ព័ត៌មាន
កម្ពុជា និងអង្គការ WIPO ចុះអនុស្សរណៈយោគយល់គ្នាស្តីពីការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា
ក្នុងអំឡុងពេលអញ្ជើញចូលរួមកិច្ចសន្ទនាគោលនយោបាយក្រៅផ្លូវការថ្នាក់រដ្ឋមន្ត្រី នៃកិច្ចប្រជុំមហាសន្និបាតលើកទី៦៨ របស់សមាជិកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ហៅកាត់ វ៉ាយប៉ូ (WIPO) នៅប្រទេសស្វីស ក្រសួងពាណិជ្ជកម្មកម្ពុជា និងអង្គការ WIPO បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា សំដៅគាំទ្រដល់វិស័យឯកជន ក្នុងការយល់ដឹងពីសារៈប្រយោជន៍នៃកម្មសិទ្ធិបញ្ញា។
ផេកផ្លូវការរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ បានសសេរឱ្យដឹងថា ស្ថិតនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាជាមួយ ឯកឧត្តម Daren TANG អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) អំពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍកម្មសិទ្ធិបញ្ញារបស់កម្ពុជា និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចដែលផ្អែកលើនវានុវត្តន៍។
នាឱកាសនៃជំនួបនេះ លោកជំទាវរដ្ឋមន្ត្រី បានសម្តែងអំណរគុណចំពោះ អង្គការកម្មសិទ្ធិបញ្ញាពិភពលោក សម្រាប់កិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ និងជំនួយបច្ចេកទេសក្នុងការគាំទ្រការអភិវឌ្ឍកម្មសិទ្ធិបញ្ញានៅកម្ពុជា។ លោកជំទាវ ក៏បានគូសបញ្ជាក់ពីវឌ្ឍនភាពសំខាន់ៗ ដែលសម្រេចបានតាមរយៈការគាំទ្ររបស់ WIPO ក្នុងការពង្រឹងការងាររដ្ឋបាលរបស់កម្មសិទ្ធិបញ្ញា ការជំរុញការធ្វើបរិវត្តកម្មឌីជីថល ការលើកកម្ពស់នវានុវត្តន៍ និងសហគ្រិនភាព ការគាំទ្រសហគ្រាសធុនតូច និងមធ្យមតាមរយៈគំនិតផ្តួចផ្តើមកម្មសិទ្ធិបញ្ញា។
បើតាមក្រសួងពាណិជ្ជកម្ម ភាគីទាំងពីរ ក៏បានពិភាក្សាអំពី គម្រោងបច្ចេកវិទ្យាសមស្រប និងគម្រោងកម្មសិទ្ធិបញ្ញាសម្រាប់កសាងកេរ្តិឈ្មោះម៉ាកដើម្បីទាក់ទាញទេសចរណ៍ដែលបានអនុវត្តនៅកម្ពុជាប្រកបដោយជោគជ័យ ព្រមទាំងបានគូសបញ្ជាក់សារជាថ្មីពីការប្តេជ្ញារួមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ ព្រមទាំងធានាឱ្យកម្មសិទ្ធិបញ្ញាបន្តដើរតួនាទីជាកម្លាំងជំរុញនវានុវត្តន៍ សមត្ថភាពប្រកួតប្រជែង និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនៅកម្ពុជា។
បន្ទាប់នៃជំនួបនេះ លោកជំទាវរដ្ឋមន្ត្រី និងឯកឧត្តមអគ្គនាយកអង្គការ WIPO បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា (IPBC) សំដៅគាំទ្រដល់វិស័យឯកជន ក្នុងការយល់ដឹងពីសារៈប្រយោជន៍នៃកម្មសិទ្ធិបញ្ញា។ សូមជម្រាបជូនផងដែរថា កម្ពុជាគឺជាប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ដំបូងគេ ដែលចុះអនុស្សរណៈនៃការយោគយល់ខាងលើនេះ៕ អត្ថបទ៖ ឈិត បូរ៉ាវី





-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
-
ព័ត៌មាន6 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន5 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប