ព័ត៌មាន
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលកំពុងរៀបចំពង្រីកផ្លូវជាតិលេខ ៧បន្ថែមទៀតរហូតដល់ព្រំដែនកម្ពុជា-ឡាវ
ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ប្រវែង ៤៥,៤៨៩ គ.ម ចាប់ពីរង្វង់មូលស្គង់ដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦នេះ, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងរៀបចំពង្រីកផ្លូវជាតិលេខ ៧បន្ថែមទៀតរហូតដល់ព្រំដែនកម្ពុជា-ឡាវ ខណៈក្នុងពេលថ្មីនេះកម្ពុជា និងឡាវទើបតែចុះកិច្ចព្រមព្រៀងជាមួយគ្នាលើការដឹកញ្ជូនទំនិញកសិកម្មពីកម្ពុជាឆ្លងកាត់ប្រទេសឡាវ ដើម្បីយកទៅប្រទេសចិន។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់ថា ការតភ្ជាប់ផ្លូវជាតិរបស់កម្ពុជា ទៅកាន់ប្រទេសឡាវយនេះនឹងចូលរួមយ៉ាងខ្លាំងចំពោះការកាត់បន្ថយការចំណាយផ្នែកសេដ្ឋកិច្ច និងពេលវេលាសម្រាប់ប្រជាពលរដ្ឋលើវិស័យដឹងញ្ជូនទំនិញពីកម្ពុជាឆ្លងកាត់ប្រទេសឡាវទៅកាន់ប្រទេសចិន។
សម្ដេចធិបតី នាយករដ្ឋមន្ដ្រី បានលើកឡើងថា សមិទ្ធផលផ្លូវជាតិលេខ៧ គឺផ្ដើមចេញពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ក្នុងសាងសង់តម្លៃប្រមាណ ១១៧លានដុល្លារ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «នេះគឺជាការសម្រេចដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលអាណត្ដិមុន ដែលសម្ដេចតេជោ ជាអតីតនាយករដ្ឋមន្ដ្រី បានសម្រេចក្នុងការរៀបចំ»។
សម្ដេចធិបតីបានថ្លែងថា៖«ឥឡូវយើងកំពុងតែពង្រីកបន្ថែមទៀត (Upgraded) ហើយរុញទៅដល់ព្រំដែនឡាវឯណោះ។ ហើយថ្ងៃមុនក្រសួងកសិកម្មរបស់យើងក៏ធ្វើការជាមួយខាងឡាវ ដោយបានបើកច្រកបន្ថែមទៀតក្នុងការដឹកទំនិញទៅប្រទេសចិនឆ្លងកាត់ប្រទេសឡាវ, អីចឹងថ្ងៃក្រោយផ្លូវជាតិលេខ៧នេះ គឺជាច្រកផ្លូវសេដ្ឋកិច្ចសំខាន់»។
សូមបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ ៧ នឹងផ្តល់ប្រាក់ចំណេញផ្នែកសេដ្ឋកិច្ចក្នុងអត្រា ១៥,២៧% ដែលជាផលចំណេញទៅដល់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចមូលដ្ឋាន ពីការដឹកជញ្ជូន ចំណេញពេលវេលា និងការដឹកកសិផល។ កំណាត់ផ្លូវជាតិលេខ៧ ដែលត្រូវបានស្ថាបនាឡើងវិញរួចរាល់ និងត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់នាពេលនេះ មានប្រវែង ៤៥,៤៨៩គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ(AC) កម្រាស់ ៩សង់ទីម៉ែត្រ និងបេតុងសរសៃដែក កម្រាស់ ២៦សង់ទីម៉ែត្រ ដោយមានគន្លងផ្លូវធ្វើចរាចរណ៍ចំនួន ៤គន្លង។ ប្រើប្រាស់រយៈពេលសាងសង់ចំនួន ២៧ខែ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ដោយបានចំណាយថវិកាសរុបជាង ១១៧លានដុល្លារអាម៉េរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។
ការស្ថាបនាពង្រីកកំណាត់ផ្លូវជាតិនេះឡើងវិញ ដើម្បីប្រែក្លាយជាហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ឱ្យរឹងមាំ ធំទូលាយ សម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញ ជាពិសេសផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្ម រួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅក្នុងខេត្តកំពង់ចាម និងបណ្ដាខេត្តជាប់ព្រំប្រទល់ ដែលមានសក្តានុពលក្នុងការពង្រីកសកម្មភាពពាណិជ្ជកម្ម និងការផ្លាស់ប្ដូរទំនិញ របស់ប្រជាពលរដ្ឋ។ លើសពីនេះ កំណាត់ផ្លូវជាតិលេខ៧ ក៏មានតួនាទីសំខាន់ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ ដោយភ្ជាប់ការធ្វើដំណើរទៅកាន់ប្រាសាទបុរាណ រមណីយដ្ឋានធម្មជាតិ និងតំបន់វប្បធម៌ប្រវត្តិសាស្ត្រនានាក្នុងខេត្តកំពង់ចាម។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនេះ ស្របតាមសំណូមពរ និងតម្រូវការជាក់ស្តែងរបស់កម្ពុជា ក្នុងការពង្រឹង និងពង្រីកបណ្តាញដឹកជញ្ជូន ឆ្លើយតបទៅនឹងគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលផ្តោតលើការតភ្ជាប់ប្រកបដោយប្រសិទ្ធភាពទាំងក្នុងប្រទេស និងក្នុងតំបន់ ការលើកកម្ពស់ប្រព័ន្ធឡូជីស្ទីក និងការជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យស្របតាមការរីកចម្រើនរបស់កម្ពុជា និងសកលលោក៕














-
កីឡា7 days agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន5 days agoផ្សារខ្មែរ MSME HUB គឺជាមជ្ឈមណ្ឌលតភ្ជាប់ដ៏សំខាន់រវាងអ្នកផលិតទៅកាន់អ្នកប្រើប្រាស់
-
ព័ត៌មាន5 days agoប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក
-
ព័ត៌មាន1 day agoឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ផ្ទះបណ្តោះអាសន្នជំហានទី២ សម្រាប់ពលរដ្ឋភៀសសឹក ខេត្តឧត្តរមានជ័យ
-
ព័ត៌មាន1 week agoធនធានមច្ឆាជាតិក្នុងដែនទឹកខេត្តកំពង់ឆ្នាំងមានកំណើន ក្រោយយុទ្ធនាការបង្ក្រាបបទល្មើសយ៉ាងសកម្ម
-
កីឡា6 days agoក្រុមភ្នំពេញក្រោន ស្ថិតក្នុងពូលB នៃវគ្គជម្រុះបឋមពានបាល់ទាត់នារីទ្វីបអាស៊ី ឆ្នាំ២០២៦/២៧
-
ព័ត៌មាន2 days agoឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះសួរសុខទុក្ខពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងសាងសង់ផ្ទះបណ្តោះអាសន្នបន្ថែម ក្នុងខេត្តឧត្តរមានជ័យ
-
ព័ត៌មាន1 week agoជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ