ព័ត៌មាន
កម្ពុជា-អាល្លឺម៉ង់រួមគ្នាលើកកម្ពស់និរន្តរភាពវិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូប តាមរយៈគម្រោង FABRIC Cambodia II
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Christof Weigelmeier អនុប្រធានបេសកកម្ម និងជាប្រធានផ្នែកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៃស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជាបានអញ្ជើញជាសក្ខីភាពក្នុងពិធីចុះកិច្ចព្រមព្រៀងសម្រាប់អនុវត្តគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេស «ឧស្សាហកម្មវាយនភណ្ឌប្រកបដោយចីរភាពនៅកម្ពុជា ជំហានទីពីរ (FABRIC Cambodia II)» រវាងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទីភ្នាក់ងារសហប្រតិបត្តិការអាល្លីម៉ង់ (GIZ) នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ នាទីស្តីការក្រសួង ក្នុងទិសដៅបន្តលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់ប្រកបដោយនិរន្តរភាព និងពង្រឹងការអនុលោមតាមស្តង់ដាសង្គម និងបរិស្ថានដោយសហការជាមួយវិស័យសាធារណៈនិងឯកជន។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលអាល្លឺម៉ង់ដែលបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធក្នុងវិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូប (GFT)។ ការចុះកិច្ចព្រមព្រៀងនាពេលនេះ បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រជាជន និងរដ្ឋាភិបាលអាល្លឺម៉ង់ក្នុងការគាំទ្រ និងចែករំលែកសាមគ្គីភាពជាមួយប្រជាជនកម្ពុជា ជាពិសេសបងប្អូនកម្មករនិយោជិត។ ពិធីនេះមានអត្ថន័យលើសពីកិច្ចព្រមព្រៀងក្នុងការពង្រឹងភាពជាដៃគូអន្តរជាតិឱ្យកាន់តែរឹងមាំ និងជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការប្រែក្លាយគោលបំណងរួមដ៏ឧត្តុង្គឧត្តមទៅជាសកម្មភាពជាក់ស្តែងប្រកបដោយប្រសិទ្ធភាព ដើម្បីផលប្រយោជន៍ជាក់ស្តែងដល់បងប្អូនកម្មករនិយោជិត សហគ្រាស និងជួយពង្រឹងមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរឹងមាំ។
ជាមួយនឹងការលើកឡើងពីជោគជ័យនៃគម្រោងក្នុងជំហានទីមួយ ឯកឧត្តមមានប្រសាសន៍ថា វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូប ដែលនៅតែបន្តដើរតួនាទីជាកម្លាំងស្នូលដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ការនាំចេញ មុខរបរនិងការងារ និងការអភិវឌ្ឍសង្គមកម្ពុជា កំពុងស្ថិតក្នុងដំណាក់កាលផ្លាស់ប្តូរយ៉ាងសំខាន់ ស្របពេលដែលទីផ្សារសកលកាន់តែផ្តោតលើនិរន្តរភាពបរិស្ថាន ស្តង់ដាការងារខ្ពស់ និងការធ្វើអាជីវកម្មប្រកបដោយការទទួលខុសត្រូវ។ រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកការលើកកម្ពស់ការងារសមរម្យ ផលិតភាព និរន្តរភាពបរិស្ថាន និងការអនុវត្តច្បាប់ ជាអាទិភាពស្នូលក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧។
ឯកឧត្តម ហេង សួរ បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូដ៏យូរអង្វែងជាមួយ GIZ ដែលលើសពីការគាំទ្រផ្នែកហិរញ្ញវត្ថុ ដោយផ្តោតលើការផ្លាស់ប្តូរចំណេះដឹង ការពង្រឹងស្ថាប័ន កិច្ចសន្ទនាគោលនយោបាយ និងការអភិវឌ្ឍសមត្ថភាព ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងប្រព័ន្ធអធិការកិច្ចការងារ សុវត្ថិភាពនិងសុខភាពការងារ ការលើកកម្ពស់ការធ្វើអាជីវកម្មប្រកបដោយការទទួលខុសត្រូវ និងការអភិវឌ្ឍកម្លាំងពលកម្ម ព្រមទាំងជួយកម្ពុជាត្រៀមខ្លួនឆ្លើយតបនឹងស្តង់ដាអន្តរជាតិថ្មីៗ។ ក្រសួងក៏បន្តពង្រឹងការអនុវត្តផ្នែកសុវត្ថិភាព និងសុខភាពការងារ ជំរុញការធ្វើបរិវត្តកម្មឌីជីថល និងពង្រឹងការត្រៀមខ្លួនក្នុងការឆ្លើយតបនឹងគោលការណ៍អន្តរជាតិ ដូចជា បរិស្ថាន សង្គមនិងអភិបាលកិច្ច (ESG) និងការត្រួតពិនិត្យភាពត្រឹមត្រូវផ្នែកសិទ្ធិមនុស្ស និងបរិស្ថាន (HREDD)។
ដើម្បីភាពជោគជ័យនៃគម្រោងនេះ គឺទាមទារឱ្យមានកិច្ចសហការយ៉ាងជិតស្និទ្ធរវាងស្ថាប័នរាជរដ្ឋាភិបាល និយោជក អង្គការតំណាងកម្មករនិយោជិត ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងក្រុមហ៊ុនម៉ាកល្បីៗអន្តរជាតិ។ តាមរយៈការប្តេជ្ញាចិត្ត និងភាពជាដៃគូរួម ឯកឧត្តមរដ្ឋមន្រ្តីជឿជាក់យ៉ាងមុតមាំថា គម្រោងនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់លក្ខខណ្ឌការងារ ពង្រឹងនិរន្តរភាពបរិស្ថាន ជំរុញការអនុវត្តអាជីវកម្មប្រកបដោយការទទួលខុសត្រូវ និងធានាឱ្យវិស័យនេះបន្តរក្សាបាននូវភាពប្រកួតប្រជែង និងភាពធន់នៅក្នុងទីផ្សារពិភពលោកសម្រាប់ផលប្រយោជន៍រួម។
ទន្ទឹមនេះ លោក Christof Weigelmeier មានប្រសាសន៍ថា អាល្លឺម៉ង់មានមោទនភាពក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាតាមរយៈគម្រោងដ៏សំខាន់នេះ ដើម្បីបន្តលើកកម្ពស់សិទ្ធិការងារ ស្តង់ដាបរិស្ថាន និងសង្គម ព្រមទាំងគាំទ្រការអភិវឌ្ឍវិស័យ GFT ដោយលោកគូសបញ្ជាក់ថា ការពង្រឹងស្តង់ដាបរិស្ថាន សង្គម សិទ្ធិមនុស្ស និងការត្រួតពិនិត្យអនុលោមភាពនឹងជួយបង្កើនភាពប្រកួតប្រជែងកម្ពុជាក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល។ លោកថ្លែងថា អាល្លឺម៉ង់ត្រៀមខ្លួនបន្តគាំទ្រគម្រោងនេះបន្ថែមទៀត និងប្តេជ្ញាបន្តធ្វើជាដៃគូដ៏រឹងមាំរបស់កម្ពុជាទាំងក្នុងដំណើរឆ្ពោះទៅការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច៕













-
PR NEWS3 days agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន7 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន7 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
ព័ត៌មាន5 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប
-
ព័ត៌មាន7 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
កីឡា3 days agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨