Connect with us

ព័ត៌មាន

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបន្ត​អំពាវនាវគ្រប់ភាគីពាក់ព័ន្ធ​ចូលរួមយុទ្ធនាការផលិតផលជាតិ​

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបាននិងកំពុងខិតខំ​ផ្សព្វផ្សាយផលិតផលក្នុងស្រុក​ឱ្យចូលទៅលក់នៅក្នុងតាមបណ្តាផ្សារទំនើបតូចធំនានានៅទូទាំងប្រទេស តាមរយៈយុទ្ធនាការផលិតផលជាតិ #MadeInCambodia ដោយក្រសួងបន្តអំពាវនាវដល់​វិស័យឯកជនបន្ត​ចូលរួម​បន្ថែមទៀត ដើម្បីបើកទីផ្សារឱ្យផលិតផលរបស់​សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME) ​កាន់តែរីក​ធំឡើង។​

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបង្ហាញក្តីរីករាយដែលបានឃើញវិស័យឯកជនបានចូលរួមយ៉ាងផុលផុសក្នុងការ​ជំរុញផ្សព្វផ្សាយ​ផលិតផលជាតិ តាមរយៈយុទ្ធនាការផលិតផលជាតិ #Made​InCambodia ដែលក្រសួងពាណិជ្ជកម្ម​បានដាក់ឱ្យដំណើរការជាផ្លូវ​ការ​ កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៦។ យុទ្ធនាការនេះ មានគោលបំណងដើម្បី​ជំរុញឱ្យផលិតផលខ្មែរដែលមានគុណសម្បត្តិគ្រប់គ្រាន់​ បានចុះបញ្ជីនិង​អនុលោកភាពស្តង់ដារ​​ អាច​មានលទ្ធភាពឈានជើងចូលទៅដាក់តាំងលក់​ក្នុងផ្សារទំនើបនានា ដែលមានវត្តមាននៅទូទាំងប្រទេស​។​​

លោកជំទាវរដ្ឋមន្រ្តី បានកត់សម្គាល់ឃើញថា កាលពីចាប់ផ្តើមយុទ្ធនាការនេះដំបូងមានផ្សារទំនើប ម៉ាត និងមីនីម៉ាតនានា នៅតាម​បណ្តា​រាជធានី-ខេត្ត បាន​ចូលរួមចំនួនតែជាង ៣០០ទីតាំងប៉ុណ្ណោះ ប៉ុន្តែ រហូតមកដល់ពេលនេះ ចំនួននេះ បាន​កើនដល់ជាង ៦៣១ទីតាំង ដោយ​ចំនួននេះ បានកើនឡើងយ៉ាងឆាប់​រហ័សក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះ។ លោកជំទាវរដ្ឋមន្រ្តី ថ្លែងដូចនេះ បានធ្វើឡើង​នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលចែកចាយផលិតផលខ្មែរ “ផ្សារខ្មែរ MSME HUB (ទួលពង្រ)” កាលពីរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ។

ក្រសួងពាណិជ្ជកម្ម រំពឹងថា ការចូលរួមគ្រប់ភាគីពាក់ព័ន្ធ នឹងជួយពង្រីកទីផ្សារផលិតផលខ្មែរ បង្កើនភាពប្រកួតប្រជែងរបស់សហគ្រាសធុនតូច និងមធ្យម, លើកកម្ពស់តម្លៃបន្ថែមនៃផលិតផលក្នុងស្រុក, និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។ យុទ្ធនាការ #MadeInCambodia មានរយៈពេលមួយឆ្នាំពេញ ដែលគ្រោងនឹងបិទបញ្ចប់នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ​២០២៧ ខាងមុខនេះ៕

អត្ថបទ៖ ធូ វិរៈ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia