Connect with us

ព័ត៌មាន

មន្រ្តីជំនាញក្រសួងបរិស្ថាន ចាត់វិធានការឱ្យឈប់មានការចាក់សំរាម នៅ​ទីលាន​ទុក​ដាក់​សំរាម​១​កន្លែង​នៅ​ក្នុង​ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បន្ទាប់ពីមានសំណល់រាវ ហូរចេញចូល​តំបន់​អូរ​ធម្មជាតិ

នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារអធិការកិច្ចនៃក្រសួងបរិស្ថាន ដោយ​មាន​ការ​ចូល​រួម​ពី​មន្ទីរបរិស្ថានខេត្តព្រះសីហនុ រដ្ឋបាលស្រុកស្ទឹងហាវ និងរដ្ឋបានឃុំកំពេញ បានចុះត្រួតពិនិត្យ ករណី​បង្កឲ្យត្រីងាប់ (ត្រីចិញ្ចឹមរបស់ប្រជាពលរដ្ឋ)។

ក្នុងការចុះពិនិត្យជាក់ស្តែង ក្រុមការងារបានរកឃើញថា ការចាក់សំណល់រឹងឧស្សាហកម្ម ដែល​ប្រតិបត្តិ​ដោយ​ក្រុមហ៊ុន Mi Ner Va Investment Co., Ltd. លើទីតាំងទុក​ដាក់​សំរាម​១​កន្លែង​នៅ​ក្នុង​មូល​ដ្ឋាន​ស្រុកស្ទឹងហាវ ដែលបានរៀបចំឡើង​ពុំ​សម​ស្រប​តាម​លក្ខ​ណៈ​បច្ចេក​ទេស​បរិស្ថាន​ និងសំណល់រាវលេចចេញ ប៉ះពល់ដល់អូរធម្មជាតិ និងជាមូល​ហេតុ​បណ្តាល​ឱ្យ​មាន​បញ្ហា​ត្រី​ងាប់​ខាងលើ។ ក្រុមការងារបានយកសំណាកទឹកមកពិនិត្យបន្ថែម នៅមន្ទីរ​ពិសោធន៍​របស់​ក្រសួង​ប​រិស្ថាន ដើម្បីតាមដាន ប៉ារ៉ាមែត្រនៃសាធាតុបំពុលទឹកបន្ថែមទៀតផងដែរ។

មន្រ្តីជំនាញក្រសួងបរិស្ថាន បានសហការជាមួយរដ្ឋបាលស្រុកស្ទឹងហាវ ចាត់​វិធាន​ការ​បញ្ឈប់​ការ​ចាក់​សំណល់ ​គ្រប់ប្រភេទនៅទីតាំងខាងលើ ចាប់ពីពេលនេះតទៅ ដោយត្រូវបង្វែរទៅ​ចាក់​នៅទី​តាំង​ផ្សេង​វិញ ដែលមានការអនុញ្ញាតត្រឹមត្រូវ។ ដើម្បីទប់ស្កាត់ការបំពុលបរិស្ថាន ជាបន្តទៀត ក្រុម​ការងារ បានបន្តអនុវត្តវិធានការច្បាប់ដោយតម្រូវឱ្យពិន័យអន្តរការណ៍ចំពោះក្រុមហ៊ុន Mi Ner Va Investment Co., Ltd. ដែលបានប្រមូលសំណល់រឹងស្សាហកម្ម ទៅចាក់​នៅ​ទី​តាំង​ខាង​លើ ​បង្កឲ្យមានបញ្ហាបំពុលបរិស្ថាន និងត្រីងាប់ និងតម្រូវឲ្យផ្តល់សំណងការខូចខាតដោយផ្ទាល់ និង​ដោយប្រយោល រួមនឹងការស្តារបរិស្ថានឡើងវិញ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia