ព័ត៌មាន
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច
នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ប្រវែង ៤៥,៤៨៩ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន នៅខេត្តកំពង់ចាម។
ថ្លែងក្នុងពិធីនោះ, សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម) នេះ បានចំណាយថវិកាសរុបជិត ១១៨ លានដុល្លារ ក្រោមក្របខ័ណ្ឌឥណទានសម្បទានពីរដ្ឋាភិបាលចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ ផ្អែកតាមការវាយតម្លៃផលចំណេញផ្នែកសេដ្ឋកិច្ច (Economic Internal Rate of Return) គម្រោងនេះនឹងផ្តល់ផលចំណេញខ្ពស់ក្នុងអត្រាប្រមាណ ១៥,២៧% ដែលជាផលចំណេញទទួលបានពីការកាត់បន្ថយពេលវេលាធ្វើដំណើរនិងការដឹកជញ្ជូន ព្រមទាំងជួយទាក់ទាញទេសចរ និងការបើកបង្កើតឧស្សាហកម្ម និង អាជីវកម្មផ្សេងៗ ជូនដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវនេះ។
ទន្ទឹមនឹងនេះ, រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ដោយបន្តផ្តល់អាទិភាពខ្ពស់ចំពោះការអភិវឌ្ឍប្រព័ន្ធផ្លូវថ្នល់, ផ្លូវដែក, ផ្លូវទឹក និងផ្លូវអាកាស ស្របតាមទិសស្លោក “មានផ្លូវ មានសង្ឃឹម” ។ ជាក់ស្តែង, កំណាត់ផ្លូវជាតិលេខ ៧ នេះនឹងតភ្ជាប់ជាមួយបណ្តាញផ្លូវជាតិ និងតំបន់ភូមិសាស្រ្តសំខាន់ៗ រួមមាន៖ ផ្លូវជាតិលេខ ៦, ៦០, ៧០, ៧១, ៧១សេ និងតភ្ជាប់ទៅកាន់ភូមិភាគឦសាន ព្រមទាំងបន្តធ្វើឱ្យប្រសើរឡើងរហូតដល់ព្រំដែនកម្ពុជា-ឡាវ។ ការតភ្ជាប់នេះកាន់តែមានសារៈសំខាន់ បន្ទាប់ពីកម្ពុជា និងឡាវ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ «ច្រករបៀងដឹកជញ្ជូនឆ្លងកាត់-Transit Transport Corridor», កាលពីថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២៦ កន្លងទៅ សម្រាប់នាំចេញ កសិផល និង ផលិតផលកសិ-ឧស្សាហកម្មកម្ពុជា ទៅកាន់ប្រទេសចិន តាមប្រទេសឡាវ ។
ក្នុងឱកាសនោះដែរ, សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ និង លិខិតបទដ្ឋានគតិយុត្តចាំបាច់នានា ដើម្បីគ្រប់គ្រងការអភិវឌ្ឍ និង ការអនុវត្តប្រព័ន្ធដឹកជញ្ជូន និង ឡូជីស្ទីកនៅកម្ពុជា ឱ្យកាន់តែប្រសើរ និង ឆ្លើយតបបានកាន់តែពេញលេញទៅនឹងតម្រូវការជាក់ស្តែងនៃការអភិវឌ្ឍជាតិ។ យោងតាម «ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និង ភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣», រាជរដ្ឋាភិបាលនឹងអភិវឌ្ឍមូលដ្ឋានឡូជីស្ទីកសំខាន់ៗចំនួន ១១ កន្លែងនៅទូទាំងប្រទេស។ ជាមួយគ្នានេះ, សម្ដេចធិបតីបានណែនាំឱ្យពង្រឹងយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ដើម្បីបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តគន្លឹះៗ, ទាំង ផ្លូវគោក, ផ្លូវដែក, ផ្លូវទឹក, កំពង់ផែ និង ផ្លូវអាកាស ជាពិសេសគម្រោងធ្វើទំនើបកម្មប្រព័ន្ធខ្សែផ្លូវរថភ្លើងដែលមានស្រាប់ (ភ្នំពេញ-ក្រុងព្រះសីហនុ) និងខ្សែផ្លូវរថភ្លើងថ្មី (ប៉ោយប៉ែត-សៀមរាប-ភ្នំពេញ), ការគិតគូរអភិវឌ្ឍផ្លូវល្បឿនលឿនបន្ថែម, គម្រោងព្រែកជីកហ្វូណនតេជោ ដែលនឹងតភ្ជាប់ដៃទន្លេមេគង្គ/ទន្លេសាប និងផ្លូវសមុទ្រ, ការរៀបចំអាកាសយានដ្ឋានអន្តរជាតិតេជោ និងការកសាងផែនការមេសម្រាប់ផែសមុទ្រ ដើម្បីប្រែក្លាយជាមជ្ឈមណ្ឌលភស្តុភាកម្មតំបន់។
មុននឹងបញ្ចប់, សម្ដេចធិបតីបានណែនាំឱ្យរៀបចំគោលនយោបាយ និងស្តង់ដារួមមួយ ក្នុងការអនុញ្ញាតទម្ងន់របស់រថយន្តដឹកជញ្ជូន ដើម្បីសម្រួលដល់អ្នកដឹកជញ្ជូនកសិផល ប៉ុន្តែត្រូវធានានូវគុណភាពផ្លូវកុំឱ្យខូច។ សម្ដេចធិបតីបានគូសបញ្ជាក់ផងដែរថា ច្បាប់ធ្វើឡើងមិនមែនដើម្បីកៀបក ប្រជាជនទេ ប៉ុន្តែសម្រាប់រក្សាតុល្យភាពឈ្នះ-ឈ្នះ ដោយច្បាប់ថ្មីបានតម្លើងកម្រិតដឹកទំនិញពី ៤០ តោន ទៅដល់ ៥០ តោន ដើម្បីសម្រួលដល់ការដឹកជញ្ជូន។ ជាមួយគ្នានេះ, សម្ដេចបានណែនាំក្រសួងសាធារណការ និងដឹកជញ្ជូន ពង្រឹងប្រសិទ្ធភាព និងតម្លាភាពរបស់ស្ថានីយជញ្ជីង ដើម្បីអនុវត្តច្បាប់តឹងរ៉ឹងចំពោះយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ សំដៅធានានូវការប្រកួតប្រជែងស្មើភាពគ្នា។
ជាទីបញ្ចប់, សម្ដេចធិបតីបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ និងរួមគ្នាថែរក្សាទ្រព្យសម្បត្តិជាតិ តាមរយៈការបើកបរក្នុងល្បឿនកំណត់ ប្រកបដោយការប្រុងប្រយ័ត្ន និងចៀសវាងការផ្ទុកលើសទម្ងន់ ដើម្បីថែរក្សានូវសមិទ្ធផលរួមនេះ ឱ្យបានយូរអង្វែង សម្រាប់ជាគុណប្រយោជន៍ដល់ប្រជាជន និងសេដ្ឋកិច្ចមូលដ្ឋាន៕









-
PR NEWS3 days agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន7 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន7 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
ព័ត៌មាន5 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប
-
ព័ត៌មាន7 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
កីឡា3 days agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨