប់ទីកន្លែង ហើយមូសខ្លាជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម ពីមនុស្សម្នាក់ទៅមនុស្សទៀត យ៉ាងមានប្រសិទ្ធិភាពបំផុត ។ ដោយសារតែកំណើននេះ ប្រជាពលរដ្ឋពិសេសអាណាព្យាបាលគ្រប់រូប គប្បីត្រូវតែកម្ចាត់ជម្រកមូសខ្លាឱ្យអស់ ដោយសម្អាតកាកសំណល់ ដែលមានដក់ទឹកស្ថិតនៅជុំវិញផ្ទះ និង ការពារកុមារកុំឱ្យមូសខ្លាខាំ ។ លើសពីនេះ ត្រូវសង្កេតនឹងតាមដាននូវរោគសញ្ញារបស់បុត្រធីតារបស់ខ្លួនប្រសិនបើមានការក្តៅខ្លួនខ្លាំងត្រូវប្រញ៉ាប់យកកុមារទៅមន្ទីរពេទ្យដែលនៅជិតបំផុតជាបន្ទាន់ ដើម្បីឱ្យក្រុមគ្រូពេទ្យពិនិត្យនិងព្យាបាលទាន់ពេលវេលា។
ទន្ទឹមនឹងនោះដែរ ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះស្មារតីលះបង់ និងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនឹងមន្ត្រីសុខាភិបាល ពិសេសលោកគ្រូពេទ្យ អ្នកគ្រូពេទ្យទាំងអស់ ដែលបាននិងកំពុងបំពេញភារកិច្ចយ៉ាងសកម្មទាំងយប់ទាំងថ្ងៃ ក្នុងការជួយសង្គ្រោះ ថែទាំអ្នកជំងឺ។ ក្នុងនោះក៏លើកទឹកចិត្ត ឱ្យបន្តផ្សព្វផ្សាយពីវិធានការបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺគ្រុនឈាមតាមរយៈមូសខ្លាទៅដល់មូលដ្ឋានរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់យល់កាន់តែច្បាស់ពីគ្រោះថ្នាក់ដែលបង្កពីមូសខ្លានេះ ។
លោកវេជ្ជបណ្ឌិត ហុក គ្រី ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ជំងឺគ្រុនឈាមតែងកើតមានឡើង ក្នុងកំឡុងពេលដែលមានភ្លៀងធ្លាក់ ចាប់ពីខែមិថុនា រហូតដល់ខែសីហានៃឆ្នាំនិមួយៗ ។ ស្ថានភាពនេះបានធ្វើឱ្យអ្នកជំងឺ ត្រូវបញ្ជូនមកមន្ទីរពេទ្យជាបន្តបន្ទាប់ ដើម្បីទទួលបានការព្យាបាលពីក្រុមគ្រូពេទ្យជំនាញ ។
លោកបន្តថា ក្នុងស្ថានភាពនេះជំងឺគ្រុនឈាម បានកើតមានឡើងលើស្រុកក្រុងចំនួន៤នៃខេត្តកំពង់ស្ពឺ ក្នុងនោះស្រុកសំរោងទង ស្រុកភ្នំស្រួច ស្រុកសាមគ្គីមុនីជ័យ និងក្រុងច្បារមន ដោយគិតត្រឹមសប្តាហ៍ទី២៦ ឆ្នាំ២០២៦ មានចំនួន ៩២៧ករណី កើនឡើងចំនួន ៤២៤ករណី(ស្មើនឹងប្រមាណ ៨៤ភាគរយ) និងមានអ្នកស្លាប់២នាក់ ខណៈបញ្ជូនទៅព្យាបាល នៅឯរាជធានីភ្នំពេញ បើធៀបនឹងឆ្នាំ២០២៥ មានត្រឹមតែ ៥០៣ករណីប៉ុណ្ណោះ និងគ្មានអ្នកស្លាប់ដោយជំងឺនេះនោះទេ ៕ អត្ថបទ បាន សុខរិទ្ធិ








-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញវឌ្ឍនភាព និងការចាប់ផ្តើមអនុវត្ត “កម្មវិធីលើកកម្ពស់ជីវភាពគ្រួសារយុទ្ធជន តាមរយៈគំរូផលិតកម្មកសិកម្មទំនើប”
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន6 days agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ